ក្រុមមេធាវីការពារក្ដីអោយ លោក នួន ជា និងលោក ខៀវ សំផន ប្រកាសធ្វើពហិការមិនចូលសវនាការក្នុងដំណើរការក្តីសំណុំរឿង០០២ វគ្គ២ ក្នុងរយៈពេលប្រមាណ ២ខែ ដោយទុកពេលវេលារៀបចំបណ្ដឹងសារទុក្ខសំណុំរឿង០០២ វគ្គ១ និងទាមទារឲ្យតុលាការសម្រេចបណ្ដឹងដិតចិត្តជាមុនសិន។
អង្គការសង្គមស៊ីវិល ដែលតាមដានដំណើរការក្ដី មានការភ្ញាក់ផ្អើលចំពោះរឿងដែលមិនធ្លាប់កើតមាននៅក្នុងសាលាក្ដីខ្មែរក្រហមនេះ។ ចំណែកអង្គជំនុំជម្រះ នឹងរកដំណោះស្រាយនៅថ្ងៃទី២១ ខែតុលា ខាងមុខ។
ក្រុមសហមេធាវីជាតិ និងអន្តរជាតិ ការពារក្តីឲ្យ លោក នួន ជា និងលោក ខៀវ សំផន ពន្យល់នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៨ ខែតុលា ថា ពួកគេត្រូវការពេលវេលាចាំបាច់ និងបន្ទាន់មួយ ដើម្បីរៀបចំបណ្ដឹងសារទុក្ខ និងយកពេលស្រាវជ្រាវឯកសារ។ លើសពីនេះ ពួកគេសំអាងថា គឺតុលាការជាអ្នកបង្ខំឲ្យពួកគេជ្រើសយកផ្លូវនេះ។
លោក គង់ សំអុន សហមេធាវីការពារក្តីឲ្យ លោក ខៀវ សំផន បានទាមទារឲ្យសាលាដំបូងនៃសាលាក្តីខ្មែរក្រហម ផ្តល់ពេលវេលាសមរម្យដល់ក្រុមរបស់លោក ក្នុងការរៀបចំបណ្ដឹងសារទុក្ខ។ លោកមេធាវី គង់ សំអុន បញ្ជាក់ថា ការសម្រេចរបស់ក្រុមលោក គឺមានការយល់ព្រមពី លោក ខៀវ សំផន៖ « ហើយបើសិនជាយើងបណ្ដោយឲ្យសវនាការនេះ ធ្វើទៅបានក្នុងពេលដែលយើងកំពុងតែរៀបចំបណ្ដឹងសារទុក្ខ អញ្ចឹងវាធ្វើឲ្យការងាររបស់យើង ទាំងពីរចុះខ្សោយ បានន័យគ្មានគុណភាពទេ ដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ របស់ លោក ខៀវ សំផន ដែលជាជនជាប់ចោទ នៅក្នុងនីតិវិធីនេះ » ។
ដោយឡែក លោក សុន អរុណ សហមេធាវីជាតិការពារក្តីឲ្យ លោក នួន ជា បានទាមទារថា ការបើកជំនុំជម្រះសំណុំរឿង០០២ វគ្គ២ អាចធ្វើឡើងទៅបាន លុះត្រាណាមានការសម្រេចស្ដីពីបណ្ដឹងដិតចិត្តប្រឆាំងចៅក្រមសាលាដំបូងសព្វថ្ងៃនេះជាមុនសិន។ លោក សុន អរុណ បានបន្តទៀតថា តុលាការមានលក្ខណៈផ្តាច់ការក្នុងអង្គជំនុំជម្រះនៅថ្ងៃទី១៧ ខែតុលា ម្សិលមិញ៖ « បើមិនទាន់ មានលទ្ធផល ប្ដឹងនៃការប្ដឹងដិតចិត្តទេ តុលាការមិនអាចទៅយករឿងមួយទៀត មកកាត់ដើម្បីបន្ថែមពេលវេលា ឲ្យយើងហ្នឹងដកខ្លួនអត់រួចអ៊ីចឹងទេ។ អានេះជារឿងដែលមានការគាប់សង្កត់ពីតុលាការខ្លាំងមែនទែន មកលើមេធាវីការពារ » ។
កាលពីថ្ងៃទី៧ សីហា ការបិទបញ្ចប់នៃការជំនុំជម្រះក្ដីលើសំណុំរឿង០០២ វគ្គ១ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានសម្រេចចេញសាលក្រមផ្ដន្ទាទោស លោក នួន ជា និងលោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
