សង្ខេប​ព្រឹត្តិការណ៍​ប្រចាំ​សប្ដាហ៍​សាលា​ក្ដី​ខ្មែរ​ក្រហម

សវនាការ​របស់​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ ទី១៥ ត្រូវ​បាន​ផ្អាក​ប្រចាំ​សប្ដាហ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​កក្កដា ឆ្នាំ​២០១៣។ សវនាការ​នៅ​ក្នុង​សប្ដាហ៍​នេះ គឺ​មាន​ទាំង​ការ​ស្ដាប់​សាក្សី​ផង និង​ការ​ជជែក​គ្នា​សំណើ​សុំ​ដាក់​ឯកសារ​ភស្តុតាង​ថ្មី​របស់​មេធាវី​ជន​ជាប់​ចោទ​ផង។

0:00 / 0:00

សវនាការ​សាលា​ក្ដី​ខ្មែរ​ក្រហម ចាប់​តាំង​ពី​ច័ន្ទ ទី១៥ កក្កដា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី ឈ្មោះ ស្ទីវ ហេដឌ័រ (Steve Heder) បន្ត​ពី​សប្ដាហ៍​មុន។ សាក្សី ស្ទីវ ហេដឌ័រ ជា​អ្នក​ស្រាវជ្រាវ​ទាក់ទង​នឹង​បញ្ហា​ខ្មែរ​ក្រហម ចាប់​តាំង​ពី​ឆ្នាំ​១៩៧៣។ លោក​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ទាក់ទង​នឹង​មេ​ដឹកនាំ​ខ្មែរ​ក្រហម ដែល​មាន​ចំណង​ជើង​ថា បេក្ខជន ៧​រូប សម្រាប់​នាំ​មក​ជំនុំ​ជម្រះ​ទោស។

សាក្សី ឈ្មោះ ស្ទីវ ហេដឌ័រ ត្រូវ​បាន​ភាគី​សួរ​ដេញដោល​អំពី​ព័ត៌មាន​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​លោក​បាន​ដឹង​ឮ និង​តាម​រយៈ​ការ​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ។

ដោយ​ឡែក សវនាការ​កាល​ពី​ថ្ងៃ​ច័ន្ទ នោះ​ដែរ សាលា​ដំបូង​បាន​ផ្ដល់​ឱកាស​ដល់​ភាគី​សហ​ព្រះរាជ​អាជ្ញា និង​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដើម្បី​ឆ្លើយ​តប​ចំពោះ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា ដែល​ស្នើសុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ទទួល​យក​ភស្តុតាង​ថ្មី​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី១០ កក្កដា សប្ដាហ៍​កន្លង​ទៅ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក វីកទ័រ កូប៉េ (Victor Koppe) ដាក់​សំណើ​សុំ​ចំនួន​៣ ទៅ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង គឺ​ទី​មួយ ឱ្យ​ទទួល​យក​សារ​អ៊ីម៉ែល របស់​អ្នក​ផលិត​ភាពយន្ត​ទាក់ទង​នឹង​ខ្មែរ​ក្រហម ធ្វើ​ជា​ភស្តុតាង​ថ្មី។ ទី​ពីរ ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម និង​ទី​បី ស្នើសុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​កោះ​ហៅ​សាក្សី​ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ត​នោះ ឱ្យ​មក​ផ្ដល់​សក្ខីកម្ម​ដល់​អង្គ​ជំនុំ​ជម្រះ។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ផ្ទាល់​មាត់​នោះ សហ​ព្រះរាជ​អាជ្ញា​បាន​ជំទាស់​ទៅ​នឹង​សំណើ​សុំ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ភាគី​ខ្លួន​ជំទាស់​ទៅ​នឹង​សំណើ​សុំ​ពីរ​ក្នុង​ចំណោម​សំណើ​សុំ​ទាំង​បី​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា៖ «ជា​ពិសេស យើង​ខ្ញុំ​ជំទាស់​ការ​ស្នើសុំ​ឱ្យ​ទទួល​យក​អ៊ីម៉ែល ហើយ​យើង​ខ្ញុំ​សុំ​ជំទាស់​ការ​ស្នើសុំ​សាក្សី ធី.ស៊ី.ដាបលយូ ៣៨២ (TCW 382) ឱ្យ​មក​ផ្ដល់​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី»

