ចៅក្រម​​ផ្អាក​សវនាការ​បន្ទាប់​ជន​ជាប់​ចោទ នួន ជា និង​ខៀវ សំផន ដើរ​ចេញ​ពី​សវនាការ

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ផ្អាក​សវនាការ​ដោយសារ​មេធាវី​ជនជាប់ចោទ​ក្នុង​សំណុំ​រឿង ០០២ វគ្គ ២ ដើរ​ចេញ​ពី​សវនាការ នៅ​រសៀល​ថ្ងៃ​ទី​១៧ តុលា។ នៅ​ថ្ងៃ​ដដែល​នេះ ក៏​មាន​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ប្រមាណ ៤០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ច្រក​ចូល​សាលាក្ដី ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឱ្យ​មាន​សំណង​ជា​បុគ្គល។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម គឺ​លោក​ចៅក្រម និល ណុន សម្រេច​ប្រកាស​ផ្អាក​សវនាការ​របស់​ខ្លួន​មុន​ម៉ោង​កំណត់ បន្ទាប់​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ធ្វើ​ពហិការ ដោយ​ដើរ​ចេញ​ពី​បន្ទប់​សវនាការ។

លោក និល ណុន៖ «ដោយសារ​មេធាវី​ពហិការ​ចាកចេញ​ពី​សវនាការ គឺ​អង្គ​ជំនុំជម្រះ​មិន​អាច​ដំណើរ​ការ​តទៅ​ទៀត​បាន​ទេ ដូច្នេះ អង្គ​ជម្រះ​ប្រកាស​ផ្អាក​សវនាការ​ថ្ងៃ​នេះ​ត្រឹម​នេះ ហើយ​សវនាការ​នឹង​លើក​ទៅ​បន្ត​នៅ​ពេល​ក្រោយ ដែល​អង្គ​ជម្រះ​នឹង​ជម្រាប​ជូន​ដំណឹង​ដល់​ភាគី និង​សាធារណជន​បាន​ជ្រាប​នៅ​ក្រោយ​កិច្ច​ប្រជុំ​រៀបចំ​សវនាការ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៤ អាទិត្យ​ក្រោយ​នេះ»

ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​​ទាំង​ពីរ​ក្រុម បាន​ដើរ​ចេញ​ពី​សាល​សវនាការ​ដែល​ប្រព្រឹត្ត​ទៅ​បាន​រយៈ​ពេល​ជាង​មួយ​ម៉ោង នៅ​ពេល​រសៀល​​ថ្ងៃ​ទី​១៧ តុលា គឺ​ភ្លាមៗ បន្ទាប់​ពី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន បញ្ចប់​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ដោយ​ពាក្យ​ថា​ជម្រាប​លា៖ «យើង​ក៏​គ្មាន​អ្វី​ស្នើសុំ​ទៀត​ដែរ ដោយ​ហេតុ​ថា អង្គ​ជំនុំជម្រះ​បាន​សម្រេច​កាល​ពី​ម្សិលមិញរួច​ហើយ ក្នុង​ការ​បដិសេធ​សំណើ​ជា​បន្ទាន់​របស់​យើង ដើម្បី​លើក​ពេល​វេលា​សវនាការ​នេះ។ ហេតុ​ដូច្នេះ ខ្ញុំ​ជា​ចុង​ក្រោយ​សុំ​ជម្រាប​លា​អង្គ​ជំនុំជម្រះ​ចាប់​ពី​ពេល​នេះ​ទៅ ហើយ​យើង​ខ្ញុំ​សុំ​ចាកចេញ​ពី​បន្ទប់​នេះ ដើម្បី​ទៅ​រៀបចំ​បណ្ដឹង​សាទុក្ខ។ សុំ​អរគុណ»