មន្ត្រីកម្មវិធីគម្រោងយុត្តិធម៌នៅកម្ពុជា លោក ឡុង បញ្ញវុធ បានសម្ដែងការភ្ញាក់ផ្អើលចំពោះការប្រកាសធ្វើពហិការរបស់ក្រុមមេធាវីជាតិ និងអន្តរជាតិ ការពារក្តីឲ្យ លោក នួន ជា និងលោក ខៀវ សំផន នៅពេលនេះ។ លោក ឡុង បញ្ញវុធ បានទាមទារឲ្យចៅក្រម ប្រើភាពឆ្លាតវ័យក្នុងការដោះស្រាយ ចៀសវាងការរាំងស្ទះក្នុងដំណើរការក្តី។ ប៉ុន្តែ លោកក៏ស្នើឲ្យក្រុមមេធាវី រកយុទ្ធសាស្ត្រណាផ្សេងមកដោះស្រាយ ជាជាងការធ្វើពហិការ៖ « យើងត្រូវពិនិត្យមកវិញថា តើសិទ្ធិនៅក្នុងការធ្វើពហិការ វាជាលក្ខណក្នុងដែលជាសិទ្ធិក្នុងការជំនុំជម្រះដោយយុត្តិធម៌ដែរឬអត់។ ពីព្រោះអី គោលការណ៍ច្បាប់ ការទទួលបានជំនុំជម្រះដោយយុត្តិធម៌ គឺមិនមានបទបញ្ញត្តណាមួយដែលនិយាយថា មេធាវី អាចធ្វើពហិការមិនចូលរួមក្នុងការធ្វើពហិការ អ៊ីចឹងតុលាការ ត្រូវពិចារណាឡើងវិញ » ។
នៅក្នុងអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី១៧ ខែតុលា ត្រូវបិទបណ្ដោះអាសន្នទាំងគ្មានលទ្ធផល បន្ទាប់ពីមេធាវីការពារក្ដីឲ្យ លោក ខៀវ សំផន និងលោក នួន ជា បានដើរចេញពីបន្ទប់សវនាការ។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្ដ្រា ឲ្យដឹងថា ការធ្វើពហិការរបស់ក្រុមមេធាវីការពារក្តីឲ្យ លោក ខៀវ សំផន និងលោក នួន ជា នៅពេលនេះ គឺពួកគេមានសិទ្ធិពេញលេញ។ ប៉ុន្តែការសម្រេចបែបណា គឺអង្គជំនុំជម្រះសាលាដំបូង នឹងប្រជុំសម្រេចនៅថ្ងៃទី២១ ខែតុលា ខាងមុខ ដែលគ្រប់ភាគីពាក់ព័ន្ធចូលរួម។ លោក នេត ភក្ដ្រា បន្តថា ប្រសិនបើគ្មានការចូលរួមពីក្រុមមេធាការពារក្តីជនរងគ្រោះទេ ដំណើរការសវនាការមិនអាចដំណើរការបានឡើយ៖ « អ៊ីចឹងយើងនឹងអាចដឹងថា តើភាគីពាក់ព័ន្ធនានា នឹងលើកឡើងអំពីបញ្ហា ហ្នឹងយ៉ាងមិច ដោះស្រាយបញ្ហា ហ្នឹងយ៉ាងមិច នោះយើងនឹងដឹងនៅក្នុងកិច្ចប្រជុំ រៀបចំសវនាការនោះបាទ » ។
បទចោទក្នុងសំណុំរឿង០០២ វគ្គ២ ដែលមានជនជាប់ចោទ នួន ជា និងខៀវ សំផន ផ្ដោតលើឧក្រិដ្ឋកម្មមួយចំនួន ក្នុងនោះមានបទប្រល័យពូជសាសន៍ផង។ ជារឿយៗ ក្រុមមេធាវីការពារក្ដីឱ្យជនជាប់ចោទទាំងពីរ តែងតែស្នើសុំឱ្យសាលាក្ដីខ្មែរក្រហម សម្រេចលើសំណុំរឿង០០២ វគ្គ១ ឱ្យចប់សព្វគ្រប់សិន មុននឹងចាប់ផ្ដើមសំណុំរឿង០០២ វគ្គ២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