សហ​ព្រះរាជ​អាជ្ញា ថ្លែង​ថា កាល​ពី​លើក​មុន សាក្សី​រូប​នេះ​ធ្លាប់​បដិសេធ​មិន​សហការ​ជាមួយ​តុលាការ​ទេ ពេល​ដែល​តុលាការ​ស្នើសុំ​ឯកសារ​នានា​ពី​គាត់។ សហ​ព្រះរាជ​អាជ្ញា​លើក​ហេតុផល​សម្រាប់​ការ​ជំទាស់​របស់​ខ្លួន​ថា សាក្សី​រូប​នេះ​មិន​សូវ​មាន​ព័ត៌មាន​ពាក់ព័ន្ធ​ទេ ពីព្រោះ​គាត់​គ្រាន់​តែ​ជា​អ្នក​ផលិត​វីដេអូ ប៉ុណ្ណោះ គឺ​មិន​មែន​ជា​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ឬ​អំពី​រចនា​សម្ព័ន្ធ​អំណាច និង​គោល​នយោបាយ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ទេ៖ «គាត់​មិន​មាន​គុណវុឌ្ឍិ​វិជ្ជាជីវៈ​តាម​ដែល​ខ្ញុំ​ដឹង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ឬ​ចលនា​ខ្មែរ​ក្រហម នោះ​ទេ។ ជា​ពិសេស តាម​អ្វី​ដែល​ខ្ញុំ​បាន​ស្ដាប់​នោះ គាត់​មិន​ដែល​បាន​ស្រាវជ្រាវ​លើ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម នោះ​ទេ»

សហ​ព្រះរាជ​អាជ្ញា​លើក​ហេតុ​ផល​ជំទាស់​ទៀត​ថា ជា​ការ​មិន​សមស្រប​ទេ​ដែល​យក​អ៊ីម៉ែល របស់​សាក្សី​រូប​នោះ​ជា​ភស្តុតាង​ថ្មី នៅ​ពេល​គាត់​មិន​ព្រម​ផ្ដល់​ឯកសារ​វីដេអូ ដើម ដែល​គាត់​សម្ភាស​ជាមួយ​ជន​ជាប់​ចោទ នួន ជា ព្រោះ​ឯកសារ​ដើម​នោះ​អាច​មាន​ព័ត៌មាន​ជួយ​ដល់​អង្គ​ជំនុំ​ជម្រះ។

មេធាវី​ការពារ​ក្ដី នួន ជា គឺ​លោក វីកទ័រ កូប៉េ ថ្លែង​ថា ភស្តុតាង​ថ្មី​នោះ គឺ​អាច​ជា​ភស្តុតាង​ដោះ​បន្ទុក​ជន​ជាប់​ចោទ នួន ជា កូន​ក្ដី​របស់​ខ្លួន ទាក់ទង​នឹង​ការ​សម្លាប់​ទាហាន​របប លន់ នល់ នៅ​ទួល​ពោធិ៍ជ្រៃ ខេត្ត​ពោធិ៍សាត់។

លោក វីកទ័រ កូប៉េ ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា អ្វី​ដែល​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ចង់​និយាយ​នោះ គឺ​ការ​កាប់​សម្លាប់​នៅ​ទួល​ពោធិ៍ជ្រៃ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កម្មាភិបាល​ភូមិ​ភាគ​ពាយ័ព្យ ឈ្មោះ រស់ ញឹម គឺ​មិន​មែន​ដោយ​គណៈកម្មាធិការ​មជ្ឈិម​ទេ ហើយ​វីដេអូ​របស់​គាត់​អាច​ជួយ​ដល់​គ្រប់​ភាគី។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន គឺ​អ្នកស្រី អានតា ហ្គីហ្សេ (Anta Guisse) គាំទ្រ​សំណើ​សុំ​របស់​មេធាវី​ជន​ជាប់​ចោទ នួន ជា ព្រោះ​ថា ព័ត៌មាន​ទាំង​ឡាយ​នៃ​ភស្តុតាង​នោះ ក៏​អាច​ដោះ​បន្ទុក​ជន​ជាប់​ចោទ ខៀវ សំផន ដែរ។

