កិច្ចដំណើរការសវនាការរបស់សាលាដំបូង ចាប់តាំងពីថ្ងៃច័ន្ទ ទី១០ ដល់ថ្ងៃទី១២ មិថុនា សប្ដាហ៍នេះ ជាសវនាការមួយដែលអង្គជំនុំជម្រះសាលាដំបូងកោះហៅសាច់ញាតិរបស់ជនជាប់ចោទ ខៀវ សំផន ឱ្យមកឆ្លើយបំភ្លឺនៅចំពោះមុខអង្គជំនុំជម្រះ។ សាច់ញាតិដែលជាកូនប្រសា និងប្រពន្ធជនជាប់ចោទ សុទ្ធតែបានអះអាងថា ជនជាប់ចោទ ខៀវ សំផន ជាមនុស្សល្អ និងស្អាតស្អំ។
សាក្សីឈ្មោះ សូ សុជាតិ ដែលជាប្រពន្ធជនជាប់ចោទ ខៀវ សំផន បានជម្រាបអង្គជំនុំជម្រះសាលាដំបូងសាលាក្ដីខ្មែរក្រហមថា ជនជាប់ចោទ ខៀវ សំផន មិនបានប្រព្រឹត្តអំពើអាក្រក់ចាប់ចងកាប់សម្លាប់ប្រជាពលរដ្ឋដូចការចោទប្រកាន់ទេ នៅក្នុងពេលដែលលោកចូលរួមដឹកនាំប្រទេសរយៈពេលជាងបីឆ្នាំ។
ប្រពន្ធជនជាប់ចោទ ខៀវ សំផន ក្នុងវ័យ ៦២ឆ្នាំ ដែលរៀបការ និងរស់នៅជាមួយជនជាប់ចោទ ខៀវ សំផន នៅឆ្នាំ១៩៧២ មក ថ្លែងថា ធានាចំពោះអង្គសវនាការថា ជនជាប់ចោទ ខៀវ សំផន ជាកំពូលប្ដីដ៏ល្អរបស់លោកស្រី និងជាកំពូលអ្នកដឹកនាំស្អាតស្អំ ស្មោះត្រង់ជាតិ និងមិនលោភលន់ ដោយប្រៀបធៀបទៅនឹងអ្នកដឹកនាំដទៃទៀត៖ «នៅក្នុងប្រុសទាំងអស់ ខ្ញុំឃើញប្ដីខ្ញុំល្អជាងគេ។ ជាពិសេសសីលធម៌ គុណធម៌ មិនដែលធ្វើឱ្យខ្ញុំពិបាកចិត្តដោយសារអំពើអីមួយ គឺអត់ទេ។ ហើយស្មោះត្រង់ក្នុងមួយជីវិតនេះ គឺថាគ្មានបុព្វសិទ្ធិអីទាំងអស់ សូម្បីតែផ្ទះ សូម្បីតែរបស់របរប្រើប្រាស់ សូម្បីតែឡានដែលអ្នកដឹកនាំទាំងអស់មានឡានមានផ្ទះមានសម្បែងគេស្អាតៗ ប្ដីខ្ញុំអត់ទេ។ មួយជីវិតស្មោះត្រង់ គឺត្រង់តែម្ដង។ ត្រង់នេះហើយខ្ញុំជឿជាក់ប្ដីខ្ញុំ គឺមិនមែនជាអ្នកឃោរឃៅ កាប់សម្លាប់ដើរចាប់ដើរចងគេឯងនោះទេ។ ខ្ញុំសុំធានា»។
ទោះជាលោកស្រី សូ សុជាតិ ផ្ដល់សក្ខីកម្មអំពីអត្តចរិត និងភាពស្អាតស្អំរបស់ជនជាប់ចោទ ខៀវ សំផន ក្នុងតួនាទីជាស្វាមី និងអ្នកដឹកនាំមួយរូបនៃរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្ដី ក៏នៅក្នុងសវនាការបន្តបន្ទាប់មកទៀត ដែលសួរដេញដោលដោយសហព្រះរាជអាជ្ញា លោកស្រី សូ សុជាតិ មិនបានផ្ដល់ចម្លើយច្រើនវិជ្ជមានច្រើនទេ ទាក់ទងនឹងការងាររបស់ប្ដីលោកស្រី ចាប់តាំងពីក្នុងអំឡុងពេលតស៊ូ រហូតដល់ថ្ងៃរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ។
