ការជំទាស់របស់ភាគីសហព្រះរាជអាជ្ញា និងមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណីនៅពេលនេះ គឺធ្វើឡើងតាមការសន្យារបស់អង្គជំនុំជម្រះ ដែលថានឹងឱ្យភាគីនេះឡើងឆ្លើយតបផ្ទាល់មាត់ បន្ទាប់ពីមេធាវីការពារក្ដីជនជាប់ចោទ នួន ជា ស្នើសុំដាក់ភស្តុតាងថ្មី កាលពីថ្ងៃទី១០ ខែកក្កដា សប្ដាហ៍កន្លងទៅនេះ។
កាលពីថ្ងៃទី១០ កក្កដា មេធាវីការពារក្ដីជនជាប់ចោទ នួន ជា ដាក់សំណើសុំចំនួន៣ ទៅអង្គជំនុំជម្រះសាលាដំបូង គឺទីមួយ ឱ្យទទួលយកសារអ៊ីម៉ែលជាភស្តុតាងថ្មី។ ទីពីរ ឱ្យមានការស៊ើបអង្កេតបន្ថែម និងទីបី ស្នើសុំឱ្យអង្គជំនុំជម្រះកោះហៅសាក្សីជាអ្នកផលិតខ្សែភាពយន្តពីររូប ដែលមានរហស្សនាមថា ធី.ស៊ី.ដាបលយូ ៣៨២ និង ធី.ស៊ី.ដាបលយូ ៧២០ (TCW 720) ឱ្យមកផ្ដល់សក្ខីកម្មដល់អង្គជំនុំជម្រះ។ សហព្រះរាជអាជ្ញាអន្តរជាតិឆ្លើយតបថា ភាគីខ្លួនជំទាស់ទៅនឹងសំណើសុំពីរក្នុងចំណោមសំណើសុំទាំងបីរបស់មេធាវីការពារក្ដីជនជាប់ចោទ នួន ជា។
សហព្រះរាជអាជ្ញាថ្លែងថា ភាគីខ្លួនភ្ញាក់ផ្អើលពេលដែលសាក្សី ធី.ស៊ី.ដាបលយូ ៣៨២ ផ្ញើសារឆ្លើយឆ្លងជាមួយមេធាវីការពារក្ដីនៅពេលនេះ ពីព្រោះកាលពីលើកមុនសាក្សីរូបនេះធ្លាប់បដិសេធមិនសហការជាមួយតុលាការទេ ពេលដែលតុលាការស្នើសុំឯកសារនានា ដែលបានផ្សព្វផ្សាយជាសាធារណៈ។ សហព្រះរាជអាជ្ញាថ្លែងថា សាក្សីរូបនេះមិនសូវមានព័ត៌មានពាក់ព័ន្ធទេក្នុងនាមជាសាក្សី ពីព្រោះគាត់គ្រាន់តែជាអ្នកផលិតវីដេអូ តែមិនមែនជាអ្នកជំនាញខាងប្រវត្តិសាស្ត្រខ្មែរក្រហម ឬអំពីរចនាសម្ព័ន្ធអំណាច និងគោលនយោបាយបក្សកុម្មុយនិស្តកម្ពុជា ទេ។
សហព្រះរាជអាជ្ញាលើកហេតុផលជំទាស់ទៀតថា ការយកអ៊ីម៉ែលរបស់សាក្សីរូបនោះជាភស្តុតាងថ្មី គឺមិនសមស្របទេនៅពេលគាត់មិនព្រមផ្ដល់ឯកសារវីដេអូ ដើម ដែលសម្ភាសជាមួយជនជាប់ចោទ នួន ជា។ លោកថា ឯកសារដើមនោះអាចមានព័ត៌មានជួយដល់អង្គជំនុំជម្រះ។
ឯកសារដែលមេធាវីការពារក្ដី នួន ជា ចង់ដាក់ជាភស្តុតាងថ្មីនោះ គឺអាចជាភស្តុតាងដោះបន្ទុកជនជាប់ចោទ នួន ជា ទាក់ទងនឹងការសម្លាប់ទាហាននៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ ដែរ។
មេធាវីការពារក្ដី នួន ជា គឺលោក វីកទ័រ កូប៉េ (Victor Koppe) ជម្រាបអង្គជំនុំជម្រះថា អ្វីដែលអ្នកផលិតខ្សែភាពយន្តចង់និយាយនោះ គឺអ្វីដែលកើតឡើងនៅភូមិភាគពាយ័ព្យ មិនមែនដោយមជ្ឈិមទេ។ ការកាប់សម្លាប់នៅទួលពោធិ៍ជ្រៃ គឺក្រោមការគ្រប់គ្រងដោយ រស់ ញឹម។ លោកថា វីដេអូរបស់គាត់អាចជំនួយដល់គ្រប់ភាគី។
មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន គឺអ្នកស្រី អានតា ហ្គីហ្សេ (Anta Guisse) គាំទ្រសំណើសុំរបស់មេធាវីជនជាប់ចោទ នួន ជា ព្រោះថា ព័ត៌មានទាំងឡាយនៃភស្តុតាងនោះក៏អាចដោះបន្ទុកជនជាប់ចោទ ខៀវ សំផន ដែរ។
សវនាការសាលាក្ដីខ្មែរក្រហមនឹងបន្តនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
