អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១ កុម្ភៈ បន្តសវនាការសួរដេញដោលសាក្សីថ្មីមួយរូបទាក់ទងនឹងការសម្លាប់អតីតទាហាន លន់ នល់ នៅស្រុកត្រាំកក់ ខេត្តតាកែវ។
សាក្សីឈ្មោះ សៅ វ៉ន អតីតជាប្រធានរណសិរ្សឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងជាមេឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សាក្សី សៅ វ៉ន ហៅ សៅ ពត បដិសេធចំពោះអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១ កុម្ភៈ ថា លោកមិនបានដឹងអំពីការសម្លាប់អតីតទាហាននៃរបប លន់ នល់ ទេ ក្នុងពេលដែលលោកជាប្រធានរណសិរ្សឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកបញ្ជាក់ទៀតថា កម្មាភិបាលថ្នាក់តំបន់ និងភូមិភាគតែងណែនាំលោក និងកម្មាភិបាលថ្នាក់ក្រោម មិនឱ្យបែងចែករើសអើងប្រជាជនចាស់ ឬប្រជាជនថ្មី ហើយក៏មិនឱ្យប៉ះពាល់អតីតទាហានរបប លន់ នល់ ដែរ៖ «ការដោះស្រាយទំនាស់ កុំផ្អែកលើថ្មីលើចាស់។ អាហ្នឹងចំណែកប្រជាជន។ ឯមួយទៀត គាត់បានសង្កត់ធ្ងន់ចំពោះទាហាន ចាប់តាំងពីស័ក្ដិមួយទៅទល់ស័ក្ដិប្រាំ កុំធ្វើអ្វីប៉ះពាល់ដល់រាងកាយគេឱ្យសោះ។ គាត់បានកំណត់ឱ្យយើងចងចាំថា ព្រោះរយៈកាលកន្លងមកគេមានសាច់ឈាមរបស់គេ ដែលនៅរួមធ្វើបដិវត្តន៍ជាមួយយើងក្នុងចលនារំដោះប្រទេសជាតិ»។
សាក្សី សៅ វ៉ន ថ្លែងបន្តថា លោកតែងតែពេញនឹងការណែនាំនេះ។ ទោះជាដូច្នេះក្ដី លោកកត់សម្គាល់ថា ការអប់រំនយោបាយនោះមានភាពផ្ទុយគ្នា ព្រោះនៅក្នុងរយៈពេលក្រោយមកទៀត គឺនៅចុងឆ្នាំ១៩៧៧ ស្រាប់តែមានឯកសារណែនាំឱ្យមានការបែងចែកឋានៈប្រជាជនទៅវិញ៖ «ឆ្នាំ១៩៧៧ និងដើមឆ្នាំ១៩៧៨ ឃើញឯកសារនិយាយថា មានគេបែងចែកក្នុងឯកសារ មានប្រជាជនពេញសិទ្ធិ ប្រជាជនត្រៀម ប្រជាជនផ្ញើ។ ត្រង់នេះចំណុចមួយ។ ឯចំណុចមួយទៀត ខ្ញុំឃើញនៅឆ្នាំ ១៩៧៩ នៅពេលដែលខ្ញុំរត់ចូលមកដល់ស្រុកទេស ខ្ញុំក៏បានឃើញនៅស្រុកត្រាំកក់ មានកន្លែងគេហៅថា ក្រាំងតាចាន់ ឃើញមានលលាដ៍ព្រះកេស ដែលមានទុក្ខនៅទីនោះ»។
សាក្សីរូបនេះក៏ត្រូវអង្គជំនុំជម្រះសួរដេញដោលអំពីការប្រមូលជនជាតិវៀតណាម នៅក្នុងស្រុកត្រាំកក់ នោះដែរ។ លោកថា លោកដឹងថា ជនជាតិវៀតណាម ត្រូវបានប្រមូលបញ្ជូនទៅស្រុកវិញ។
លោក សៅ វ៉ន ថ្លែងថា អតីតជាប្រធានរណសិរ្សឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់តាំងពីឆ្នាំ ១៩៧០ ដល់ឆ្នាំ១៩៧៥។ លោកមានតួនាទីជាអ្នករៀបចំប្រជាជននៅតាមភូមិ ប៉ុន្តែមិនទាក់ទងនឹងយោធាទេ។ នៅឆ្នាំ១៩៧៦ លោកត្រូវបានគណៈស្រុកត្រាំកក់ ឈ្មោះយាយ ខុម ដែលជាកូនតា ម៉ុក បញ្ជូនឱ្យទៅធ្វើជាមេឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកក៏ជាបក្ខជននៃបក្សកុម្មុយនិស្តកម្ពុជាមួយរូបដែរ។ លោកអះអាងថា លោកស្គាល់មន្ទីរអប់រំលេខ ២០៤ នៅព្រៃក្ដួច បច្ចុប្បន្ននៅក្នុងភូមិត្រពាំងក្រញូង ស្រុកត្រាំកក់ ព្រោះបងប្រុសលោកម្នាក់ដែលជាអតីតអ្នករដ្ឋការរបប លន់ នល់ ត្រូវបានមេភូមិបញ្ជូនទៅឃុំឃាំងនៅទីនោះ ពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
