អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅសាលាក្តីខ្មែរក្រហម និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីការកសាងស្តូបនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលត្រូវបានខ្មែរក្រហមកាប់សម្លាប់នៅទីនោះ ក្នុងពេលពួកគេកាន់អំណាចពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ជនរងគ្រោះដែលនៅរស់រានមានជីវិតពីការកាប់សម្លាប់នៅអតីតគុកទួលស្លែង នោះ សម្ដែងក្តីរីករាយចំពោះគម្រោងសាងសង់នេះ។
ចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានោះ រួមមាន ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក ក្រាញ់ តូនី និងរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន ព្រមទាំងមានវត្តមានរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា លោក ចូអាឈីម បារ៉ន វ៉ន់ ម៉ាស្សាល់ (Joachim Baron von Marschall) និងអតីតជនរងគ្រោះដែលនៅរស់រានមានជីវិតពីគុកទួលស្លែង លោក ប៊ូ ម៉េង និងលោក ជុំ មី។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ៥០នាក់ បន្ទាប់ពីចុះហត្ថលេខារួច លោក ក្រាញ់ តូនី មានប្រសាសន៍ថា ការកសាងស្តូបរំឭកវិញ្ញាណក្ខន្ធនៅសារមន្ទីរទួលស្លែង នេះ គឺបានបំពេញនូវគោលបំណងនៃកម្មវិធីសំណងរបស់សាលាក្តីខ្មែរក្រហម ដោយលោកចាត់ទុកថា ជានិមិត្តរូបមួយសម្រាប់ការលើកស្ទួយ និងការទទួលស្គាល់ជាផ្លូវការដល់ជនរងគ្រោះ និងទុកសម្រាប់ការសិក្សាដល់មនុស្សជំនាន់ក្រោយ ដើម្បីជាការចងចាំ និងទប់ស្កាត់នូវការវិលត្រឡប់មកវិញនូវរបបកាប់សម្លាប់នេះ។
លោកបន្តថា សាលាក្តីខ្មែរក្រហម និងអង្គភាពគាំពារជនរងគ្រោះ នឹងនៅតែបន្តបេសកកម្មរបស់ខ្លួន ដើម្បីស្វែងរកការពិត និងដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម។ លោកសង្ឃឹមថា ស្តូបរំឭកវិញ្ញាណក្ខន្ធនេះនឹងជួយធ្វើឲ្យជនរងគ្រោះធូរស្បើយក្នុងចិត្ត៖ «ក្នុងឱកាសនេះ ខ្ញុំមានក្តីរំភើបណាស់ចំពោះវត្តមាន លោកពូ ជុំ មី លោកពូ ប៊ូ ម៉េង ដែលជាអ្នកធ្លាប់រងគ្រោះនៅគុកទួលស្លែង នេះ។ ខ្ញុំសង្ឃឹមថា ការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធ នឹងធ្វើឲ្យលោកពូទាំងពីរ ព្រមទាំងជនរងគ្រោះផ្សេងៗទៀត ឲ្យអ្នកដែលមានសាច់ញាតិបាត់បង់ជីវិតនៅគុកទួលស្លែង នេះ មានភាពធូរស្បើយក្នុងចិត្ត ទោះជាមិនអាចប៉ះប៉ូវផ្លូវចិត្តជូនជនរងគ្រោះឲ្យបានទាំងស្រុងក៏ដោយ»។
