សាក្សី​អតីត​កុមារ​ពេទ្យ​នៅ​មន្ទីរ​សន្តិសុខ​ស-២១​ផ្ដល់​សក្ខីកម្ម​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

0:00 / 0:00

សាក្សី​ជា​អតីត​កុមារ​ពេទ្យ​មួយ​រូប នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ប្រាប់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​សាលាក្ដី​ខ្មែរ​ក្រហម​ថា លោក​ធ្លាប់​ព្យាបាល​អ្នក​ទោស​ដែល​គេ​ឃុំ​នៅ​ទី​នោះ។ នេះ​គឺ​ជា​សក្ខីកម្ម​សាក្សី​ទី​៦ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួល​ស្លែង កាល​ពី​ក្នុង​របប​ខ្មែរក្រហម។

អតីត​ពេទ្យ​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួល​ស្លែង ជា​កុមារ​ក្នុង​វ័យ ១៦​ឆ្នាំ គឺ​សាក្សី​ឈ្មោះ ម៉ក់ ធីម ឬ ម៉ក់ ស៊ីធីម អះអាង​ថា លោក​ធ្លាប់​ព្យាបាល​អ្នកទោស​ដែល​រង​របួស​ដោយ​សារ​គេ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ៖ «អ្នកទោស​ដែល​ខ្ញុំ​ទៅ​ព្យាបាល​លាង​របួស​ហ្នឹង ប្រាប់​ខ្ញុំ​ថា គេ​វាយ គេ​សួរ​ចម្លើយ​វាយ។ សួរ​យ៉ាង​ម៉េច​បាន​របក​ក្រចក​អ៊ីចឹង? គេ​ថា បង​ដក​ដោយ​ដង្កាប់​ក្រចក​ជើង​ហ្នឹង អ្នក​សួរ​ចម្លើយ​ហ្នឹង។ ឆក់​ខ្សែ​ភ្លើង​មាន​ប្រាប់​អ៊ីចឹង​ដែរ ប្រាប់​ថា ឆក់​សន្លប់។ ប៉ុន្តែ​មិន​មែន​​មក​សន្លប់​ទេ សន្លប់​នៅ​កន្លែង​វា វា​បណ្ដើរ​មក​ទេ។ មិន​មែន​សន្លប់​យក​ប្រង់កា​ទៅ​ទេ»

សក្ខីកម្ម​របស់​សាក្សី ម៉ក់ ធីម គឺ​ជា​ការ​បញ្ជាក់​បន្ថែម​ទៅ​នឹង​សក្ខីកម្ម​របស់​អតីត​អ្នកទោស ជុំ ម៉ី ដែល​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា អះអាង​ក្នុង​សវនាការ​ថា អ្នក​សួរ​ចម្លើយ​នៅ​គុក​ទួល​ស្លែង បាន​វាយ​ដំ​​សួរ​ចម្លើយ​លោក កាល​ពី​ឆ្នាំ ១៩៧៧៖ «វា​យក​ដង្កាប់​មួល​ក្រចក​មេជើង​ហ្នឹង​ទាញ​ផ្ដាច់។ ពេល​យើង​ឆ្លើយ​ថា យើង​អត់​ស្គាល់ សេ.អ៊ី.អា កាហ្សេបេ ហ្នឹង​ទេ។ ពេល​ហ្នឹង​វា​វាយ​ថែម​ទៀត។ វាយ​ហើយ វា​យក​ខ្សែ​ភ្លើង​មក​ញាត់​ស្លឹក​ត្រចៀក​យើង។ ញាត់​ឆាច់​ទៅ ប៊ឹង! ដូច​រយះ​បែក​អំពិលអំពែក​អ៊ីចឹង។ យើង​សន្លប់​មួយ​សន្ទុះ​ធំ។ វា​វាយ ១២​ថ្ងៃ ១២​យប់។ វា​វាយ​ពេល​ព្រឹក ពី​ម៉ោង ៧ ដល់​ម៉ោង ១១។ ម៉ោង ១ រហូត​ដល់​ម៉ោង ៥។ ពី​ម៉ោង ៦ រហូត​ដល់​ម៉ោង ១០​យប់។ ដល់​សួរ​ចប់​ហើយ បាន​វា​យក​ទៅ​ដាក់​នៅ​ឯ​លើ​នោះ ៤​ខែ»

