ពលរដ្ឋ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្រចេះ​ស្នើ​រក្សា​ទុក​សាលា​ក្តី​ខ្មែរ​ក្រហម

ខណៈ​ពេល​សាលា​ក្តី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ឬ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម កំពុង​បន្ត​ដំណើរ​ការ​សវនាការ​សំណុំ​រឿង ០០២ ក្រុម​ប្រជាពលរដ្ឋ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សំណុំ​រឿង​នេះ នៅ​តំបន់​ក្រចេះ មាន​បំណង​ប្រាថ្នា​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​សាលា​ក្តី ពិចារណា​ថែ​រក្សា​ទុក​អចលនទ្រព្យ​នៃ​សាលា​ក្តី​នេះ​ទុក​ជា​មរតក​ប្រវត្តិសាស្ត្រ សម្រាប់​មនុស្ស​ជាតិ​គ្រប់​ជំនាន់​ទៅ​ថ្ងៃ​អនាគត។

0:00 / 0:00

តើ​សេចក្តី​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង និង​សារសំខាន់​អ្វី​ខ្លះ?

អចលនទ្រព្យ​ទាំងអស់​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដែល​កំពុង​ប្រើប្រាស់​សម្រាប់​ការ​កាត់​ក្តី​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​បច្ចុប្បន្ន បាន​ក្លាយ​ទៅ​ជា​កម្មវត្ថុ​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សំណុំ​រឿង ០០២ ចំនួន ២១​នាក់ នៅ​ខេត្ត​ក្រចេះ ទាមទារ​ឲ្យ​រក្សា​ទុក​មិន​ឲ្យ​រំលាយ​ចោល​ទេ បើ​ទោះ​បី​សាលា​ក្តី​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​តួនាទី​របស់​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​ក្តី។

នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​គម្រោង​យុត្តិធម៌​សាលា​ក្តី​ខ្មែរ​ក្រហម​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា នៅ​ការិយាល័យ​ខេត្ត​ក្រចេះ ប្រជាពលរដ្ឋ​ជា​ដើម​បណ្ដឹង បាន​បញ្ចេញ​មតិ​ជា​សារ​សុំ​ការ​គាំទ្រ និង​ការ​សម្រេច​ពី​រាជ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​សាលា​ក្តី ទាក់ទិន​ករណី​នេះ ក្នុង​គោល​បំណង​រក្សា​ទីតាំង​អគារ​សវនាការ កន្លែង​ឃុំឃាំង​ជន​ជាប់​ចោទ និង​អគារ​ដទៃ​ទៀត​នៃ​សាលា​ក្តី ទុក​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ​ចូល​ទស្សនា និង​សិក្សា​ស្វែង​យល់​ពី​សោកនាដកម្ម និង​ដំណោះស្រាយ​ទាក់ទិន​របប​ដឹក​នាំ​នៃ​លទ្ធិ​កុម្មុយនីស្ត​មួយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជិត ២​លាន​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

ដើម​បណ្ដឹង​ករណី ០០២ មួយ​រូប​នៅ​ខេត្ត​ក្រចេះ គឺ​អ្នកស្រី យិន សំអុន អំពាវនាវ​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​គ្រប់​ខេត្ត​ក្រុង គាំទ្រ ហើយ​ចូល​រួម​ទាមទារ និង​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល និង​មន្ត្រី​សាលា​ក្តី​ខ្មែរ​ក្រហម ពិចារណា​ទៅ​លើ​សំណើ​ដូច​គ្នា​នេះ។ អ្នកស្រី​ពន្យល់​ថា អចលនវត្ថុ​ទាំងអស់​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម រួម​ទាំង​ទីតាំង គួរ​តែ​ថែរក្សា​ទុក​ជា​កេរ​ដំណែល​ប្រវត្តិសាស្ត្រ៖ «ក្នុង​ចំណោម​ដើម​បណ្ដឹង និង​ជន​រងគ្រោះ​ទាំងអស់​ទូទាំង ២៤​ខេត្ត​ក្រុង​រាជធានី ឲ្យ​មាន​ទស្សនៈ​ដូច​គ្នា ហើយ​បញ្ជូន​សារ​នេះ​ទៅ​រាជ​រដ្ឋាភិបាល ដើម្បី​លោក​ចាត់​ចែង​មើល​ថា តើ​អាច​រក្សា​ទុក​បាន​ដែរ​ឬ​អត់?»

