អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែមិថុនា ថា នឹងធ្វើសវនាការលើកទីមួយ លើបណ្ដឹងសាទុក្ខក្នុងសំណុំរឿងលេខ ០០២ វគ្គ ១ នៅដើមខែកក្កដា ខាងមុខ។ តុលាការចាត់ទុកថា បណ្ដឹងនេះមានភាពស្មុគស្មាញ។
បណ្ដឹងសាទុក្ខដែលអង្គជំនុំជម្រះតុលាការកំពូលគ្រោងធ្វើសវនាការនៅដើមខែកក្កដា ខាងមុខ គឺធ្វើឡើងដោយជនជាប់ចោទ នួន ជា និង ខៀវ សំផន ប្រឆាំងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង កាលពីខែសីហា ឆ្នាំ២០១៤។ សាលក្រមនោះ សម្រេចដាក់គុកអស់លោកទាំងពីរអស់មួយជីវិត។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា បណ្ដឹងសាទុក្ខនេះមានភាពធំធេង និងស្មុគស្មាញ ដោយប្រៀបធៀបទៅនឹងកិច្ចដំណើរការនីតិវិធីដទៃទៀត ពាក់ព័ន្ធអំពើឃោរឃៅធ្ងន់ធ្ងរ ដែលរងការចោទប្រកាន់នោះ។ ភាគីនៅក្នុងបណ្ដឹងសាទុក្ខ បានលើកឡើងទឡ្ហីករណ៍រាប់រយចំណុច ។
លោក នេត្រ ភក្ត្រា៖ «ចំពោះសហព្រះរាជអាជ្ញា គឺបានផ្ដោតទាក់ទងជាមួយនឹងការស្នើសុំឱ្យអង្គជំនុំជម្រះតុលាការកំពូលដោះស្រាយនឹងភាពអាចអនុវត្តបាន នូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលគេហៅថា សហឧក្រិដ្ឋកម្មរួមទី៣ នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានេះ ហើយជនជាប់ចោទ នួន ជា ហើយនិង ខៀវ សំផន បានប្ដឹងជំទាស់ទៅនឹងអង្គហេតុ និងអង្គច្បាប់មួយចំនួន ហើយបណ្ដឹងសាទុក្ខ ដែល ខៀវ សំផន និង នួន ជា បានដាក់ទៅតុលាការកំពូលហ្នឹង បានលើកឡើងនូវទឡ្ហីករណ៍ជាង ៣៧០ចំណុច នៅក្នុងបណ្ដឹងសាទុក្ខ ដោយរួមបញ្ចូលទាំងបញ្ហាដែលពុំបានកើតឡើងនៅក្នុងសាលក្រមផងដែរ»។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះតុលាការកំពូលសរសេរថា សវនាការលើបណ្ដឹងសាទុក្ខនោះ នឹងមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកក្កដា។ ដោយឡែកថ្ងៃទី៧ ជាថ្ងៃបម្រុង នៅពេលត្រូវការពេលវេលាបន្ថែម។ សវនាការអង្គជំនុំជម្រះតុលាការកំពូលនឹងស្ដាប់សក្ខីកម្មរបស់សាក្សី ៣រូប។
ការជំនុំជម្រះលើសំណុំរឿង ០០២ វគ្គ ១ ជនជាប់ចោទ ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជនជាប់ចោទ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា ត្រូវសាលាដំបូងជំនុំជម្រះពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺការជម្លៀសពលរដ្ឋដោយបង្ខំពីទីក្រុង និងតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។
ទន្ទឹមគ្នានឹងការរង់ចាំសេចក្ដីសម្រេចលើបណ្ដឹងសាទុក្ខពីតុលាការកំពូល អង្គជំនុំជម្រះសាលាដំបូងកំពុងធ្វើសវនាការលើសំណុំរឿង ០០២ វគ្គ ២ បន្ត ដោយផ្ដោតលើអង្គហេតុជីវភាពសហករណ៍ និងមន្ទីរសន្តិសុខនៅខេត្តតាកែវ និងការដ្ឋានការងារបង្ខំធ្ងន់ធ្ងរនៅខេត្តកំពង់ធំ គឺទំនប់ ១ មករា ក្រោមការគ្រប់គ្រងរបស់គណៈភូមិភាគឈ្មោះ កែ ពក។ នៅថ្ងៃទី៤ មិថុនា អង្គជំនុំជម្រះសាលាដំបូង បានស្ដាប់សក្ខីកម្មពីប្រពន្ធរបស់ កែ ពក គឺលោកស្រី ស៊ូ សឿន។
ដោយឡែកនៅថ្ងៃទី៤ ខែមិថុនា ដដែល សហចៅក្រមស៊ើបអង្កេត ក៏បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយដែរ ដោយសម្រេចលើកលែងការចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ូ ម៉េត។
លោក នេត្រ ភក្ត្រា ថ្លែងថា ការសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងលោក ស៊ូ ម៉េត គឺបន្ទាប់ពីលោកស្លាប់កាលពីខែមិថុនា ឆ្នាំ២០១៣៖ «អ៊ីចឹងមរណភាពរបស់ ស៊ូ ម៉េត ហ្នឹងបានបញ្ចប់ការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងគាត់ ដោយសារតែគាត់ស្លាប់ ហើយក៏បញ្ចប់ការទាមទារបណ្ដឹងរដ្ឋប្បវេណីប្រឆាំងគាត់ដែរ គឺការទាមទារសំណង ក៏ប៉ុន្តែ វានឹងមិនប៉ះពាល់ដល់ជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីទេ ពីព្រោះថាបទចោទអាចទៅលើអ្នកផ្សេងថែមទៀត»។
លោក ស៊ូ ម៉េត អតីតមេបញ្ជាការទ័ពអាកាសនៃរបបកម្ពុជាប្រជាធិបតេយ្យ ជាជនសង្ស័យមួយរូប ដែលសាលាក្ដីខ្មែរក្រហមចោទប្រកាន់ពីបទព្រហ្មទណ្ឌ ក្នុងសំណុំរឿងលេខ ០០៣។ សំណុំរឿងលេខ ០០៣ ដែលពេលនេះកំពុងនៅក្រោមការស៊ើបអង្កេត នៅសល់ជនត្រូវចោទតែម្នាក់គត់ គឺលោក មាស មុត អតីតជាមេបញ្ជាការទ័ពជើងទឹកនៃរបបកម្ពុជាប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។