លោកស្រីឆ្លើយភាគច្រើនបំផុត គឺមិនដឹងអ្វីទាំងអស់។ ការបដិសេធមិនដឹងអំពីព្រឹត្តិការណ៍ទាក់ទងនឹងជនជាប់ចោទ ខៀវ សំផន និងមេដឹកនាំមួយចំនួនទៀត ធ្វើឱ្យសហព្រះរាជអាជ្ញាដាក់ចំណោទឡើងថា លោកស្រី សូ សុជាតិ មិនស្មោះត្រង់ ហើយជាការប៉ុនប៉ងដ៏អាក្រក់មួយ កុហកតុលាការដើម្បីបំភ័ន្តចៅក្រម។
ឆ្លើយតបចំណោទនេះ លោកស្រី សូ សុជាតិ លើកហេតុផលថា ការមិនដឹងនេះ គឺព្រោះតែម្យ៉ាងគាត់មិនចាប់អារម្មណ៍ ព្រោះគាត់រវល់នឹងការងារដាំស្លនៅផ្ទះបាយ និងម្យ៉ាងទៀត គឺត្រូវគោរពវិន័យលាក់ការណ៍សម្ងាត់របស់បដិវត្តន៍ ដែលជាវិន័យសំខាន់សម្រាប់លោកស្រី។
បន្ថែមលើការលើកឡើងរបស់សហព្រះរាជអាជ្ញា នៅថ្ងៃទី១២ ខែមិថុនា បន្ទាប់ពីការសួរដេញដោលសាក្សី សូ សុជាតិ រួចហើយ មេធាវីនាំមុខអន្តរជាតិការពារដើមបណ្ដឹងរដ្ឋប្បវេណី គឺអ្នកស្រី អេលីហ្សាប៊ែត ស៊ីម៉ូណូ ហ្វត (Elizabeth Simoneau Fort) ថ្លែងថា សាក្សី សូ សុជាតិ ផ្ដល់ចម្លើយមិនស្មោះត្រង់ចំពោះតុលាការទេ៖ «ខ្ញុំដឹងថា លោកស្រីបានយល់សំណួរខ្ញុំច្បាស់ហើយអម្បាញ់មិញនេះ។ អ៊ីចឹងខ្ញុំគាំទ្រសហព្រះរាជអាជ្ញាដូចកាលពីម្សិលមិញថា ដោយគួរសមខ្ញុំចង់និយាយថា លោកស្រីមិននិយាយការពិតជូនតុលាការទេ»។
សាក្សី សូ សុជាតិ ជាអ្នកទទួលបន្ទុកដាំស្លសម្រាប់មេដឹកនាំជាន់ខ្ពស់របបកម្ពុជាប្រជាធិបតេយ្យ ជាមួយប្រពន្ធជនជាប់ចោទ នួន ជា។ លោកស្រីថ្លែងថា លោកស្រីមិនដែលស្ដាប់សេចក្ដីថ្លែងការណ៍របស់ប្ដីលោកស្រីទេ ព្រោះមិនមានវិទ្យុស្ដាប់ ហើយរវល់នឹងការងារដាំស្ល។
បើទោះកាលពីថ្ងៃច័ន្ទ លោកស្រី សូ សុជាតិ ថ្លែងថា ជនជាប់ចោទ ខៀវ សំផន ជាអ្នកដឹកនាំស្អាតស្អំក្ដី ក៏នៅថ្ងៃពុធ ទី១២ ពេលដែលមេធាវីនាំមុខការពារដើមបណ្ដឹងរដ្ឋប្បវេណី សួរអំពីមុខតំណែងការងាររបស់ប្ដីលោកស្រី សាក្សី សូ សុជាតិ ថ្លែងថា ក្នុងពេលវេលាជាហូរហែមក លោកស្រីមិនស្មានថា ប្ដីលោកស្រីជាអ្នកធំទេ។