ចាប់​តាំង​ពី​ពេល​បញ្ចប់​សំណុំរឿង ០០២ វគ្គ ១ មក ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន តែង​តែ​ស្នើសុំ​ឱ្យ​សាលាក្ដី​ខ្មែរ​ក្រហម​សម្រេច​លើ​សំណុំរឿង ០០២ វគ្គ ១ ឱ្យ​ចប់​សព្វ​គ្រប់​សិន មុន​នឹង​ចាប់​ផ្ដើម​សំណុំរឿង ០០២ វគ្គ ២ ពីព្រោះ​ភាគី​លោក​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការ​លើ​សំណុំរឿង​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ សំណុំរឿង ០០២ វគ្គ ១ កំពុង​នៅ​ក្នុង​ដំណាក់​កាល​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ដោយ​ភាគី​ពិរុទ្ធ​ជន​នៅ​ឡើយ។ មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន លោក គង់ សំអុន ថ្លែង​ជូន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ដោយ​ប្រៀបធៀប​ថា ការ​ចាប់​ផ្ដើម​ធ្វើ​សវនាការ​លើ​សំណុំរឿង ០០២ វគ្គ ២ នៅ​ពេល​ដែល​បណ្ដឹង​សាទុក្ខ​សំណុំរឿង ០០២ វគ្គ ១ មិន​ទាន់​ចប់​សព្វ​គ្រប់ ដូច​គ្នា​នឹង​ការ​ចាប់​ត្រី​ពីរ​ដោយ​ដៃ​មួយ​ដែរ។

នៅ​មុន​នេះ​បន្តិច ជន​ជាប់​ចោទ ខៀវ សំផន ប្រកាស​ជា​ឱឡារិក​ថា គាត់​គ្មាន​បំណង​ចូលរួម​សវនាការ​សំណុំរឿង ០០២ វគ្គ ២ ទេ ព្រោះ​គាត់​ត្រូវ​ចំណាយ​ពេល​ការពារ​ក្ដី​ក្នុង​បណ្ដឹង​សាទុក្ខ​របស់​គាត់៖ «ខ្ញុំ​មិន​មាន​បំណង​មក​ចូលរួម​សវនាការ​ទេ។ បើ​តុលាការ​បង្ខំ​ឱ្យ​ខ្ញុំ​ចូលរួម​សវនាការ ជា​ការ​ពិត​ហើយ​ខ្ញុំ​មិន​អាច​ប្រឆាំង​បាន​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ឱ្យ​មាន​ការ​កត់​ត្រា​ក្នុង​កំណត់​ហេតុ​ឱ្យ​ច្បាស់លាស់​ថា រាល់​ថ្ងៃ​ខ្ញុំ​ត្រូវ​មាន​មុខ​នៅ​ទី​នេះ គឺ​ដោយ​មាន​ការ​បង្ខិតបង្ខំ ហើយ​នេះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​របស់​ខ្ញុំ ដែល​ខ្ញុំ​ត្រូវ​មាន ដើម្បី​ចូលរួម​ធ្វើ​ការ​ក្នុង​រៀបចំ​សារណា​បណ្ដឹង​ឧទ្ធរណ៍​របស់​ខ្ញុំ រហូត​ដល់​ត្រូវ​បាន​យក​ទៅ​ដាក់​នោះ»។

ជន​ជាប់​ចោទ នួន ជា ថ្លែង​ទៅ​ចៅក្រម​អង្គ​ជំនុំជម្រះ​សាលាដំបូង​ថា លោក​បាន​ប្ដឹង​ដិត​ចិត្ត​ឱ្យ​ដូរ​ចៅក្រម​ហើយ ព្រោះ​ចៅក្រម​ទាំង​នោះ​មិន​មាន​លក្ខណៈ​សម្បត្តិ ដើម្បី​សម្រេច​លើ​រឿងក្ដី​របស់​គាត់​ទៀត​ទេ ដោយសារ​មិន​មាន​ឯករាជ្យ ហើយ​​លម្អៀង​ដូច​តុលាការ​ជាតិ ដែល​ធ្វើ​ការ​ក្រោម​រដ្ឋាភិបាល​ដោយ​ភាព​ភ័យ​ខ្លាច​ដែរ។

