តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានបញ្ចប់សវនាការលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន ហើយនៅថ្ងៃទី១៨ កុម្ភៈ។ ក្រោយការបញ្ចប់ ភាគីសហព្រះរាជអាជ្ញារំពឹងថា តុលាការកំពូល នឹងតម្កល់សាលក្រមដាក់ពន្ធនាគារជនជាប់ចោទអស់មួយជីវិតដដែល រីឯមេធាវីការពារក្ដី សុំឲ្យលែងជនជាប់ចោទ ខៀវ សំផន។
ការស្នើសុំឲ្យដោះលែងជនជាប់ចោទ ខៀវ សំផន ដោយមេធាវីការពារក្ដី គឺបន្ទាប់ពីការផ្ដល់ហេតុផលតទល់គ្នាទៅវិញទៅមកអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៦ កុម្ភៈ ហើយបញ្ចប់នៅរសៀលថ្ងៃទី១៨ កុម្ភៈ។ មេធាវីការពារក្ដីយល់ថា ការផ្ដន្ទាទោសដាក់គុកមួយជីវិតនោះ សាលាដំបូងមានកំហុស។
មេធាវីជាតិការពារក្ដីជនជប់ចោទ ខៀវ សំផន លោក គង់ សំអុន ថ្លែងថា ប្រសិនបើរកឃើញថា ជនជាប់ចោទ ខៀវ សំផន មានទោសមែន ក៏មានស្ថានសម្រាលទោសច្រើនដែរសម្រាប់គាត់ ព្រោះគាត់មានអត្តចរិតល្អ៖ «ដែលយើងតវ៉ាថា លោក ខៀវ សំផន ក្នុងករណីបើសិនជារកឃើញ ថាមាន ទោស វាគួរតែមានស្ថានសម្រាលជាច្រើន ដែលអាចអនុវត្តបានចំពោះលោក ពីព្រោះលោកមិនមានអំណាចមិនមានតួនាទីពិតប្រាកដ លោកជាមនុស្សមានអត្តចរិតល្អ មានការគាំទ្រពីអ្នកដែលស្គាល់លោកទាំងអស់ ដែលមកឆ្លើយនៅចំពោះមុខអង្គ ជំនុំជម្រះ នៅពេលនេះ » ។
ក្នុងចំណោមហេតុផលប្ដឹងសាទុក្ខ ៥ចំណុចរបស់ក្រុមមេធាវីការពារក្ដីជនជាប់ចោទ ប្រឆាំងសាលក្រមសាលាដំបូង ក៏មានចំណុចមួយទាក់ទងនឹងភស្តុតាងដែលគួរឲ្យសង្ស័យ ដែលយកមកដាក់បន្ទុកលើជនចាប់ចោទ។
សហព្រះរាជអាជ្ញា ក៏ប្ដឹងនៅក្នុងបណ្ដឹងសាទុក្ខដែរនៅចំណុចទី៦ ដែរ ដោយស្នើសុំឲ្យតុលាការកំពូល អនុវត្តគោលការណ៍សហឧក្រិដ្ឋកម្មរួមទម្រង់ទី៣។ សហឧក្រិដ្ឋកម្មរួមទម្រង់ទី៣ គឺដើម្បីឲ្យជនជាប់ចោទ នួន ជា និង ខៀវ សំផន ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មដែលបានចោទប្រកាន់ បើទោះជាជនជាប់ចោទមិនបានបញ្ជា ឬមិនបានដឹងមុនថា មានបទឧក្រិដ្ឋនោះក្ដី។
សហព្រះរាជអាជ្ញាជាតិ អ្នកស្រី ជា លាង រំពឹងថាតុលាការកំពូល នឹងតម្កល់សាលក្រមសាលាដំបូងនៅដដែល ហើយការស្នើសុំឲ្យដាក់ទោសជនជាប់ចោទអស់មួយជីវិត ព្រោះផ្អែកលើសាក្សី ៩២នាក់ និងអ្នកជំនាញ ព្រមទាំងភស្តុតាងនានាដែលហួសពីការសង្ស័យ៖ «ជាពិសេសទៅទៀត ទាក់ទង នឹងជនជាប់ចោទ ខៀវ សំផន តែម្ដង។ យើងបានប្រមូលនូវភស្តុតាង ដែលគិតជាកំណត់ហេតុប្រជុំអចិន្ត្រៃយ៍ ។ ក្នុង កំណត់ហេតុ អចិន្ត្រៃយ៍ វាមានរហូតដល់ ១៩កំណត់ហេតុ អចិន្ត្រៃយ៍ ហើយនៅក្នុងនោះ គាត់មាន ១៦ កំណត់ហេតុ អចិន្ត្រៃយ៍ដែលគាត់បានចូលរួមប្រជុំក្នុងការរៀបចំផែនការ ដើម្បីអនុវត្តឲ្ យសម្រេចនូវផែនការឧក្រិដ្ឋទាំងនេះ។ អានេះជាភស្តុតាង។ ដូច្នេះ យើងមិនមាន បំណងថា ធ្វើដើម្បីដាក់បន្ទុកទៅលើគាត់ដោយគ្មានភស្តុតាងនោះទេ ហើយយើងនឹងបញ្ជូនភស្តុតាងទាំងនេះទុកឲ្យតុលាការកំពូល គាត់ពិនិត្យ និងសម្រេច ។ តើគាត់ត្រូវទទួលនូវកម្រិតណាមួយនោះ ទុកឆន្ទានុសិទ្ធិឲ្យតុលាការកំពូល »។
ទាក់ទងនឹងការកោះហៅ លោក ហេង សំរិន មកផ្ដល់សក្ខីកម្មនោះវិញ លោក គង់ សំអុន មានប្រសាសន៍ថា ពិតជាមានសារសំខាន់ ប៉ុន្តែលោកមិនអាចថ្លែងបានទេ ព្រោះការស្នើសុំនោះជាការស្នើសុំដោយភាគីជនជាប់ចោទ នួន ជា។ មេធាវីអន្តរជាតិការពារក្ដីជនជាប់ចោទ ខៀវ សំផន អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse)ថ្លែងថា ការមិនកោះហៅសាក្សីតាមការស្នើសុំរបស់ជនជាប់ចោទ គឺពិតជាប៉ះពាល់សិទ្ធិជនជាប់ចោទ។ អ្នកស្រីក៏មិនយល់ស្របតាមការស្នើសុំឲ្យអនុវត្តគោលការណ៍ស្ដីពីសហឧក្រិដ្ឋកម្មរួមទេ ព្រោះមិនមានច្បាប់ណាសម្រាប់អនុវត្តបានទេ។
ជនជាប់ចោទ ខៀវ សំផន ធ្វើសេចក្ដីថ្លែងការណ៍នៅចុងសវនាការថា លោកមិនដែលយល់ស្របនឹងនយោបាយប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងពលរដ្ឋខ្លួនឯងទេ។
ទោះជាយ៉ាងណាក្ដី ភាគីជនជាប់ចោទ នួន ជា មិនបានឆ្លើយតបអ្វីទេនៅក្នុងសវនាការបណ្ដឹងសាទុក្ខនេះ។
តុលាការកំពូល នៅមិនទាន់ចេញសម្រេចនៅឡើយទេ ក្រោយបញ្ចប់សវនាការបណ្ដឹងសាទុក្ខនេះ។ ភាគីទាំងពីររំពឹងថា សាលដីកានឹងអាចចេញនៅក្នុងខែមិថុនា ឆ្នាំ២០១៦ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
