សាលាក្ដី​ខ្មែរ​ក្រហម​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី​១៦ តុលា

សាលាក្ដី​ខ្មែរ​ក្រហម​ចេញ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ជា​ថ្មី​ថា អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​បន្ត​ធ្វើ​សវនាការ​របស់​ខ្លួន​តាម​កាល​កំណត់​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ទី​២ ខែ​តុលា ថា រហូត​មក​ដល់​ពេល​នេះ សាលាក្ដី​ខ្មែរ​ក្រហម​ដំណើរការ​ជា​ធម្មតា ហើយ​គ្រប់​ភាគី​កំពុង​ត្រៀម​សម្រាប់​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា៖ «ភាគី​ពាក់ព័ន្ធ​នានា ទាំង​ចៅក្រម ទាំង​ព្រះរាជ​អាជ្ញា មេធាវី​ការពារ​ក្ដី​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ព្រម​ទាំង​ក្រុម​ការងារ​ការពារ​ក្ដី​ជន​ជាប់​ចោទ លោក ខៀវ សំផន និង​លោក នួន ជា កំពុង​តែ​ត្រៀម​ខ្លួន​នៅ​ក្នុង​ការ​រៀបចំ​ឯកសារ​ផ្សេងៗ ដើម្បី​ចូលរួម​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​ទៅ​លើ​សំណុំ​រឿង ០០២/០១ ដែល​ផ្ដោត​ទៅ​លើ​អង្គហេតុ​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​មាន​ការ​ជម្លៀស​ដោយ​បង្ខំ​ដំណាក់​កាល​ទី​មួយ និង​ទី​ពីរ ការ​សម្លាប់​ទាហាន លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់»

លោក នេត្រ ភក្ត្រា ថ្លែង​ទៀត​ថា សវនាការ​សាលា​ដំបូង ធ្វើ​សេចក្ដី​សន្និដ្ឋាន​ បិទ​បញ្ចប់​ការ​សួរ​ដេញដោល​លើ​សំណុំ​រឿង​លេខ ០០២ វគ្គ​ទី ១ នឹង​ចាប់​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។ បន្ទាប់​ពី​សវនាការ​នេះ​ទៅ ចៅក្រម​សាលា​ដំបូង​លោក​នឹង​យក​ពេល​វេលា​សរសេរ​សាលក្រម​ទី​មួយ នៅ​ក្នុង​សំណុំរឿង ០០២ នេះ ដែល​គេ​រំពឹង​ថា នឹង​អាច​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ក្នុង​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ ខាង​មុខ។

ទាក់ទង​នឹង​បញ្ហា​ថវិកា​វិញ លោក នេត្រ ភក្ត្រា ថ្លែង​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​ថា ខាង​ភាគី​ជាតិ​នៅ​តែ​ស្វែង​រក​ថវិកា​ជិត ២​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​បន្ត​ការងារ​របស់​ខ្លួន​រហូត​ដល់​ចុង​ឆ្នាំ​២០១៣ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។