គម្រោងសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ តទៅ។ គម្រោងនេះទទួលបានការឧបត្ថម្ភពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈអង្គភាពគាំពារជនរងគ្រោះ នៃសាលាក្តីខ្មែរក្រហម។
បើតាមរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន ឲ្យដឹងថា ពីមុនមក រដ្ឋាភិបាលកម្ពុជា ក៏បានសង់ស្តូបរំឭកវិញ្ញាណក្ខន្ធមួយធ្វើអំពីឈើ នៅលើសួនច្បារប៉ែកខាងជើងនៃសារមន្ទីរទួលស្លែង នេះដែរ ប៉ុន្តែត្រូវរងការខូចខាតនៅឆ្នាំ២០០៨ ដោយសារកត្តាអាកាសធាតុ។ បើតាម លោក ជុច ភឿន ស្តូបថ្មីនេះនឹងត្រូវសាងសង់នៅលើទីតាំងចាស់ដដែល ហើយដែលមានខឿនធ្វើពីបេតុងរាងការ៉េ ទំហំ ១០ គុណនឹង ១០ម៉ែត្រ កម្ពស់ខឿន ៩០សង់ទីម៉ែត្រ និងកម្ពស់ស្តូបប្រមាណជាង ៥ម៉ែត្រ។
ចំពោះជនរងគ្រោះដែលរួចផុតពីការកាប់សម្លាប់នៅគុកទួលស្លែង លោក ប៊ូ ម៉េង ចាត់ទុកការសាងសង់ស្តូបនេះថា ជាសំណងមួយក្នុងចំណោមសំណងផ្សេងទៀតសម្រាប់ជនរងគ្រោះ។ លោកថា ស្តូបនេះនឹងទុកជាប្រវត្តិសាស្ត្រ ព្រមទាំងស្លាកស្នាមឧក្រិដ្ឋកម្មក្នុងរបប ប៉ុល ពត សម្រាប់ឲ្យកូនចៅខ្មែរជំនាន់ក្រោយបានឃើញជាភស្តុតាង។ លោកថា ស្តូបនេះនឹងធ្វើឲ្យលោកបានធូរស្រាលខ្លះនូវដំបៅដួងចិត្ត និងសតិអារម្មណ៍ដ៏សោកសៅ ដែលលោកធ្លាប់មានកន្លងមក។
ចំណែកជនរងគ្រោះមួយរូបទៀត គឺលោក ជុំ មី វិញថ្លែងថា ស្តូបដែលគ្រោងនឹងសាងសង់នេះ គឺឆ្លើយតបទៅនឹងអ្វីដែលលោកបានប្រាថ្នាពីមុនមក ហើយក៏ជានិមិត្តរូបសម្រាប់ក្មេងជំនាន់ក្រោយ ដើម្បីកុំឲ្យវិលត្រឡប់ទៅរករបបខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះជាថ្មីម្តងទៀត៖ «ខ្ញុំរីករាយមែនទែន ទី១ គឺថា យើងបានសម្រេចឲ្យ ឌុច ជាប់គុកអស់មួយជីវិត ឥឡូវ ទី២ ការសាងសង់ស្តូបនេះ គឺថាបានដូចបំណងរបស់ខ្ញុំមែន។ នៅអាទី៣ សាលក្រម០០២ ហ្នឹង មិនទាន់បានចេញផុតទេ បើបានចេញអាហ្នឹងមួយទៀត គឺថាខ្ញុំសប្បាយចិត្តមែនទែន ហើយសមាគមខ្ញុំក៏សប្បាយចិត្តដែរ»។
កាលពីដើមឡើយ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង គឺជាអតីតវិទ្យាល័យឈ្មោះថា វិទ្យាល័យទួលស្វាយព្រៃ។ ក្រោយពីខ្មែរក្រហមចូលកាន់អំណាចពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេដឹកនាំខ្មែរក្រហម បានប្រែក្លាយវិទ្យាល័យនេះទៅជាកន្លែងឃុំឃាំងដ៏ធំជាងគេបង្អស់នៅកម្ពុជា ហើយដែលខ្មែរក្រហមដាក់ឈ្មោះថា មន្ទីរស២១។ ក្រោយមក មនុស្សប្រមាណជាង ១ម៉ឺននាក់ ត្រូវបានខ្មែរក្រហមនាំទៅកាប់សម្លាប់នៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