មុននឹងបញ្ចប់សក្ខីកម្មរបស់ខ្លួន សាក្សី សូ សុជាតិ ថ្លែងបញ្ជាក់ម្ដងទៀតថា ជនជាប់ចោទ ខៀវ សំផន ជាមនុស្សល្អត្រឹមត្រូវ៖ «មុននឹងបញ្ចប់ខ្ញុំសុំរំឭកថា ទោះបីជាលោកចៅក្រម លោកព្រះរាជអាជ្ញា លោកតុលាការ មានការចោទមកលើប្ដីខ្ញុំ ត្រូវចាប់ត្រូវកាត់ទោសយ៉ាងណាក៏ដោយ តែខ្ញុំជាប្រពន្ធ គឺនៅតែជឿទុកចិត្តលើប្ដីខ្ញុំជាមនុស្សល្អត្រឹមត្រូវ ពីព្រោះរស់នៅក្នុងរយៈជាង ៣០ឆ្នាំមកនេះ ខ្ញុំស្គាល់ប្ដីខ្ញុំ ស្គាល់អត្តចរិត ស្គាល់ឫកពា គឺមិនមែនជាមនុស្សស្វែងរកលាភសក្ការៈ ស្វែងរកមុខមាត់បុណ្យសក្តិ ស្វែងរកអំណាចអាជ្ញានោះទេ។ ក៏មិនមែនជាមនុស្សកាចសាហាវឃោរឃៅ ដើរចាប់ចងកាប់សម្លាប់នោះដែរ»។
មុននឹងបិទសវនាការនៅថ្ងៃពុធ ដដែលនោះ មានការជំទាស់តវ៉ាគ្នារឿងនីតិវិធីមួយ រវាងសហព្រះរាជអាជ្ញា និងមេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន ហើយសហព្រះរាជអាជ្ញា សុំទៅតុលាការដាក់វិន័យលើមេធាវីជាតិការពារក្ដីជនជាប់ចោទ ខៀវ សំផន គឺលោក គង់ សំអុន ទៀតផង។ សហព្រះរាជអាជ្ញាចាត់ទុកថា មេធាវី គង់ សំអុន រំខានដោយចេតនាក្នុងកិច្ចដំណើរការរបស់តុលាការ ព្រោះតែជំទាស់ព្រះរាជអាជ្ញា ពេលសួរសាក្សី ហើយពន្យល់ន័យសក្ខីកម្មជំនួសសាក្សី៖ «ខ្ញុំស្នើតុលាការថា ទីមួយ គប្បីតុលាការបដិសេធចំពោះការជំទាស់បដិសេធរបស់គាត់ ឬក៏ដាក់ទណ្ឌកម្មទៅលើគាត់ ហើយនិងកត់ត្រានៅក្នុងកំណត់ត្រាតុលាការពីអាកប្បកិរិយានេះ។ សំណើទីពីរ គឺកាយវិការរបស់គាត់ គប្បីបញ្ជូនទៅគណៈមេធាវីនៃព្រះរាជាណាចក្រដោយអង្គជំនុំជម្រះនេះ។ សំណើទីបីរបស់ខ្ញុំ សុំតុលាការព្រមានជាផ្លូវការដោយតុលាការនេះ នៅក្នុងពាក្យសាមញ្ញរបស់តុលាការ បញ្ជាក់អំពីការរំខានដដែលៗ និងត្រូវដកគាត់ចេញដំណើរការនីតិវិធីនេះ»។
មេធាវី គង់ សំអុន មានប្រសាសន៍ថា ការងារលោកជាមេធាវី គឺត្រូវពិនិត្យមើលភាពត្រឹមត្រូវនៃដំណើរការនីតិវិធីទាំងអង្គហេតុ និងអង្គច្បាប់ ហើយត្រូវជំទាស់ និងផ្ដល់យោបល់ដូច្នេះ៖ «ចំណុចនេះ វាអត់មានអីជាចំណុចថ្មី ដែលធ្វើឱ្យខ្ញុំនាំសាក្សីទៅនិយាយអ្វីដែលខុសទេ។ គឺចំណុចដែលខ្ញុំកែប្រែ កែប្រែការលើករបស់សហព្រះរាជអាជ្ញាមិនត្រឹមត្រូវ។ គឺគាត់លើកនូវអង្គហេតុមួយខុស ដែលធ្វើឱ្យសាក្សីយល់ច្រឡំ។ ចំណុចនេះហើយដែលធ្វើឱ្យខ្ញុំត្រូវតវ៉ា»។
