អង្គការ​សហប្រជាជាតិ​និង​ព្រះមហាក្សត្រ​ខ្មែរ​តែង​តាំង​ចៅក្រម​អន្តរជាតិ​ថ្មី

ចៅក្រម​អន្តរជាតិ​ថ្មី គឺ​អ្នកស្រី ក្លោឌៀ ហ្វិន (Claudia Fenz) ជនជាតិ​អូទ្រីស (Austria) ចូល​កាន់​តំណែង​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ជា​ផ្លូវ​ការ​ចាប់​តាំងពី​ថ្ងៃ​ទី​១ កញ្ញា នេះ​ត​ទៅ។ អ្នកស្រី​​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)។

សេចក្ដី​ថ្លែងការណ៍​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ឬ​ហៅ​ជា​ផ្លូវ​ការ​ថា អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ផ្សាយ​ថ្ងៃ​ទី​១ កញ្ញា ប្រកាស​ថា ​អ្នកស្រី ក្លោឌៀ ហ្វិន ចូល​កាន់​ការ​ជំនួស​ចៅក្រម​ចាស់ គឺ​អ្នកស្រី​ចៅក្រម ស៊ីលវៀ ខាត់រ៉ាយត៍ (Silvia Cartwright) ជនជាតិ​នូវែលហ៊្សេឡង់ (New Zealand) ដែល​បាន​លាលែង​ពី​តំណែង​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ កញ្ញា នេះ។

អ្នកស្រី​ចៅក្រម ក្លោឌៀ ហ្វិន​ បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ច្បាប់​ពី​សកលវិទ្យាល័យ ក្រុងវីយែន (Vienna)។ ក្រៅ​ពី​នេះ​អ្នកស្រី​មាន​បទពិសោធន៍​ការងារ​នៅ​ក្នុង​ប្រទេស​របស់​អ្នកស្រី គឺ​ត្រូវ​បាន​ទទួល​​តែងតាំង​ជា​ចៅក្រម​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ផ្នែក​ព្រហ្មទណ្ឌ និង​កាន់​តំណែង​ជាង ២០​ឆ្នាំ ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​អង្គ​ជំនុំជម្រះ​សាលាដំបូង និង​សាលាឧទ្ធរណ៍។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០០៤ អ្នកស្រី ក្លោឌៀ ហ្វិន ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​អន្តរជាតិ​សម្រាប់​បេសកកម្ម​រដ្ឋាភិបាល​បណ្ដោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ​នៅ​កូសូវ៉ូ (Kosovo) ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ដែល​មាន​រចនាសម្ព័ន្ធ​ចាត់​តាំង ឧក្រិដ្ឋកម្ម​​មាន​ចរិត​លក្ខណៈ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ជា​រឿយៗ គេ​សង្កេត​ឃើញ​ថា ចៅក្រម​អន្តរជាតិ​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​​សុំ​លាលែង​ចេញ​ពី​តំណែង​ដោយសារ​ធ្វើ​ការងារ​មិន​ចុះ​សម្រុង​ជាមួយ​ភាគី​ចៅក្រម​ជាតិ​កម្ពុជា​ ដោយ​ហេតុផល​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។