រដ្ឋាភិបាល​សម្ពោធ​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ​និង​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ

0:00 / 0:00

អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលាក្ដី​ខ្មែរក្រហម និង​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ ធ្វើ​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ និង​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម។

ស្តូប​ថ្ម​ថ្មី​មួយ​មាន​កម្ពស់ ៦​ម៉ែត្រ ដែល​សន្មត​ថា ជា​បូជនីយដ្ឋាន​នៃ​ការ​ចងចាំ និង​ជា​ទី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​ត្រូវ​បាន​បើក​សម្ពោធ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ស្ថិត​ក្នុង​សារមន្ទីរ​ទួល​ស្លែង ឬ​មន្ទីរ​ស​២១។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ដែល​ជា​ប្រធាន​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​ពិធី​នេះ​ថា ការ​ដាក់​សម្ពោធ​បូជនីយដ្ឋាន​នេះ គឺ​ជា​ការ​អនុវត្ត​ជំហាន​ទី​មួយ​នៃ​គោល​នយោបាយ​សំណង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ចំពោះ​ជន​រងគ្រោះ៖ «មួយ បូជនីយដ្ឋាន​នេះ គឺ​ជា​កន្លែង​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​រស់រាន​មាន​ជីវិត និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ រំឭក​ដល់​សាច់​ញាតិ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត និង​ដើម្បី​បន្ធូរបន្ថយ​នូវ​ក្ដី​ឈឺ​ចាប់ និង​សេចក្ដី​សោកសង្រេង​របស់​ខ្លួន។ ពីរ តាង​នាម​ឱ្យ​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន បូជនីយដ្ឋាន​នេះ គឺ​ជា​ការ​ទទួល​ស្គាល់​នូវ​ការ​រង​ទុក្ខ​វេទនា​ដ៏​ធំធេង និង​មិន​អាច​បំភ្លេច​បាន​របស់​ជន​រងគ្រោះ និង​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​គុក​ទួលស្លែង ក៏​ដូច​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំង​មូល»

គោល​នយោបាយ​សំណង​នៃ​សាលាក្ដី​ខ្មែរក្រហម​ចំពោះ​ជន​រងគ្រោះ គឺ​ជា​សំណង​ផ្សះផ្សា​ផ្លូវ​ចិត្ត និង​សំណង​សម្រាប់​សមូហភាព ដូច​ជា​ការ​សាងសង់​បូជនីយដ្ឋាន​បែប​នេះ​ជា​ដើម។

ចំពោះ​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម​វិញ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា សម​ល្មម ឯ​អ្នក​ខ្លះ​ទៀត​ថា នៅ​មិនទាន់​សមស្រប​នៅ​ឡើយ​ទេ ដរាប​ណា​មិន​មាន​សំណង​សម្រាប់​ការ​ខូចខាត​របស់​ខ្លួន។

អ្នក​រងគ្រោះ​ដែល​ជា​អតីត​អ្នក​ទោស​នៅ​គុក​ទួលស្លែង គឺ​លោក ជុំ ម៉ី មាន​ប្រសាសន៍​ថា លោក​មិន​ទាមទារ​រក​សំណង​ជា​បុគ្គល​ទេ៖ «ខ្ញុំ​អត់​ចង់​បាន​សំណង​ជា​បុគ្គល​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា​វា​អត់​មាន។ ទាមទារ​ធ្វើ​អី​អត់​ប្រយោជន៍​ហ្នឹង។ យើង​ចាប់​ដៃ​គ្នា​កសាង​ប្រទេស​ឡើង​វិញ។ អ្វី​ដែល​វា​ហួស​ទៅ​ហើយ យើង​កុំ​នាំ​មក​មាន​បញ្ហា​ទៀត។ អ៊ីចឹង​ខ្ញុំ​នឹង​ខ្ញុំ​កាប់​សម្លាប់​គ្នា​ទៀត ងាប់​ហើយ។ ខ្មែរ​យើង​មិន​ដឹង​ឆ្នាំ​ណា​សតវត្ស​ណា នឹង​កសាង​បាន​ធូរធារ​ទេ»

