មុននឹងបញ្ចប់សេចក្ដីសន្និដ្ឋានរបស់ខ្លួន ទាំងមេធាវីជាតិ និងអន្តរជាតិ សុទ្ធតែអះអាងថា កូនក្ដីរបស់ខ្លួន គឺជនជាប់ចោទ ខៀវ សំផន ជាមនុស្សស្អាតស្អំ មិនជាប់ជំពាក់ក្នុងឧក្រិដ្ឋកម្មសំណុំរឿង ០០២ ដែលសាលាដំបូងលើកមកជំនុំជម្រះនៅវគ្គទី១ ពេលនេះទេ។
មេធាវីជាតិការពារក្ដីឱ្យជនជាប់ចោទ ខៀវ សំផន គឺលោក គង់ សំអុន ថ្លែងថា តាមភាពស្អាតស្អំ តុលាការត្រូវតែដោះលែងកូនក្ដីរបស់លោក៖ «គ្មានឯកសារណាមួយ ឬសក្ខីកម្មណាដែលពាក់ព័ន្ធដែលអាចឱ្យគេអះអាងថា នៅក្នុងក្របខ័ណ្ឌនៃមុខងារទាំងនេះ លោក ខៀវ សំផន បានចូលរួមសម្រេចចិត្តក្នុងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ចូលរួមប្រព្រឹត្តបទឧក្រិដ្ឋនៅទួលពោធិ៍ជ្រៃ និងការជម្លៀសប្រជាជនដំណាក់កាលទី២ ដែលជាបទល្មើសស្ថិតនៅក្រោមវិសាលភាពនៃសំណុំរឿង ០០២/០១ នោះឡើយ។ លោក លោកស្រីចៅក្រម ដូចខ្ញុំបានជម្រាបជូនរួចហើយ ខ្ញុំក្រោកឈរនៅពេលនេះ ដើម្បីការពារសុភាពបុរសម្នាក់ ដែលត្រូវគេលាបពណ៌ឱ្យក្លាយជាបិសាច។ ឥឡូវនេះ នៅពេលដែលពណ៌ត្រូវរលុបបាត់អស់ យើងនឹងឃើញយ៉ាងច្បាស់ថា សុភាពបុរសនោះ គឺលោក ខៀវ សំផន ដ៏ស្អាតស្អំ ដែលអង្គជំនុំជម្រះត្រូវតែឱ្យរួចខ្លួនពីបទចោទ និងផ្ដល់សេរីភាពជូនលោកវិញ»។
ការថ្លែងរបស់លោក គង់ សំអុន គឺធ្វើឡើងបន្ទាប់ពីលោកលើកយកហេតុផល និងសក្ខីកម្មរបស់សាក្សីមួយចំនួន ដែលអះអាងថា ជនជាប់ចោទ ខៀវ សំផន ជាមនុស្សមានប្រវត្តិដើមស្អាតស្អំ មិនចេះពុករលួយ។
ក្រុមមេធាវីបានលើកឡើងថា តួនាទីរបស់ជនជាប់ចោទ ខៀវ សំផន នៅក្នុងរបបខ្មែរក្រហម គឺគ្រាន់តែជាតួនាទីខែលបាំងមុខ ឬជាតួនាទីគេឧបកិច្ចប៉ុណ្ណោះ ដែលគាត់មិនមានសិទ្ធិសម្រេច ឬចូលរួមអ្វីដោយប្រសិទ្ធភាពទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