មក​ដល់​រសៀល​ថ្ងៃ​ពុធ ទី១៧ កក្កដា ជន​ជាប់​ចោទ នួន ជា បាន​ប្រកាស​ជូន​ដំណឹង​ដល់​អង្គ​ជំនុំ​ជម្រះ​ក្នុង​សវនាការ​ថា គាត់​នឹង​មិន​ឆ្លើយ​តប​អ្វី​ត​ទៅ​ទៀត​ទេ ព្រោះ​សាលា​ក្ដី​ខ្មែរ​ក្រហម​មិន​បាន​គោរព​គោលការណ៍​កាត់​សេចក្ដី​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌៖ «ខ្ញុំ​សូម​ជូន​ដំណឹង​ថា ខ្ញុំ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ព្រះរាជ​អាជ្ញា និង​ភាគី​នានា​នៅ​ក្នុង​តុលាការ ដែល​មិន​យុត្តិធម៌​នេះ​ទេ។ ក្នុង​គ្រា​នេះ ការ​ពិត យុត្តិធម៌ នឹង​មាន​ប្រយោជន៍ ត្រូវ​បាន​បំផ្លាញ​ដោយ​តុលាការ»

ជន​ជាប់​ចោទ នួន ជា បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​សម្រេច​ចិត្ត​បែប​នេះ ក៏​ព្រោះ​តែ​លោក​សង្កេត​ឃើញ​ថា ការ​ប្រព្រឹត្ត​របស់​តុលាការ​ចំពោះ​ជន​ជាប់​ចោទ និង​មេធាវី​ការពារ​ក្ដី បាន​វិវឌ្ឍន៍​ពី​អាក្រក់​កាន់​តែ​អាក្រក់​ទៅ​ទៀត ដោយ​ភាព​លម្អៀង ហើយ​ធ្វើ​ឱ្យ​លោក​អស់​ជំនឿ​លើ​តុលាការ​ដូច​ជន​ជាប់​ចោទ ខៀវ សំផន ដែរ៖ «ជាក់ស្ដែង​ដូច​ជា​ពេល​ថ្មី​នេះ មេធាវី​របស់​ខ្ញុំ ត្រូវ​បាន​កាត់​ផ្ដាច់​មិន​ឱ្យ​សួរ​សំណួរ​ជា​សារធាតុ ដើម្បី​ដោះ​បន្ទុក​មក​លើ​រូប​ខ្ញុំ​នោះ​ទេ។ នេះ​ជា​ភាព​អយុត្តិធម៌​មួយ​ដែល​រារាំង​មិន​ឱ្យ​មេធាវី​របស់​ខ្ញុំ​បំពេញ​តួនាទី​ការពារ​ខ្ញុំ​ដោយ​ពេញលេញ។ នេះ​ជា​រឿង​ក្ដី​នៃ​អាយុ​ជីវិត​របស់​ខ្ញុំ។ មិន​មែន​ជា​ការ​ធ្វើ​លំៗ ឱ្យ​តែ​ឆាប់​រហ័ស ដើម្បី​ដាក់​ទោស​ខ្ញុំ​នោះ​ទេ»

នៅ​ក្នុង​សវនាការ​កន្លង​មក ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា តែង​ត្រូវ​បាន​សហ​ព្រះរាជ​អាជ្ញា​ជំទាស់​ជា​រឿយៗ ហើយ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​បញ្ឈប់​លែង​ឱ្យ​សួរ​ដេញដោល ដោយ​លើក​ហេតុផល​ថា មេធាវី​ការពារ​ក្ដី​សួរ​សំណួរ​ច្រំដែល សួរ​ចាក​ប្រធាន ឬ​អង្គហេតុ និង​ប្រើប្រាស់​ពេល​វេលា​ខ្ជះខ្ជាយ។

ការ​រក្សា​សិទ្ធិ​មិន​ឆ្លើយ​តប​របស់​ជន​ជាប់​ចោទ នួន ជា គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ជន​ជាប់​ចោទ ខៀវ សំផន ដែល​បាន​អនុវត្តន៍​បែប​នេះ​កន្លង​មក។

ភាគី​សហ​ព្រះរាជ​អាជ្ញា​ជម្រាប​ជូន​អង្គ​ជំនុំ​ជម្រះ​ថា ករណី​ជន​ជាប់​ចោទ នួន ជា ដូច​គ្នា​នឹង​ករណី​ជន​ជាប់​ចោទ ខៀវ សំផន ដែរ ដែល​ប្រកាន់​ជំហរ​មិន​ឆ្លើយ​តប ហើយ​ភាគី​ខ្លួន​ស្នើសុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ប្រកាស​ជា​លាយលក្ខណ៍​អក្សរ​ចំពោះ​ជន​ជាប់​ចោទ អំពី​អង្គហេតុ និង​ផល​វិបាក​នានា។ បញ្ហា​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ជជែក​អំពី​ការ​ទទួល​យក​សក្ខីកម្ម​ដោយ​មិន​កោះ​ហៅ​សាក្សី។