មេធាវីអន្តរជាតិការពារក្ដីជនជាប់ចោទ ខៀវ សំផន គឺលោក អាទ័រ វែរកិន (Arthur Vercken) ថ្លែងថា សំណើសុំរបស់សហព្រះរាជអាជ្ញាឱ្យមានការដាក់ទណ្ឌកម្មចំពោះការជំទាស់របស់មេធាវី គឺជាការគួរឱ្យអស់សំណើច៖ «ថាភាគីទាំងអស់និយាយសុំដាក់ឱ្យការជំទាស់រាល់ដងមានការពិន័យនេះ តុលាការនេះរលាយបាត់ទៅហើយ ព្រោះថារាល់ដងត្រូវតែចេញសេចក្ដីសម្រេច។ អ៊ីចឹងខ្ញុំគិតថា គួរឱ្យអស់សំណើចដែលមានការប៉ុនប៉ងសុំបំភិតបំភ័យនេះ»។
សវនាការនៅក្នុងសប្ដាហ៍នេះ អង្គជំនុំជម្រះសាលាដំបូងក៏បានស្ដាប់សក្ខីកម្មរបស់សាក្សីរូបទៀតដែរ ដែលមានឈ្មោះថា ស៊ឹម ហោ ជាអតីតយោធាភូមិភាគឧត្ដរមួយរូប។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សាក្សី ស៊ឹម ហោ ជាកម្មករលីសែងឥវ៉ាន់នៅផែកំពង់សោម និងក្រុងភ្នំពេញ ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។ សាក្សីរូបនេះ ត្រូវបានអង្គជំនុំជម្រះសួរដេញដោលជុំវិញវត្តមាន និងតួនាទីជនជាប់ចោទ ខៀវ សំផន នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោក ស៊ឹម ហោ បញ្ជាក់ថា លោកធ្លាប់ឃើញជនជាប់ចោទ ខៀវ សំផន ចុះទៅបញ្ជាកម្មករពេលកំពុងធ្វើការ។
អង្គជំនុំជម្រះសាលាដំបូងកំពុងដំណើរការសំណុំរឿងក្ដីលេខ ០០២ វគ្គ ១ ដែលផ្ដោតលើបញ្ហាជម្លៀសពលរដ្ឋដោយបង្ខំ និងការសម្លាប់ទាហាន លន់ នល់ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ នៅឆ្នាំ១៩៧៥។ ទាក់ទងនឹងការសម្លាប់ ភាគីទាំងអស់កំពុងស្នើសុំឱ្យសាលាដំបូងកោះហៅសាក្សីចំនួន ១៧រូបទៀត ឱ្យមកផ្ដល់សក្ខីកម្មនៅពេលបន្តបន្ទាប់ខាងមុខ។ ប្រធានសាលាដំបូងលោកចៅក្រម និល ណុន មិនសម្រេចយ៉ាងណាទេចំពោះសំណើនេះ។
សវនាការសាលាដំបូងលើសំណុំរឿងលេខ ០០២ វគ្គ ១ នឹងត្រូវបន្តនៅថ្ងៃច័ន្ទ ទី១៧ មិថុនា សប្ដាហ៍ក្រោយទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
