មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ឱ្យដឹងថា បុគ្គលិកជាតិផ្នែកបកប្រែចំនួន ២០នាក់ ដែលបានធ្វើកូដកម្មដើរចេញពីការងារកាលពីថ្ងៃទី៤ ខែមីនា បានយល់ព្រមវិលមកធ្វើការវិញ បន្ទាប់ពីមានការសន្យាថា ពួកគេនឹងបានទទួលប្រាក់បៀវត្សរ៍សម្រាប់ខែធ្នូ ឆ្នាំ២០១២ នៅក្នុងសប្ដាហ៍នេះ។
លោក នេត្រ ភក្ត្រា៖ «នៅថ្ងៃទី១៨ ខែមីនា នេះ អ្នកដែលធ្វើពហិការមិនបំពេញការងារដែលជាមន្ត្រីបុគ្គលិកជាតិនៅក្នុងអង្គភាពបកប្រែ... គឺបានចូលបំពេញការងារទាំងអស់គ្នាហើយ ក៏ប៉ុន្តែទន្ទឹមនឹងនោះ ក៏ពួកគាត់បានដាក់នូវលក្ខខណ្ឌដល់ការិយាល័យរដ្ឋបាលនៃសាលាក្ដី គឺថា បើសិនរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ បើសិនជាកិច្ចសន្យាការងាររបស់គាត់មិនត្រូវបានពន្យារទេនោះ គឺពួកគាត់នឹងធ្វើពហិការមិនបំពេញការងារសាជាថ្មីម្ដងទៀត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣»។
ប៉ុន្តែលោក នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា តុលាការខ្មែរក្រហមអាចនឹងជួបបញ្ហាបុគ្គលិកជាតិធ្វើពហិការមិនចូលធ្វើការជាថ្មីទៀត ប្រសិនបើប្រទេសម្ចាស់ជំនួយមិនផ្ដល់ថវិកាទាន់ពេលវេលាទេនោះ។
បុគ្គលិកជាតិប្រមាណ ២៧០នាក់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលគាំទ្រដោយអង្គការសហប្រជាជាតិ រួមមានអ្នកបើកបររថយន្ត និងចៅក្រមជាច្រើនរូបផងនោះ ពុំបានទទួលប្រាក់បៀវត្សរ៍តាំងពីខែវិច្ឆិកា ឆ្នាំ២០១២ មក។ ភាគីជាតិនៃសាលាក្ដីខ្មែរក្រហមត្រូវការថវិកាជំនួយចំនួនប្រមាណ ៧លានដុល្លារជាបន្ទាន់ សម្រាប់ការចំណាយឆ្នាំ២០១៣។
ដើមបណ្ដឹងរដ្ឋប្បវេណីខកចិត្តចំពោះមរណភាពជនជាប់ចោទ អៀង សារី
ចំណែកក្រុមពលរដ្ឋចំនួន ១៥០នាក់ ដែលជាដើមបណ្ដឹងរដ្ឋប្បវេណីសំណុំរឿងក្ដី ០០២ បានចេញសេចក្ដីថ្លែងការណ៍រួមមួយបង្ហាញពីការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំងអំពីមរណភាពរបស់ជនជាប់ចោទ អៀង សារី ដែលបាននាំយកទៅជាមួយនូវអាថ៌កំបាំងក្នុងអំឡុងពេលដែលសវនាការកំពុងតែប្រព្រឹត្តទៅ និងមុននឹងមានសេចក្ដីសម្រេចណាមួយអំពីពិរុទ្ធភាពលើបទឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់លើរូបគាត់។
សេចក្ដីថ្លែងការណ៍ដែលបានផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់តំបន់នៃដើមបណ្ដឹងរដ្ឋប្បវេណីកាលពីថ្ងៃទី១៥ ខែមីនា នៅខេត្តបាត់ដំបង គូសបញ្ជាក់ថា មរណភាពរបស់ អៀង សារី គឺជាការពញ្ញាក់ស្មារតីដល់ពលរដ្ឋដើមបណ្ដឹងឱ្យកាន់តែមានក្ដីព្រួយបារម្ភថា សាលាក្ដីខ្មែរក្រហមអាចនឹងមិនឈានទៅរកយុត្តិធម៌ជូនជនរងគ្រោះបាន។
ក្រុមដើមបណ្ដឹងរដ្ឋប្បវេណីនៅតែចង់បានយុត្តិធម៌ ចង់ដឹងការពិត និងទន្ទឹងរង់ចាំលទ្ធផលនៃការកាត់ក្ដីរបស់តុលាការខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