ដោយ​ឡែក ភាគី​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្លែង​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​ថា ភាគី​ខ្លួន​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ប្រកាន់​ជំហរ​មិន​ឆ្លើយ​តប​របស់​ជន​ជាប់​ចោទ​ទេ៖ «ទោះ​បី​ជា​ខ្ញុំ​ស្រឡាំងកាំង​ចំពោះ​ការ​លើក​ឡើង​របស់ នួន ជា នេះ ក៏​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​នេះ​ជា​ឥរិយាបថ​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ។ ក៏ប៉ុន្តែ ខ្ញុំ​សោកស្ដាយ​ណាស់។ ការ​អត្ថាធិប្បាយ​របស់​ខ្ញុំ គឺ​ដូច​គ្នា​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​លោក ខៀវ សំផន។ អ៊ីចឹង គ្រាន់​តែ​ខ្ញុំ​ចង់​លើក​ឡើង​មួយ​ចំណុច ខ្ញុំ​សង្កេត​ឃើញ​ថា អស់​រយៈពេល​ប៉ុន្មាន​នេះ​មក បន្តិច​ម្ដងៗ មេធាវី​ការពារ​ក្ដី និង​ជន​ជាប់​ចោទ​ហ្នឹង គិត​ថា​ខ្លួន​ជា​ជន​រងគ្រោះ»

ទោះ​ជា​ដូច្នេះ​ក្ដី សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​កក្កដា សហ​ព្រះរាជ​អាជ្ញា​ជម្រាប​ជូន​អង្គ​ជំនុំ​ជម្រះ​ថា ខ្លួន​មិន​អាច​អត់​ទ្រាំ​នឹង​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន បាន​ទេ ហើយ​ថា ក្រុម​មេធាវី​ទាំង​នេះ​គួរ​តែ​ទទួល​ការ​ព្រមាន​ដោយ​អង្គ​ជំនុំ​ជម្រះ ដោយសារ​តែ​ក្រុម​មេធាវី​នេះ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ថា ខៀវ សំផន ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​នៅ​ស្ងៀម។ មេធាវី​ការពារ​ក្ដី​លើក​ឡើង​ថា តុលាការ​បាន​ស្ដាប់​សាក្សី និង​ទទួល​យក​ភស្តុតាង​រាប់​ពាន់ តែ​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​របស់​មេធាវី​ការពារ​ក្ដី។

សហ​ព្រះរាជ​អាជ្ញា​ឆ្លើយ​តប​ថា ការ​លើក​ឡើង​នេះ​ខុស ព្រោះ​កន្លង​មក​មេធាវី​ការពារ​ក្ដី​មាន​ឱកាស​ដូច​គ្នា​នឹង​សហ​ព្រះរាជ​អាជ្ញា​ដែរ ហើយ​ថា ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ និង​ធ្វើ​ឱ្យ​សាធារណជន​យល់​ច្រឡំ​លើ​តុលាការ៖ «ស្នើសុំ​ឱ្យ​អង្គ​ជំនុំ​ជម្រះ​ចេញ​សេចក្ដី​ព្រមាន​ដល់​មេធាវី គង់ សំអុន និង តាហ្គីហ្សេ (Antaguisse) និង​មេធាវី វែរកិន (Vercken) ទៅ​ដល់​សាមី​របស់​មេធាវី​មួយ​រូបៗ ហើយ​តាម​រយៈ​អង្គភាព​គាំពារ​ការ​ការពារ​ក្ដី​នៃ​សាលា​ក្ដី​នេះ ហើយ​ស្នើសុំ​ឱ្យ​មាន​ការ​ស្ដី​បន្ទោស ហើយ​នឹង​ចេញ​ឯកសារ​ជា​សាធារណៈ ចំពោះ​ការ​បង្ហាញ​អ្វី​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​ខឹង​សម្បារ​ពី​សាធារណជន​នោះ»

ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ ខៀវ សំផន ឆ្លើយ​តប​ថា ការ​ថ្លែង​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នោះ មិន​មែន​ជា​បញ្ហា​ថ្មី​ទេ គឺ​ជា​បញ្ហា​ដែល​មេធាវី​ធ្លាប់​លើក​នៅ​ក្នុង​សវនាការ​កន្លង​មក​ហើយ។ មេធាវី​ជាតិ​ការពារ​ជន​ជាប់​ចោទ ខៀវ សំផន គឺ​លោក គង់ សំអុន ថ្លែង​ថា ការ​ស្នើសុំ​របស់​សហ​ព្រះរាជ​អាជ្ញា​នេះ ធ្វើ​ឡើង​ប្រញាប់ប្រញាល់​ពេក៖ «ប្រញាប់​ពេក​នោះ គឺ​សហ​ព្រះរាជ​អាជ្ញា​មិន​បាន​សិក្សា​លម្អិត​ទៅ​អត្ថបទ​នោះ ថា​តើ​ចំណុច​ណា​ខ្លះ​ដែល​ចំណុច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​លើ​វិជ្ជាជីវៈ ដែល​មេធាវី​ការពារ​លោក ខៀវ សំផន បាន​លើក​ឡើង​នោះ​ទេ។ ការ​គូស​បញ្ជាក់​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ ទៅ​លើ​ការ​ដែល​ថា ក្រុម​មេធាវី​លោក ខៀវ សំផន ជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​រដ្ឋបាល​របស់​តុលាការ គឺ​ជា​រឿង​សន្និដ្ឋាន​មិន​ត្រឹមត្រូវ ហើយ​ជា​ការ​ទាញ ដើម្បី​ធ្វើ​ឱ្យ​មតិ​ជាតិ មិត​សាធារណៈ និង​មតិ​អន្តរជាតិ​យល់​ច្រឡំ​ទៅ​លើ​អត្ថបទ​ដែល​ជា​ការ​បញ្ចេញ​មតិ​របស់​ក្រុម​មេធាវី​លោក ខៀវ សំផន»

លោក​បន្ត​ថា ទាក់ទង​នឹង​ការ​មិន​ឆ្លើយ​តប​របស់​ជន​ជាប់​ចោទ ខៀវ សំផន គឺ​ជា​សិទ្ធិ និង​ជា​ការ​សម្រេច​ផ្ទាល់​ខ្លួន​របស់​គាត់ ដែល​មើល​ឃើញ​បញ្ហា​នីតិវិធី​នៅ​ក្នុង​តុលាការ​នេះ ហើយ​ថា ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គាត់​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តុលាការ​មិន​ប្រើប្រាស់​នីតិវិធី​ត្រឹមត្រូវ​តាម​បទដ្ឋាន​យុត្តិធម៌​អន្តរជាតិ៖ «ទី​នេះ មិន​មែន​ជា​កន្លែង​សាធារណជន​ស្ដាប់​នូវ​ការ​សម្ដែង ឬ​ក៏​មិន​មែន​សាលា​សម្រាប់​ឱ្យ​អ្នក​ស្រាវជ្រាវ​សរសេរ​ប្រវត្តិសាស្ត្រ​នោះ​ទេ វា​ជា​ការ​កាត់​ទោស។ ដូច្នេះ​ហើយ ការ​ពិនិត្យ​ទៅ​លើ​ភាព​ហ្មត់ចត់​នៃ​លទ្ធផល ក៏​ដូច​ជា​ការ​ទុក​ចិត្ត ការ​មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ វា​ជា​ការ​សម្រេច​ចិត្ត​របស់​លោក ខៀវ សំផន ថា​តើ​លោក​អាច​ឆ្លើយ និង​សហការ​ជាមួយ​តុលាការ​ក្នុង​កម្រិត​ណា​នោះ»

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ទេ ចំពោះ​ការ​តតាំង​របស់​ភាគី​ទាំង​ពីរ​នេះ។ ប្រធាន​អង្គ​ជំនុំ​ជម្រះ​ប្រកាស​ថា សាលា​ដំបូង​នឹង​បន្ត​សវនាការ​របស់​ខ្លួន​ទៀត នៅ​ថ្ងៃ​អង្គារ ទី២៣ ខែ​កក្កដា ហើយ​ក៏​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​ដែរ អំពី​កាល​វិភាគ​សម្រាប់​ធ្វើ​សវនាការ​ទៅ​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។