ជន​រងគ្រោះ​មួយ​រូប​ទៀត គឺ​អ្នកស្រី ជុំ នៅ មាន​ថ្លែង​ថា អ្នកស្រី​បាន​រីករាយ​បន្តិច​ពេល​ឃើញ​មាន​បូជនីយដ្ឋាន​រួម​នេះ។ ប៉ុន្តែ​អ្នក​ស្រី​ចង់​ឱ្យ​មាន​សំណង​បន្ថែម​ទៀត៖ «ជា​ផ្លូវ​ចិត្ត យើង​មិន​អស់​ចិត្ត​ថា បើ​សិន​ជា​រដ្ឋាភិបាល ឬ​សាលាក្ដី​ហ្នឹង បាន​ចំណែក​ណា​មួយ​សង​ជា​បុគ្គល អា​ហ្នឹង​យើង​ពេញ​ចិត្ត អរ ណាស់​ហើយ។ ប៉ុន្តែ​ត្រង់​ថា ដាច់​ក្បាល​ដាច់​កន្ទុយ​ថា ត្រូវ​តែ​បាន អា​ហ្នឹង​ស្រេច​លើ​ច្បាប់ និង​រដ្ឋាភិបាល​ទេ បើ​សិន​ជា​រដ្ឋាភិបាល​ហ្នឹង​យក​ចិត្ត​ទុក​ដាក់។ តាម​មើល​ឥឡូវ​ហ្នឹង រដ្ឋាភិបាល​មិន​ទាន់​យក​ចិត្ត​ទុកដាក់​ជន​រងគ្រោះ​ណា​មួយ​ទេ។ កុំ​ថា​ស្តូប​ប៉ុណ្ណឹង​មក​ជួសជុល​ផ្លូវ​ចិត្ត​យើង​បាន​នោះ អត់​ទាន់​បាន​ទេ។ គ្រាន់​តែ​ចំណែក​សម​បំណង​ណា​មួយ​ពេញ​ចិត្ត​ហើយ»

ដោយ​ឡែក​ជន​រង​គ្រោះ​ឈ្មោះ ប៊ូ ម៉េង បញ្ជាក់​ថា បូជនីយដ្ឋាន​នេះ បាន​ប៉ះប៉ូវ​ផ្លូវ​ចិត្ត​មួយ​ចំណែក ប៉ុន្តែ​លោក​នៅ​តែ​ប្ដេជ្ញា​បន្ត​ការ​ទាមទារ​រក​សំណង​ជា​បុគ្គល។ បើ​មិន​ដូច្នេះ​ទេ លោក​ចាត់​ទុក​សាលាក្ដី​នេះ​ថា គ្មាន​ន័យ​សម្រាប់​លោក​ទេ៖ «ខ្ញុំ​មិន​និយាយ​ពី​រដ្ឋាភិបាល ឬ​មិន​រដ្ឋាភិបាល​ទេ។ ខ្ញុំ​និយាយ​ពី​ច្បាប់​រដ្ឋប្បវេណី ត្រូវ​តែ​មាន​សំណង​ជា​បុគ្គល។ ចង់​អ្នក​ឯង​បាន​សំណង​ពី​ម្ចាស់​ជំនួយ​ណា​ក៏​ដោយ ឱ្យ​តែ​គេ​ជួយ។ ត្រូវ​តែ​សង​ជា​បុគ្គល​ដល់​ជន​រង​គ្រោះ។ មិន​មែន​ឱ្យ​រដ្ឋាភិបាល​ មិន​មែន​ឱ្យ​នរណា​ម្នាក់ ឬ​ក៏​លោក នួន ជា ហ្នឹង​សង​ទេ។ អ្នក​អស់​ហ្នឹង​គ្មាន​ទេ។ ប៉ុន្តែ​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ជួយ​សាលា​ក្ដី​ហ្នឹង គឺ​ច្រើន អាច​សង​បាន»

ការ​សង់​បូជនីយដ្ឋាន​សម្រាប់​ការ​ចងចាំ និង​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​នេះ គឺ​ជា​គម្រោង​មួយ​ស្ថិត​នៅ​ក្រោម​ភារកិច្ច និង​ការ​ទទួល​ខុសត្រូវ​របស់​អង្គភាព​គាំពារ​ជន​រងគ្រោះ ក្រោម​ក្របខ័ណ្ឌ​កម្មវិធី និង​វិធានការ​ក្រៅ​បច្ចេកទេស​តុលាការ​ដើម្បី​ផ្ដល់​ប្រយោជន៍​ទូលំទូលាយ​ដល់​ជន​រង​គ្រោះ។ ស្តូប​និង​រំឭក​វិញ្ញាណក្ខន្ធ​រួម​នេះ សាងសង់​ដោយ​ថវិកា​ជំនួយ​ពី​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​អាល្លឺម៉ង់ ដែល​ហៅ​កាត់​ថា ប៊ី.អឹម.ហ្សិត (BMZ) និង ហ្ជី.អាយ.ហ្សិត (GIZ)។

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន ១២.២៧២​នាក់ ត្រូវ​បាន​សម្លាប់​ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ​ទួល​ស្លែង។ សាលាក្ដី​ខ្មែរក្រហម​បាន​សម្រេច​ផ្ដន្ទាទោស​ប្រធាន​គ្របគ្រង​ទី​នេះ គឺ​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។