ដូច​គ្នា​នេះ​ដែរ ដើម​បណ្ដឹង​មួយ​រូប​ទៀត​នៅ​ខេត្ត​ក្រចេះ គឺ​លោក រ៉ែម កើត បង្ហាញ​ទស្សនៈ​ថា ការ​រក្សា​ទុក​កេរ​ដំណែល​ប្រវត្តិសាស្ត្រ គឺ​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ​មាន​សារសំខាន់​សម្រាប់​មនុស្ស​ជាតិ​ទូទៅ​លើ​ពិភពលោក ដើម្បី​ទុក​ជា​គំរូ​សម្រាប់​អ្នក​ដឹក​នាំ​គ្រប់​រូប​ឲ្យ​យល់​ដឹង​ពី​ផល​វិបាក​នៃ​ការ​ដឹក​នាំ​មួយ ដែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ទៅ​លើ​មនុស្ស​ជាតិ៖ «ក្មេង​ជំនាន់​ក្រោយ​គាត់​រៀន​ទៅ​អំពី​ប្រវត្តិសាស្ត្រ​ទៅ គាត់​ឃើញ តែ​កាល​ណា​យើង​លុប​អា​ហ្នឹង​ចេញ មាន​ន័យ​ថា មាន​តែ​ក្នុង​សៀវភៅ​កន្លែង​វា​អត់​មាន ម្យ៉ាង​ទៀត ទុក​កន្លែង​ហ្នឹង​ជា​កន្លែង​មួយ​ឲ្យ​ទេសចរ​ពិភពលោក ទេសចរ​ក្នុង​ស្រុក​ទៅ​មើល​ផង ថែម​ទាំង​ទុក​ធាតុ ឬ​ជា​ឆ្អឹង​នៅ​កន្លែង​ហ្នឹង ដើម្បី​ឲ្យ​គេ​ទៅ​មើល ថែម​ទាំង​សង់​រូប​អ្នក​ប្រព្រឹត្តិ​នៅ​កន្លែង​ហ្នឹង​ឲ្យ​អ្នក​ទេសចរ​គេ​ទៅ​មើល​ផង»

សាលា​ក្តី​ខ្មែរ​ក្រហម ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ជា​ទីតាំង​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​កង​យោធពល​ខេមរភូមិន្ទ។ កាល​ពី​ឆ្នាំ​២០០៦ រាជ​រដ្ឋាភិបាល​បាន​ប្រគល់​ទីតាំង​នោះ​មួយ​ផ្នែក​មក​ធ្វើ​ជា​សាលា​ក្តី​ខ្មែរ​ក្រហម តាម​កិច្ច​ព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ លើ​ការ​ផ្តល់​ប្រាក់​បដិភាគ​សម្រាប់​ជួល​អគារ​ទីតាំង​សម្រាប់​ដំណើរ​ការ​សាលា​ក្តី​នេះ។

អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ចាប់​អារម្មណ៍​ថា នេះ​ជា​សំណើ​ថ្មី​បន្ថែម​ទៀត ដែល​មាន​ប្រជាពលរដ្ឋ​ជាច្រើន​មាន​បំណង​សុំ​ឲ្យ​រក្សា​ទុក​សាលា​ក្តី​ខ្មែរ​ក្រហម​ជា​មរតក​ប្រវត្តិសាស្ត្រ ហើយ​ករណី​នេះ មន្ត្រី​ពាក់ព័ន្ធ​សាលា​ក្តី​កំពុង​ពិចារណា​សំណើ​នេះ​ដែរ ក៏ប៉ុន្តែ សាលា​ក្តី​មិន​ទាន់​បញ្ចប់​សុពលភាព​នៅ​ឡើយ។ ហេតុ​នេះ លោក​មិន​ប្រាកដ​ថា តើ​សំណូម​ពរ​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​បែប​ណា​នោះ​ទេ? លោក​បន្ត​ថា ទីតាំង និង​អគារ​ទាំងអស់​នៃ​សាលា​ក្តី គឺ​ជា​ផ្នែក​មួយ​នៃ​កម្មសិទ្ធិ​របស់​អគ្គបញ្ជាការ​កងទ័ព​ជើង​គោក ជា​ទ្រព្យសម្បត្តិ​រដ្ឋ៖ «សំណូម​ពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ ដែល​ថា​កិច្ចការ​តុលាការ​ហ្នឹង​ជា​ការងារ​ប្រវត្តិសាស្ត្រ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​មាន​គម្រោង​អ្វី​ជាក់លាក់​ទេ ហើយ​គេ​កំពុង​តែ​សិក្សា​ទៅ​លើ​បញ្ហា​នេះ​ដែរ។ ដោយសារ​តែ​តុលាការ​មិន​ទាន់​បញ្ចប់ អ៊ីចឹង​យើង​មិន​ទាន់​អាច​កំណត់​ថា​យ៉ាង​ម៉េច​ទេ»

តុលាការ​កំពូល​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​បិទ​សំណុំ​រឿង ០០១ ដោយ​សម្រេច​កាត់​ទោស​ជន​ជាប់​ចោទ កាំងហ្កេកអ៊ាវ ហៅ ឌុធ អតីត​ប្រធាន​មន្ទីរ ស២១ ហៅ គុក​ទួលស្លែង នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម ឲ្យ​ជាប់​ទោស​អស់​មួយ​ជីវិត និង​ផ្តល់​សំណង​ផ្លូវ​ចិត្ត​ដូច​ជា សរសេរ​ឈ្មោះ​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ជន​រងគ្រោះ​ក្នុង​សាលក្រម ប៉ុន្តែ​មិន​មាន​សំណង​ជា​សំណង់​អគារ​ជា​ប្រយោជន៍​សាធារណៈ ឬ​បុគ្គល​នោះ​ឡើយ។

