សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ជាថ្មីថា ការប្រកាសសាលក្រមអំពីការជំនុំជម្រះក្ដីសំណុំរឿង ០០២ វគ្គ១ នឹងធ្វើតាមការកំណត់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ សីហា សប្ដាហ៍នេះ។
មន្ត្រីកិច្ចការសាធារណៈ នៃសាលាក្ដីខ្មែរក្រហម លោក ឡាស អូលសិន (Lars Olsen) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៥ សីហា ថា សាលក្រមនេះជាសាលក្រមប្រវត្តិសាស្ត្រលើកទី១ ដែលសាលាក្ដីប្រកាសប្រឆាំងអតីតមេដឹកនាំខ្មែរក្រហមថ្នាក់ជាតិ ២រូប គឺជនជាប់ចោទ នួន ជា អតីតប្រធានសភា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ប្រធានផ្នែកកិច្ចការសាធារណៈ នៃសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ ឱ្យដឹងថា ក្រៅពីមានពលរដ្ឋ មន្ត្រីអ្នកមុខអ្នកការ ការទូត អ្នកសារព័ត៌មានជាច្រើននាក់ចូលរួមតាមដានផ្ទាល់ សាលាក្ដីក៏នឹងផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ដែរ៖ «ថ្ងៃទី៧ ខែសីហា ជាថ្ងៃប្រវត្តិសាស្ត្រនេះ មានវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ នឹងធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះ ហើយយើងក៏បានត្រៀមក្រុមទាំងអស់ហើយ ដើម្បីធ្វើកិច្ចការនេះ។ ក្រៅពីហ្នឹង មានសាធារណជនជាតិ និងអន្តរជាតិជាច្រើនរូប នឹងចូលរួមដែរ។ មន្ត្រីថ្នាក់ដឹកនាំ អ្នកល្បីៗ ក៏នឹងមកចូលរួមក្នុងឱកាសនេះផងដែរ»។
សំណុំរឿង ០០២ វគ្គ១ ត្រូវបានជំនុំជម្រះចប់កាលពីចុងឆ្នាំ២០១៣ ដែលមានបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មានអំពើជាអាទិ៍ ទាក់ទងនឹងជម្លៀសប្រជាពលរដ្ឋចេញពីភ្នំពេញ និងតំបន់ផ្សេងៗ និងការសម្លាប់ទាហានរបបសាធារណរដ្ឋខ្មែរ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ ចន្លោះពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
