តើ​សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្ដល់​គំរូ​អ្វី​ខ្លះ​ដល់​សាលា​ជម្រះ​ក្ដី​ផ្សេង​ទៀត​នៅ​កម្ពុជា?

0:00 / 0:00

នៅ​ពេល​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​កាត់​ថា សាលា​ក្តី​ខ្មែរ​ក្រហម ក្រុម​អ្នក​ដឹក​នាំ​នយោបាយ និង​អ្នក​ឯកទេស​ខាង​តុលាការ​សង្ឃឹម​ថា តុលាការ​នេះ​ក្នុង​ពេល​អនាគត នឹង​ក្លាយ​ទៅ​ជា​តុលាការ​គំរូ​មួយ​សម្រាប់​សាលា​ជម្រះ​ក្តី​ផ្សេង​ទៀត​នៅ​កម្ពុជា។

តែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ចាត់​ទុក​ថា តុលាការ​នេះ​កាត់​ក្តី​មាន​សភាព​យឺតយ៉ាវ​ណាស់ និង​ចំណាយ​លុយ​ច្រើន​ទៀត​ផង។ មក​ទល់​ពេល​នេះ តើ​តុលាការ​នោះ​បាន​ផ្តល់​ភាព​គំរូ​អ្វី​ខ្លះ​ហើយ?

អ្នក​ច្បាប់ និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​តាម​ដាន​ដំណើរ​ការ​កាត់​ក្តី​របស់​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ចាត់​ទុក​ថា ការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស នួន ជា និង ខៀវ សំផន នៅ​ថ្ងៃ​ទី​៧ សីហា នេះ គឺ​ជា​លទ្ធផល​មួយ​នៃ​ការ​ប្រឹងប្រែង​របស់​ចៅក្រម និង​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​សាលា​ក្តី​ខ្មែរ​ក្រហម ហើយ​សាលា​ក្តី​នេះ​មាន​លក្ខណៈ​ជា​គំរូ​ច្រើន​ចំណុច ដែល​ចៅក្រម និង​មន្ត្រី​តុលាការ​ថ្នាក់​ជាតិ អាច​រៀនសូត្រ​តាម។

លោក ហុង គឹមសួន មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ សីហា ថា សាលា​ក្តី​ខ្មែរ​ក្រហម ផ្តល់​នូវ​គំរូ​ល្អ​ក្នុង​ការ​កាត់​ក្តី​រឿង​ព្រហ្មទណ្ឌ ដល់​តុលាការ​ក្នុង​ស្រុក ដោយ​គោរព​សិទ្ធិ​ជន​ជាប់​ចោទ ផ្តល់​ឱកាស និង​ពេល​វេលា​គ្រប់គ្រាន់​ឲ្យ​ជន​ជាប់​ចោទ​បង្ហាញ​ភស្តុតាង និង​សាក្សី ដើម្បី​ការពារ​ខ្លួន៖ «គេ​មិន​អាច​ធ្វើ​ការ​សន្មត​ជា​មុន​ទៅ​លើ​ជន​ជាប់​ចោទ ឬ​ជន​សង្ស័យ ឬ​ជន​ដែល​គេ​គិត​ថា ជា​ឃាតក​នោះ​ជា​មុន​ទេ។ គេ​ត្រូវ​ឲ្យ​មាន​ការ​ប្រមូល​ភស្តុតាង​ដោយ​ប៉ូលិស និង​ព្រះរាជ​អាជ្ញា​ឲ្យ​គ្រប់គ្រាន់ ធ្វើ​ការ​សម្រេច​ចោទ​ប្រកាន់​ដោយ​មាន​មូលដ្ឋាន​សិន ទើប​គេ​ទៅ​ចាប់​មនុស្ស​មក​ដាក់​មន្ទីរ​ឃុំឃាំង។ មិន​មែន​ដូច​តុលាការ​ជាតិ ចង់​ចាប់​ចង់​ចង​នរណា មិន​ចាំបាច់​មាន​ភស្តុតាង​គ្រប់​ទេ គឺ​គេ​ចាប់​មនុស្ស​មក មក​ឃុំ មក​ចោទ​តែ​ម្តង ដោយ​គ្មាន​ការ​គោរព​សិទ្ធិ​ថា គ្មាន​ទោស​ជា​មុន ឬ​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ»

