នៅក្នុងសេចក្ដីសន្និដ្ឋានផ្ទាល់មាត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ជនជាប់ចោទ នួន ជា បានជម្រាបអង្គជំនុំជម្រះថា គាត់គ្មានអំណាចតួនាទីអ្វីពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋ ដែលតុលាការបានចោទប្រកាន់ទេ ហើយគាត់បន្ទោសការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មទាំងនោះ ទៅលើកម្មាភិបាលថ្នាក់ក្រោមតាមភូមិភាគ និងមូលដ្ឋាន ដែលភូតកុហករូបគាត់។ ចុងបញ្ចប់ ជនជាប់ចោទសុំឱ្យតុលាការដោះលែង។
ជនជាប់ចោទ នួន ជា៖ «ដោយផ្អែកលើភស្តុតាង និងហេតុផលទាំងអស់ខាងលើនេះ និងជាពិសេស សេចក្ដីសន្និដ្ឋានរបស់មេធាវីខ្ញុំ ខ្ញុំសំណូមពរតុលាការមេត្តាសម្រេចឱ្យខ្ញុំរួចផុតពីបទចោទប្រកាន់ក្នុងសំណុំរឿងនេះ និងសុំដោះលែងខ្ញុំឱ្យមានសេរីភាពវិញទៅតាមផ្លូវច្បាប់»។
ដោយឡែកជនជាប់ចោទ ខៀវ សំផន មិនបានសុំឱ្យអង្គជំនុំជម្រះលើកលែងរូបគាត់ទេ ដោយគាត់ទុកលទ្ធភាពឱ្យអង្គជំនុំជម្រះស្វែងរកយុត្តិធម៌។ ក៏ប៉ុន្តែ គាត់ថ្លែងថា អ្វីដែលជាការចោទប្រកាន់លើរូបគាត់ គឺជាអំពើដែលគាត់មិនបានប្រព្រឹត្ត ហើយគាត់ក៏មិនបានដឹងពីព្រឹត្តិការណ៍ ដែលកើតឡើងបន្តបន្ទាប់ណាមួយទេ។
ទោះជាយ៉ាងណាក្ដី អង្គជំនុំជម្រះសាលាដំបូង មិនទាន់ចេញសេចក្ដីសម្រេចថា ជនជាប់ចោទត្រូវមានទោស ឬយ៉ាងណាទេ ហើយក៏មិនបានកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ចេញសាលក្រមដែរ ដោយសំអាងថា សំណុំរឿងនេះធំ និងស្មុគស្មាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