លោក នេត្រ ភក្ដ្រា ពន្យល់​ថា បច្ចុប្បន្ន​សាលា​ក្តី​កំពុង​ដំណើរ​ការ​លើ​សំណុំ​រឿង ០០២ កាត់​ទោស​ជន​ជាប់​ចោទ​ចំនួន​ពីរ​នាក់ គឺ​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ និង​លោក នួន ជា អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា មេធាវី​នាំ​មុខ​បាន​ស្នើសុំ​សំណង​ផ្លូវ​ចិត្ត និង​សំណង​សមូហភាព​រួច​ហើយ ដូច្នេះ​នៅ​ថ្ងៃ​ទី១៦ តុលា ឆ្នាំ​២០១៣ ខាង​មុខ​នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រឿង​ក្តី​នេះ គ្រោង​បើក​សវនាការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​ទៅ​លើ​ការ​ជំនុំ​ជម្រះ​ក្តី។ ដូច្នេះ ដើម​បណ្ដឹង​រដ្ឋប្បវេណី​អាច​ស្នើសុំ​ជា​សំណង​រដ្ឋប្បវេណី សម្រាប់​ជន​រងគ្រោះ​ទាំងអស់​បាន។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​សាលា​ក្តី​ខ្មែរ​ក្រហម​នៃ​សមាគម​អាដហុក លោក ឡាក់ គឺ ថ្លែង​ចាប់​អារម្មណ៍​ដែរ​ថា សំណូម​ពរ​របស់​ជន​រងគ្រោះ​មាន​ហេតុផល​ជា​ប្រយោជន៍​សាធារណៈ និង​មាន​សារសំខាន់​សម្រាប់​ទៅ​ថ្ងៃ​អនាគត។ ហេតុ​នេះ មេធាវី​នៃ​ជន​រងគ្រោះ​គួរ​លើក​សំណើ​នេះ​ជូន​អង្គ​ជំនុំ​ជម្រះ​ពិចារណា​សម្រេច​តាម​សំណូម​ពរ​ដើម​បណ្ដឹង។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​ក៏​គួរ​តែ​ចូល​រួម​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​រក្សា​ទុក​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ​ជា​មរតក​ប្រវត្តិសាស្ត្រ​ជាតិ និង​ពិភពលោក៖ «សំណើ​របស់​គាត់​ក៏​វា​មិន​ប្រាសចាក​ដែរ ជា​ការ​ពិត​វិញ​ទេ មេធាវី​នៃ​ក្រុម​ពួក​គាត់​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទេ គួរ​ខិតខំ​លើក​នូវ​អ្វី​ជា​ឆន្ទៈ​របស់​ពួក​គាត់​ហ្នឹង​ដាក់​ទៅ​តុលាការ ដើម្បី​ធ្វើ​ការ​សម្រេច​ឲ្យ​បាន»

ឆ្លើយ​តប​សំណូម​ពរ​នេះ​ដែរ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​សម្គាល់​ថា លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​មាន​គម្រោង​ប្រមាណ ២​ឆ្នាំ​មក​ហើយ ដើម្បី​រក្សា​សាលា​ក្តី​ខ្មែរ​ក្រហម​ជា​សារមន្ទីរ​តម្កល់​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់។ លោក​បន្ត​ថា អ្វីៗ​នឹង​ឃើញ​ប្រាកដ​នៅ​ពេល​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​បញ្ចប់​សុពលភាព៖ «ជា​ទម្រង់​ខ្ញុំ​ឃើញ​មាន​តាំង​ពី​ពីរ​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា វា​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​ពេល​ដែល​ទី​បញ្ចប់​នៃ​ដំណើរ​ការ​សាលា​ក្តី​ខ្មែរ​ក្រហម ហើយ​អគារ​ទាំងអស់​នេះ​នឹង​ក្លាយ​ទៅ​ជា​សារមន្ទីរ​សម្រាប់​មនុស្ស​ជាតិ»

យ៉ាង​នេះ​ក្តី មន្ត្រី​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា ឲ្យ​ដឹង​ថា បច្ចុប្បន្ន រាជ​រដ្ឋាភិបាល​បាន​បង្កើត​រួច​ហើយ គឺ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​មួយ​នៅ​ខណ្ឌ​សែនសុខ សម្រាប់​សាធារណជន​ចូល​សិក្សា​ស្រាវជ្រាវ។ ដោយ​ឡែក ក៏​មាន​សំណើ​សុំ​ឲ្យ​បង្កើត​ទិវា​ចងចាំ​នៃ​អំពើ​ព្រៃ​ផ្សៃ​ក្នុង​របប​ខ្មែរ​ក្រហម និង​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្នុង​កម្មវិធី​សិក្សា​អប់រំ សម្រាប់​សិស្សានុសិស្ស រួម​ទាំង​កសាង​ស្តូប​និមិត្ត​រូប​សម្រាប់​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​សម័យ​ខ្មែរ​ក្រហម និង​ស្តូប​និមិត្ត​រូប​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ខ្មែរ​ក្រហម​មក​លើ​ជន​រងគ្រោះ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។