លោក​បាន​បន្ថែម​ថា នៅ​ពេល​សាលា​ក្តី​ខ្មែរ​ក្រហម បញ្ចប់​ការងារ​របស់​ខ្លួន ក្រុម​ការងារ​មួយ​នឹង​មាន​រៀបចំ​ចងក្រង​ឯកសារ​នានា ទាក់ទង​របៀប​ធ្វើ​ការ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ដើម្បី​ឲ្យ​ចៅក្រម​តុលាការ​ជាតិ​រៀន​សូត្រ​តាម។

ចំណែក លោក ឡាត់ គី អ្នក​សង្កេតការណ៍​កាត់​ក្តី​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម មក​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មាន​យោបល់​ថា ដំណើរ​ការ​កាត់​ក្តី​របស់​ចៅក្រម ព្រះរាជ​អាជ្ញា មេធាវី​គ្រប់​ភាគី​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម គឺ​មាន​ភាព​ច្បាស់​លាស់ សមស្រប​ទាំង​ពេល​វេលា និង​គោរព​ភាគី​សង្ខាង​បាន​ល្អ​ទៀត​ផង៖ «ចំណុច​មួយ​ទៀត​ដែល​តុលាការ​នេះ​ជា​គំរូ គឺ​ការ​ចូលរួម​ជា​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី មាន​ន័យ​ថា ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី មាន​ឱកាស​នៅ​ក្នុង​ការ​ចូលរួម នៅ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ នៅ​ក្នុង​តុលាការ​នេះ ហើយ​នេះ​ជា​លើក​ទី​១ ដែល​យើង​បាន​ឃើញ បើ​ធៀប​ជាមួយ​តុលាការ​ឯ​ទៀត ដែល​មាន​ទម្រង់​បែប​នេះ ហើយ​វា​ជា​គំរូ​សម្រាប់​តុលាការ​ជាតិ ជាពិសេស​គឺ​តុលាការ​ក្នុង​ស្រុក ដែល​គួរ​តែ​បង្ក​លក្ខណៈ​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី បាន​ចូលរួម​ស្វែង​រក​យុត្តិធម៌​ដោយ​ផ្ទាល់ ជាពិសេស​យុត្តិធម៌​នៅ​ក្នុង​សហគមន៍​របស់​គាត់»

រីឯ លោក ឡុង បញ្ញាវុឌ្ឍន៍ មន្ត្រី​កម្មវិធី​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា ដែល​ជា​អ្នក​តាម​ដាន​ដំណើរ​ការ​កាត់​ក្តី​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម មួយ​រូប​ដែរ​មាន​ប្រសាសន៍​ថា សាលា​ក្តី​ខ្មែរ​ក្រហម នេះ​បាន​ផ្តល់​នូវ​ភាព​គំរូ​ជាច្រើន​ដល់​ការងារ​តុលាការ​របស់​កម្ពុជា ដូច​ជា សិទ្ធិ​ជន​ចាប់​ចោទ​ឆ្លើយ​បំភ្លឺ​របៀប​កាត់​សេចក្តី​ប្រកប​ដោយ​ការ​ស្រាវជ្រាវ​ស៊ី​ជម្រៅ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ប៉ុន្តែ​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ នៅ​តែ​មាន​ទៅ​លើ​ស្ថាប័ន​តុលាការ​នេះ៖ «ទី​១ គំរូ​ដែល​អាច​ផ្តល់​បាន​ខ្លះ​នេះ គឺ​ចំណេះ​ចៅក្រម​បាន​មួយ​ចំណែក។ ទី​២ សាលា​ក្តី​ខ្មែរ​ក្រហម នេះ​នៅ​ក្នុង​សំណុំ​រឿង​ដែល​រដ្ឋាភិបាល​ចង់​ឲ្យ​មាន ដូច​ជា សំណុំ​រឿង ០០១ ឬ ០០២ ពិនិត្យ​ទៅ​មើល​ជន​ជាប់​ចោទ សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​នោះ យើង​ឃើញ​ថា សាលា​ក្តី​ពិត​ជា​ដើរ​បាន​ជំហាន​ដ៏​ល្អ​មែន។ សាលា​ក្តី​នេះ អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​អាច​ជម្រះ​ក្តី​រឿង​ព្រហ្មទណ្ឌ។ ប៉ុន្តែ​អ្វី​ដែល​មិន​គំរូ​នោះ ហើយ​សាលា​ក្តី​មិន​បាន​ធ្វើ​កិច្ចការ​នោះ និង​ការ​ធានា​ឯករាជ្យ​ភាព ទាក់ទង​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល»