ជន​ជាប់​ចោទ នួន ជា សុំ​ឱ្យ​តុលាការ​បញ្ឈប់​សវនាការ ០០២ វគ្គ ២ សិន​មុន​នឹង​មាន​សេចក្ដី​សម្រេច​អំពី​បណ្ដឹង​ដិត​ចិត្ត​របស់​លោក៖ «ប្រសិនបើ​ចៅក្រម​មិន​ផ្អាក​សវនាការ​ក្នុង​ពេល​បណ្ដឹង​ដិតចិត្ត​កំពុង​ពិនិត្យ និង​សម្រេច​នោះ លោក​ចៅក្រម​ធ្វើ​ឱ្យ​ខ្ញុំ​គ្មាន​ជម្រើស​ផ្សេង​ទេ។ ខ្ញុំ​សុំ​ណែនាំ និង​ស្នើសុំ​ឱ្យ​មេធាវី​របស់​ខ្ញុំ​ឱ្យ​ចេញ​ពី​បន្ទប់​សវនាការ បន្ទាប់​ពី​លោក ខៀវ សំផន ប្រកាស​ពី​ជំហរ​របស់​គាត់ ហើយ​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​រាល់​សវនាការ​នា​ពេល​ខាង​មុខ​នៃ​សវនាការ​លើក​ទី​ពីរ​នេះ រហូត​ដល់​បណ្ដឹង​ដិត​ចិត្ត​ត្រូវ​បាន​សម្រេច»។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា អង្គ​ជំនុំជម្រះ​នឹង​សម្រេច​អំពី​ការ​ប្រព្រឹត្ត​ពហិការ​របស់​ក្រុម​មេធាវី​ទាំង​ពីរ​ក្រុម​នៅ​ពេល​ខាង​មុខ។

សវនាការ​បន្ត​របស់​សាលា​ដំបូង​នៅ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ ហើយ​នៅ​ថ្ងៃ​ទី ២១ តុលា​ខាង​មុខ​នេះ អង្គ​ជំនុំជម្រះ​នឹង​មាន​កិច្ច​ប្រជុំ ដើម្បី​រៀបចំ​សវនាការ​ជា​បន្ត​ទៀត។

ស្រប​ពេល​ដែល​សវនាការ​​សាលាដំបូង​កំពុង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​១៧ តុលា នៅ​ឯ​ច្រក​ចូល​ខាង​ក្រៅ​សាលាក្ដី​វិញ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ប្រមាណ ៤០០ នាក់ នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ចៅក្រម​សាលា​ដំបូង ដោយ​ទាមទារ​ឱ្យ​មាន​បញ្ចូល​សំណង​ជា​បុគ្គល​សម្រាប់​ពួក​គាត់ ក្នុង​ម្នាក់ ១៣.៥០០ ដុល្លារ។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​​មួយ​រូប គឺ​លោក ប៊ុន ណែត ថ្លែង​នៅ​បន្ទាប់​ពី​ការ​ដាក់​ញត្តិ​នៅ​សាលាក្ដី​ថា លោក​នឹង​តស៊ូ​មតិ​ជាមួយ​សាលាក្ដី​រហូត​ដល់​មាន​សំណង​ជា​បុគ្គល។

លោក ប៊ុន ណែត៖ «ពិសេស​គ្រាន់​តែ​ថា សំណូមពរ​ឱ្យ​សាលាក្ដី​មួយ​នេះ សូម​លោក​មេត្តា​ជួយ​ពន្លឿន​នូវ​ញត្តិ​របស់​ខ្ញុំ​បាទ​ជា​ដើម​បណ្ដឹង​ទាមទារ​សំណង​ជា​បុគ្គល​នេះ សូម​លោក​ជួយ​ពន្លឿន។ កាល​ណា​បើ​សិន​ជា​សំណង​របស់​យើង​ខ្ញុំ​មិន​បាន​ហើយ គឺ​ខ្ញុំ​នឹង​តស៊ូ​មតិ​ជា​បន្ត​ទៀត និង​រក​យុទ្ធ​វិធី​យុទ្ធសាស្ត្រ​យ៉ាង​ម៉េច​ឱ្យ​តុលាការ​មួយ​នេះ មាន​ការ​សង​ជា​សំណង​ជា​បុគ្គល​ដល់​យើង​ខ្ញុំ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី»

បន្ទាប់​ពី​ដាក់​ញត្តិ​នៅ​សាលាក្ដី​ខ្មែរក្រហម ដើម​បណ្ដឹង​រដ្ឋប្បវេណី​នាំ​គ្នា​ទៅ​ដាក់​នៅ​ស្ថាប័ន​នានា មួយ​ចំនួន​ទៀត ដូច​ជា ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ស្ថានទូត​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ អង់គ្លេស និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។