សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​សាក្សី​លើ​អង្គហេតុ​ការងារ​បង្ខំ​នៅ​អាង​ត្រពាំងថ្ម

ដោយ ឡេង ម៉ាលី
2015.12.01
សាក្សី 2TCW 918 ៦២០ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ធ្វើ​សវនាការ​សួរ​ដេញដោល​សាក្សី (2TCW 918) អំពី​ការ​ធ្វើ​ការ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ក្នុង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
Photo courtesy of ECCC

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១ ធ្នូ បន្ត​ធ្វើ​សវនាការ​សួរ​ដេញដោល​សាក្សី​លាក់​ឈ្មោះ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ធ្វើ​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ក្នុង​ខេត្ត​បន្ទាយមានជ័យ។ សាក្សី​ដែល​មាន​តួនាទី​ជា​មេ​បញ្ជាការ​កង​ចល័ត​តំបន់ បដិសេធ​នឹង​ពាក្យ​សាក្សី​ផ្សេង​ទៀត​ដែល​ថា ពលករ​នៅ​ទី​នោះ​ធ្វើ​ការងារ​ដូច​សត្វ។

ការ​បដិសេធ​របស់​សាក្សី​ដែល​មាន​ឈ្មោះ​ជា​លេខ​កូដ​ជំនួស​ថា 2TCW918 គឺ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១ ធ្នូ ពេល​ដែល​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​សួរ​ដេញដោល​ជុំវិញ​ស្ថានភាព​ធ្វើ​ការងារ និង​ការ​ចាប់​ខ្លួន​មនុស្ស នៅ​ការដ្ឋាន​អាង​ត្រពាំងថ្ម៖ «ខ្ញុំ​នៅ គឺ​មិន​ដូច​ពាក្យ​គាត់​និយាយ​ហ្នឹង​ទេ តែ​ពេល​ដែល​ខ្ញុំ​ទៅ​នេសាទ​មាន​ដូច​ពាក្យ​នោះ​គាត់​និយាយ​ក៏​មិន​ដឹង។ ខ្ញុំ​មិន​បាន​ដឹង ព្រោះ​ខ្ញុំ​ចេញ​ទៅ​នេសាទ​ហើយ។ កាល​ដែល​ខ្ញុំ​នៅ​អត់​មាន​ទេ។ ជំងឺ​មាន មាន​ឈឺ​ដោយ​រាក​មួយ ហើយ​ក៏​គ្រុន។ តែ​រឿង​អត់​អាហារ​មិន​អត់​ទេ គឺ​បញ្ហា​មក​ពី​ទឹក​មិន​ស្អាត តែង​ចុក​ពោះ​តែង​អី​នៅ​តាម​មន្ទីរពេទ្យ​ធ្លាប់​ឃើញ»

សាក្សី​រូប​នេះ​ថ្លែង​ថា លោក​មិន​បាន​ដឹង​ថា កម្មករ​ទាំង​នោះ​រស់​នៅ​ដោយ​ការ​ភ័យ​ខ្លាច ឬ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្នុង​ពេល​ដែល​លោក​នៅ​ជា​មេ​បញ្ជាការ​កង​ចល័ត​តំបន់ នៅ​សមរភូមិ​លើក​ទំនប់​អាង​ត្រពាំងថ្ម​នោះ ថ្វី​បើ​សាក្សី​ខ្លះ​ទៀត​អះអាង​ថា មាន​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដឹក​ទំនិញ ហើយ​បាត់​ខ្លួន​រហូត។