នៅ​មុន​សក្ខីកម្ម​របស់​សាក្សី ម៉ក់ ធីម បន្តិច អតីត​អ្នក​សួរ​ចម្លើយ​មួយ​រូប គឺ​លោក ប្រាក់ ខន បញ្ជាក់​ថា ការ​ធ្វើ​ទារុណកម្ម​ជា​ពាក្យ​ត្រូវ​ប្រើ​ជា​សាមញ្ញ និង​ទូទៅ​នៅ​គុក​ទួល​ស្លែង។ លោក​នៅ​ចាំ​បាន​ថា លោក​ប្រើ​មែក​ឈើ​តូចៗ វាយ​អ្នក​ទោស​ម្នាក់​ឈ្មោះ ឆុន ពេល​សួរ​ចម្លើយ៖ «ការ​កាច់​មែក​ឈើ​យក​មក​វាយ​ឈ្មោះ ឆុន ហ្នឹង គឺ​គាត់​ឈឺ​ផ្សា​ណាស់ មិន​មែន​មិន​ឈឺ​ទេ។ ធម្មតា ឱ្យ​តែ​វាយ​ឈឺ​ហើយ រមួល​ខ្លួន។ ពេល​វាយ​នឹង​មែក​ឈើ​តូចៗ មិន​មាន​ឈាម​ទេ មាន​តែ​កន្ទួល​ស្នាម​រំពាត់​តែ​ប៉ុណ្ណឹង។ អត់​មាន​សន្លប់​ទេ។ ស្នាម​កន្ទួល​ហ្នឹង តែ​មួយ ឬ​ពីរ​ថ្ងៃ​បាត់​វិញ​ហើយ។ សូម​បញ្ជាក់​ថា នៅ​ក្នុង​ពេទ្យ ស-២១ ទាល់​តែ​អ្នក​ហ្នឹង​វាយ​ទៅ​របួស​បែក​ដំបៅ​ពេញ​ខ្លួន ទើប​មាន​ពេទ្យ​ព្យាបាល​យក​ចិត្ត​ទុក​ដាក់។ បើ​ត្រឹម​តែ​កន្ទួល​អី ពេទ្យ​អត់​មាន​ទៅ​ជិត​ទេ»

ទាក់ទង​ការ​ព្យាបាល លោក ម៉ក់ ធីម ថ្លែង​ថា លោក​មិន​មែន​ជា​គ្រូពេទ្យ​ដែល​ត្រូវ​ព្យាបាល​អ្នក​ទោស​ទាំង​អស់​នៅ​គុក​ទួលស្លែង​នោះ​ទេ គឺ​គ្រាន់​តែ​ជា​អ្នក​លាង​របួស និង​ផ្ដល់​ថ្នាំ​បុរាណ​ដែល​ផលិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល៖ «ខ្ញុំ​មាន​តែ​លាង​របួស​នឹង​ទឹក​អំបិល និង​ថ្នាំ​ក្រហម ថ្នាំ​ផ្សេងៗ ហើយ​រុំ​កុំប្រេស (Compress) ឱ្យ​គាត់​ទៅ។ ដល់​ម៉ោង​ខ្ញុំ​លាង​មួយ​សា​ទៀត មិន​អាច​ចោល​បាន​ទេ ត្រូវ​វេន​របស់​ខ្ញុំ។ បើ​មិន​លាង​ទេ គេ​ត្រូវ​ចោទ​ប្រកាន់​ខ្ញុំ​ថា បម្រើការ​មិន​ល្អ ក៏​ត្រូវ​ដាក់​ទោស​ដាក់​ពៃរ៍​ដែរ»

រហូត​មក​ដល់​ពេល​នេះ អង្គ​ជំនុំជម្រះ​សាលា​ដំបូង កំពុង​ស្ដាប់​សក្ខីកម្ម​នានា ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួល​ស្លែង ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី ២។ សហ​ព្រះរាជ​អាជ្ញា​ស្នើសុំ​ឱ្យ​អង្គ​ជំនុំជម្រះ​កោះហៅ​សាក្សី​មួយ​ចំនួន​បន្ថែម​ទៀត​ឱ្យ​បាន​ឆាប់​នៅ​ក្នុង​អង្គហេតុ​នេះ។

ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​២ ឧសភា ដដែល ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន សុំ​អង្គ​ជំនុំជម្រះ​សាលាក្ដី​ខ្មែរក្រហម ឱ្យ​ផ្អាក​សវនាការ​បួន​សប្ដាហ៍ ដើម្បី​ឱ្យ​ភាគី​ខ្លួន​មាន​ពេល​ត្រៀម​គ្រប់គ្រាន់។ ប៉ុន្តែ​អង្គ​ជំនុំជម្រះ​នៅ​មិន​ទាន់​សម្រេច​លើ​ការ​ស្នើសុំ​នេះ​ទេ ហើយ​អង្គ​ជំនុំជម្រះ​នឹង​ប្រកាស​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ទី​៣ ឧសភា។ ​អង្គ​ជំនុំជម្រះ​ក៏​គ្រោង​ស្ដាប់​សាក្សី​មួយ​រូប​ទៀត បន្ទាប់​ពី​សក្ខីកម្ម​របស់​សាក្សី ម៉ក់ ធីម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។