អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពីថ្ងៃច័ន្ទ ទី២៣ មីនា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គាំទ្រការចោទប្រកាន់របស់សហព្រះរាជអាជ្ញាអន្តរជាតិសាលាក្ដីខ្មែរក្រហមលើជនសង្ស័យចំនួនពីរនាក់បន្ថែមទៀត។
សេចក្ដីថ្លែងការណ៍អង្គការនេះ ចេញកាលពីថ្ងៃទី២៣ មីនា បន្តទៀតថា ប្រសិនបើរដ្ឋាភិបាលបន្តរារាំងយុត្តិធម៌នៅសាលាក្ដីខ្មែរក្រហមនោះ អង្គការសហប្រជាជាតិគួរដកខ្លួនចេញពីសាលាក្ដីនេះ ហើយម្ចាស់ជំនួយទាំងអស់គួរឈប់ផ្ដល់ជំនួយឲ្យសាលាក្ដីនេះតទៅទៀត។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី៣ ខែមីនា បានចោទប្រកាន់កំបាំងមុខលើជនសង្ស័យជាអតីតមន្ត្រីជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ គឺលោកស្រី អ៊ឹម ចែម និងលោក មាស មុត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ទោះបីជាមានការចោទប្រកាន់ពីសហចៅក្រមបរទេសក៏ដោយ ក៏សហចៅក្រមខាងភាគីកម្ពុជា បដិសេធមិនបញ្ជូនសំណុំរឿងនេះទៅស្ថាប័ននគរបាលដែរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនគាំទ្រឲ្យមានការចោទប្រកាន់លើអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀត។
លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថ្លែងថា ការបដិសេធមិនសហការរបស់រដ្ឋាភិបាលកម្ពុជា គឺជាលេសចុងក្រោយមួយ បន្ទាប់ពីរដ្ឋាភិបាលបានព្យាយាមពន្យារពេលដំណើរសាលាក្ដីខ្មែរក្រហមជាច្រើនឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
