សេចក្ដីប្រកាសព័ត៌មាននៃអង្គការអន្តរជាតិ "ផ្ដួចផ្ដើមបើកឲ្យមានយុត្តិធម៌សង្គម" ចុះថ្ងៃទី១៦ ធ្នូ ក្រោមចំណងជើងថា "ការសម្រេចចិត្តត្រូវការចាំបាច់នៅពេលឥឡូវនេះ ដើម្បីធានានូវការកាត់ក្ដីពេញលេញនៃមេដឹកនាំខ្មែរក្រហម" សរសេរថា កន្លងមកជនដែលត្រូវចោទទាំងពីររូប ត្រូវបានសាលាក្ដីខ្មែរក្រហម ចោទប្រកាន់មិនបានគ្រប់ករណីនៃបទល្មើសរបស់ពួកគេទេ។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា ជនទាំងពីរ នួន ជា អតីតលេខាធិការរងបក្សកុម្មុយនិស្តកម្ពុជា និង ខៀវ សំផន អតីតប្រធានរដ្ឋនៃរបបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត កាន់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ត្រូវបានចោទប្រកាន់ផ្ដោតទៅលើតែករណីយមួយចំនួនដូចជា ការទទួលខុសត្រូវក្នុងព្រឹត្តិការណ៍ជម្លៀសប្រជាពលរដ្ឋទីក្រុងភ្នំពេញ ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ និងករណីសម្លាប់មនុស្សមួយកន្លែងក្រៅក្រុងតែប៉ុណ្ណោះ។
នាយប្រតិបត្តិនៃអង្គការនៃការផ្ដួចផ្ដើមបើកឲ្យមានយុត្តិធម៌សង្គមលោក ជេមស៍ ហ្គោលស្តុន (James A. Goldstone) ត្រូវបានសេចក្ដីប្រកាសព័ត៌មាននេះស្រង់សម្ដីថា ការកាត់ទោសត្រូវតែធ្វើឡើងយ៉ាងប្រញាប់ និងធានាបាននូវការកាត់ក្ដីមួយប្រកបដោយយុត្តិធម៌ត្រឹមត្រូវតាមខ្នាតអន្តរជាតិ៖ "ប្រសិនបើសវនាការលើកទី២ អាចអនុវត្តទៅបានក្នុងការផ្ដល់យុត្តិធម៌ដោយមានអត្ថន័យ ខណៈដែលជនត្រូវចោទនៅរស់ដោយសមរម្យ គឺ (ការកាត់ក្ដី) មិនត្រឹមតែត្រូវចាប់ផ្ដើមក្នុងរយៈពេលពីរបីខែខាងមុខនេះទេ។ ប៉ុន្តែត្រូវតែប្រព្រឹត្តឡើងយ៉ាងជាក់លាក់ជាអតិបរមា ហើយការកាត់ទោសត្រូវប្រកបដោយយុត្តិធម៌តាមនិយាមអន្តរជាតិយ៉ាងម៉ឺងម៉ាត់"។
ឆ្លើយតបទៅនឹងសេចក្ដីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមភាគីអន្តរជាតិ លោក ឡាស់ អូលសិន (Lars Olsen) និងលោក នេត្រ ភ័ក្ត្រា អ្នកនាំពាក្យភាគីកម្ពុជា បានបញ្ជាក់ថា កន្លងមកមន្ត្រីសាលាក្ដីបានគិតគូររឿងនេះហើយ ដោយបានបើកកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធសាលាក្ដីទាំងអស់ ដើម្បីពិនិត្យមើលវិសាលភាពបទចោទ និងកំណត់ថ្ងៃកាត់ក្ដីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំងពីររូបនេះឲ្យបានឆាប់ ដែលបានកំណត់នៅខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ តែត្រូវរង់ចាំការសម្រេចពីចៅក្រមដែលដំណើរការក្ដីនេះសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
