មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហមភាគីជាតិ ទទួលបានថវិកាវិភាគទានចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីប្រទេសកាតារ (Qatar) សម្រាប់បន្តដំណើរការការងាររបស់ខ្លួននាឆ្នាំ២០១៤។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៧ ខែមីនា របស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងថា វិភាគទាននេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដល់រដ្ឋជាសមាជិកទាំងអស់ ស្នើឲ្យជួយគាំទ្រផ្នែកហិរញ្ញវត្ថុជាបន្ទាន់ ដល់ភាគីជាតិនៃសាលាក្តីខ្មែរក្រហម។
លោក នេត្រ ភក្ដ្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា រហូតមកដល់ពេលនេះ ភាគីជាតិនៃសាលាក្តីខ្មែរក្រហម មានថវិកាសម្រាប់ចំណាយទៅលើបុគ្គលិក និងដំណើរការតុលាការត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៤។ ក្នុងនោះ ថវិកាចំនួន ២លាន ៨សែនដុល្លារ បានផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា និងថវិកា ២ម៉ឺនដុល្លារពីប្រទេសកាតារ។ ប៉ុន្តែលោកថា ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៤ សាលាក្ដីខ្មែរក្រហម មិនទាន់មានថវិកាសម្រាប់ចំណាយក្នុងដំណើរការរបស់សាលាក្តីខ្មែរក្រហមនៅឡើយទេ និងកំពុងស្វែងរកជំនួយឧបត្ថម្ភ។
លោក នេត្រ ភក្ដ្រា ឲ្យដឹងទៀតថា នៅឆ្នាំ២០១៤ នេះ ភាគីជាតិនៃសាលាក្តីខ្មែរក្រហម មានគម្រោងនឹងចំណាយថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួនសរុបប្រមាណ ៦លាន ៤សែនដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