ស្រប​ពេល​ដែល​អង្គ​ជំនុំជម្រះ​កំពុង​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​រូប​នេះ សហ​ព្រះរាជអាជ្ញា​ក៏​ស្នើសុំ​ដាក់​បន្ថែម​ឯកសារ​ភស្តុតាង និង​សាក្សី​ទាក់ទង​នឹង​អង្គហេតុ​ស្ដីពី​ការ​សម្លាប់​ជនជាតិ​ចាម និង​វៀតណាម ដែល​អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​នៅ​ពេល​បន្តបន្ទាប់​ខាង​មុខ​នេះ។ សក្ខីកម្ម​ទាំង​នេះ គឺ​ជា​ចម្លើយ​សាក្សី​យក​ពី​ក្នុង​សំណុំរឿង​លេខ ០០៣។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ថ្លែង​ថា សាក្សី​ថ្មី​នេះ គឺ​ជា​សាក្សី​ផ្ទាល់​ទាក់ទង​នឹង​ការ​បញ្ជា​ឱ្យ​​សម្លាប់​ជនជាតិ​វៀតណាម ២​ករណី នៅ​លើ​កោះ​មួយ បន្ទាប់​ពី​មេ​បញ្ជាការ​ត្រឡប់​ពី​រៀន​វគ្គ​នយោបាយ។ មេ​បញ្ជាការ​រូប​នោះ បញ្ជា​ឱ្យ​ទាហាន​របស់​គាត់​ចាត់​ទុក​ជនជាតិ​វៀតណាម​ថា ជា​ខ្មាំង​ទី ១៖ «បន្ទាប់​មក គឺ​គាត់​បញ្ជា​ឱ្យ​បាញ់​សម្លាប់ គឺ​មិន​ត្រឹម​តែ​ទាហាន​វៀតណាម​ទេ សូម្បី​តែ​ជន​ស៊ីវិល​វៀតណាម ក៏​គាត់​បញ្ជា​ឱ្យ​បាញ់​សម្លាប់​ដែរ។ ដោយសារ​តែ​ផ្អែក​លើ​ព័ត៌មាន​ទាំង​អស់​នេះ​ហើយ យើង​ជឿជាក់​ថា​សាក្សី​រូប​នេះ​អាច​ផ្ដល់​ព័ត៌មាន ក៏​ដូច​ជា​ភស្តុតាង​សំខាន់ៗ ទាក់ទង​នឹង​គោល​នយោបាយ​របស់​របប​ហ្នឹង ក្នុង​ការ​កំណត់​មុខ​សញ្ញា​ទៅ​លើ​ជនជាតិ​វៀតណាម។ មិន​ត្រឹម​តែ​ទាហាន​វៀតណាម​ទេ សូម្បី​តែ​ជន​ស៊ីវិល​វៀតណាម​ក៏​ជា​គោលដៅ​របស់​ពួក​គេ។ ហេតុ​ដូច្នេះ​ហើយ ទើប​ខ្ញុំ​ស្នើសុំ​ឱ្យ​កោះហៅ​សាក្សី​នេះ មក​ចូលរួម​ក្នុង​សវនាការ»

មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) ជំទាស់​នឹង​សំណើសុំ​ដាក់​ចម្លើយ​សាក្សី​រូប​នេះ​ជា​ភស្តុតាង ព្រោះ​មាន​មនុស្ស​តែ​ម្នាក់​ក្នុង​កងពល​មួយ៖ «សាក្សី​នោះ​ជា​ទាហាន​តែ​ម្នាក់​គត់​មក​ពី​កងពល​១៦៤ ដែល​មក​ពី​សំណុំរឿង ០០៣។ ដូច្នេះ​ខ្ញុំ​គិត​ថា យើង​មិន​គួរ​ស្ដាប់​គាត់​ក្នុង​នាម​ជា​សាក្សី​តែ​នៅ​លើ​មួយ​ផ្នែក​នោះ​ទេ គឺ​រង់ចាំ​រហូត​ទៅ​ដល់​ពេល​ការ​ស៊ើបអង្កេត​សំណុំរឿង ០០៣ បាន​បញ្ចប់ ទើប​យើង​អាច​ដឹង​អំពី​ភាព​ដែល​អាច​ជឿ​ជាក់​បាន​លើ​សក្ខីកម្ម​របស់​គាត់»

ស្រប​គ្នា​នឹង​ការ​ជំទាស់​របស់​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា នេះ​ដែរ មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន ជំទាស់​ថា ខាង​ភាគី​ខ្លួន​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សាក្សី​នេះ​ទេ។ ទាក់ទង​នឹង​ការ​ស្នើសុំ​ដាក់​ឯកសារ​ចម្លើយ​សាក្សី​ក្នុង​រឿង​សម្លាប់​ជនជាតិ​ចាម​​វិញ ក៏​ភាគី​ជនជាប់ចោទ ខៀវ សំផន ជំទាស់​ថា ជា​ភស្តុតាង​មាន​តម្លៃ​តិចតួច​បំផុត ព្រោះ​សាក្សី​មិន​បាន​ចូល​ខ្លួន​មក​ឱ្យ​ភាគី​ការពារ​ក្ដី​សួរដេញដោល​ក្នុង​សវនាការ។

ទោះ​ជា​មាន​ហេតុផល​ទាំង​ការ​ស្នើ​សុំ និង​ការ​ជំទាស់​យ៉ាង​នេះ​ក្ដី ក៏​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៅ​មិន​ទាន់​សម្រេច​ថា យ៉ាង​ម៉េច​នៅ​ឡើយ​ទេ។ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​លោក​ចៅក្រម និល ណុន ថ្លែង​ថា អង្គ​ជំនុំជម្រះ​នឹង​ពិចារណា​បញ្ហា​នេះ ហើយ​នឹង​ចេញ​សេចក្ដី​សម្រេច​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

អង្គ​ជំនុំជម្រះ​សាលា​ដំបូង គ្រោង​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី 2TCW 918 អំពី​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម នៅ​ថ្ងៃ​ពុធ ទី​២ ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។