សាលាក្ដីខ្មែរក្រហម កាលពីរសៀលថ្ងៃទី១៨ ខែតុលា ស្ដាប់អ្នកជំនាញមួយរូប គឺលោក ស្ទីហ្វិន ម៉ូរីស (Stephen J. Morris) ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធរវាងកងទ័ពខ្មែរក្រហម និងវៀតណាម នៅចុងឆ្នាំ១៩៧៨។
លោក ស្ទីហ្វិន ម៉ូរីស ជនជាតិអូស្ត្រាលី ជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រទាក់ទងនឹងកម្ពុជា មួយដែលមានចំណងជើងថា "ហេតុអីបានជាវៀតណាមឈ្លានពានកម្ពុជា (Why Vietnam Invaded Cambodia)”។ ក្រៅពីការស្រាវជ្រាវ និងនិពន្ធ លោកក៏ជាសាស្ត្រាចារ្យនយោបាយអន្តរជាតិ និងប្រវត្តិសាស្ត្រ។
សៀវភៅរបស់លោក ក៏វិភាគអំពីលក្ខណៈរបបកម្ពុជាប្រជាធិបតេយ្យ និងការប្រព្រឹត្តរបស់របបនេះ។ ក្នុងសៀវភៅនេះ លោកព្យាយាមពន្យល់អំពីចេតនាវៀតណាម គ្រប់គ្រងចលនាកុម្មុយនិស្តនៅប្រទេសទាំង៣ និងការបាត់បង់ការគ្រប់គ្រងរបស់ខ្លួនលើចលនាកុម្មុយនិស្តនៅកម្ពុជា។ លោកថ្លែងថា មូលហេតុដែលនាំឲ្យមានជម្លោះរវាងកុម្មុយនិស្តវៀតណាម កម្ពុជា ចិន និងសហភាពសូវៀត គឺមកពីការយល់ច្រឡំ ឬការយល់ខុសនឹងគ្នា។
អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃទី១៨ ខែតុលា បានសួរដេញដោលសាក្សីជំនាញរូបនេះច្រើនទាក់ទងនឹងវិធីសាស្ត្រស្រាវជ្រាវ និងប្រភពក្នុងការនិពន្ធសៀវភៅរបស់លោក។ លោកនឹងត្រូវមកផ្ដល់សក្ខីកម្មបន្តទៀត នៅថ្ងៃពុធ ទី១៩ តុលា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
