ទស្សនៈពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃលើការស្លាប់របស់លោក អៀង សារី
ពលរដ្ឋខ្មែរនៅជាយដែនកម្ពុជា-ថៃ បង្ហាញការយល់ឃើញខុសគ្នាៗចំពោះការស្លាប់អតីតមេដឹកនាំជាន់ខ្ពស់របស់របបកម្ពុជាប្រជាធិបតេយ្យ គឺលោក អៀង សារី។
ពលរដ្ឋចាត់ទុកការដែលអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងរបបខ្មែរក្រហមរូបនេះ ទទួលមរណភាព គឺពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើល ឬជាការសោកស្ដាយនោះទេ។ ក៏ប៉ុន្តែ មតិមួយចំនួនទៀតយល់ឃើញថា លោក អៀង សារី គួរមានជីវិតយូរជាងនេះបន្តទៀត ដើម្បីបង្ហាញនូវភាពយុត្តិធម៌ដល់ជនរងគ្រោះជិត ២លាននាក់ ដែលបានស្លាប់នៅក្នុងរបបរបស់លោកគ្រប់គ្រង ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
មរណភាពរបស់លោក អៀង សារី ត្រូវគេចាត់ទុកថា គឺជាផ្នែកមួយដែលនាំឲ្យបាត់នូវភស្តុតាងដ៏មានសារៈសំខាន់ក្នុងការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហម។
ពលរដ្ឋនៅឃុំបន្ទាយមានរិទ្ធ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺលោក ប៉ែន វុទ្ធី អះអាងនៅថ្ងៃទី១៤ មីនា ថា លោកហាក់ពុំមានការភ្ញាក់ផ្អើលចំពោះការស្លាប់របស់លោក អៀង សារី នោះទេ។ លោកបន្តថា អ្វីដែលលោកពុំមានការអាឡោះអាល័យច្រើននោះ ព្រោះអតីតមេដឹកនាំរូបនេះ លោកហាក់បានដឹងតិចតួចប៉ុណ្ណោះពីជីវិតនយោបាយ និងការទទួលខុសត្រូវរបស់លោក។
ចំណែកមន្ត្រីយោធាព្រំដែនគោក ឈរជើងនៅច្រកបឹងត្រកួន គឺលោក ម៉ៅ សាវាត យល់ឃើញថា លោក អៀង សារី គឺជាមេដឹកនាំម្នាក់ដែលមានការទទួលខុសត្រូវ និងពុំមែនផ្ដាច់ការដូចការអះអាងរបស់មហាជនទេ។ លោកគិតថា ប្រសិនបើពុំមានរបបខ្មែរក្រហម នោះ កម្ពុជា ទំនងនឹងពុំមានការបង្រួបបង្រួម និងឯកភាពនយោបាយផ្ទៃក្នុងដូចបច្ចុប្បន្ននេះឡើយ។
ពលរដ្ឋខ្មែរដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ ជាទូទៅពុំបានដឹងចំពោះការទទួលមរណភាពរបស់លោក អៀង សារី នេះទេ ប៉ុន្តែចំពោះអ្នកឮដំណឹងនេះ បានបង្ហាញការសោកស្ដាយ និងភ្ញាក់ផ្អើល ព្រោះគេយល់ថា ការបាត់បង់មេដឹកនាំដែលទទួលខុសត្រូវខ្ពស់នៅក្នុងរបបអាវខ្មៅនោះ គឺជាការជីកកប់នូវភស្តុតាងដែលពុំអាចខ្វះបាន ខណៈជនរងគ្រោះជិត ២លាននាក់ កំពុងទន្ទឹងរង់ចាំយុត្តិធម៌។
ទោះយ៉ាងនេះក្តី ពលរដ្ឋគិតថា ការបាត់បង់លោក អៀង សារី នេះទំនងនឹងមិនប៉ះពាល់ដល់ដំណើរជំនុំជម្រះក្នុងសំណុំរឿង០០២ នោះទេ។
ទស្សនៈពលរដ្ឋនៅភ្នំពេញចំពោះការស្លាប់របស់លោក អៀង សារី
ការស្លាប់របស់លោក អៀង សារី ធ្វើឲ្យជនរងគ្រោះផ្ទាល់ក្នុងរបបខ្មែរក្រហម ម្ចាស់បណ្ដឹងរដ្ឋប្បវេណី អង្គការជាតិ និងអន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង និងយល់ថា ជាការបាត់បង់សាក្សីរស់មួយដ៏សំខាន់ ក្នុងដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថាសាលាក្តីខ្មែរក្រហម។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកនាង ទេព សុរ៉ាវី ពីការចូលរួមមតិនានាជុំវិញមរណភាពនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