លោក ឡុង បញ្ញាវុឌ្ឍន៍ បាន​ឲ្យ​ដឹង​បន្ថែម​ថា គំរូ​ល្អ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម នេះ មិន​ដឹង​ថា ស្ថាប័ន​តុលាការ​ជាតិ អាច​ធ្វើ​បាន​តាម​ដូច ឬ​ក៏​អត់​ទេ ពីព្រោះ​ដើម្បី​ធ្វើ​តាម​បាន ទាល់​តែ​មាន​ធនធាន និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់។

ចំណែក លោក នេត្រ ភក្ដ្រា មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ថ្លែង​ឲ្យ​ដឹង​ថា សាលា​ក្តី​ខ្មែរ​ក្រហម នេះ ផ្តល់​នូវ​គំរូ​ជាច្រើន​ដល់​តុលាការ​ជាតិ រួម​មាន​របៀប​កាត់​ក្តី ជន​រងគ្រោះ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី បង្កើន​សមត្ថភាព​ចៅក្រម និង​មន្ត្រី​តុលាការ​ដែល​បំពេញ​ការងារ​នៅ​សាលា​ក្តី និង​ផ្តល់​គំរូ​ក្នុង​របៀប​ចងក្រង និង​គ្រប់គ្រង​ឯកសារ និង​មាន​របៀប​ផ្តល់​ព័ត៌មាន​ទៀង​ទាត់​ដល់​សាធារណជន។

លោក នេត្រ ភក្ដ្រា បាន​ឲ្យ​ដឹង​បន្ថែម​ថា សាលា​ក្តី​ខ្មែរ​ក្រហម បាន​ចាប់​ផ្តើម​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៦ មក ហើយ​មក​ទល់​បច្ចុប្បន្ន បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ ២១៥​លាន​ដុល្លារ​អាមេរិក។

បើ​ទោះ​បី​ជា​សាលា​ក្តី​ខ្មែរ​ក្រហម មាន​ចំណុច​ល្អ និង​ភាព​គំរូ​ជាច្រើន​ក្តី ក៏​សាលា​ក្តី​មួយ​នេះ​មាន​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែរ ដោយសារ​មាន​ប្រជាពលរដ្ឋ និង​ច្បាប់​មួយ​ចំនួន​លើក​ឡើង​ថា ការ​កាត់​ក្តី​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម នេះ ប្រើ​ពេល​វេលា​យូរ​ពេក​លើ​សំណុំ​រឿង​នីមួយៗ ហើយ​ចំណាយ​ប្រាក់​ច្រើន​ទៀត​ផង។

លោក ឡុង បញ្ញាវុឌ្ឍន៍ មាន​ប្រសាសន៍​ថា ការ​កាត់​ទោស​មនុស្ស​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ តែ​ចំណាយ​ប្រាក់​ច្រើន​ពេក៖ «អ៊ីចឹង​យើង​ទទួល​ស្គាល់​ទាំងអស់​គ្នា​ថា កន្លែង​ខ្លះ​មាន​ការ​យឺតយ៉ាវ​មែន ឧទាហរណ៍​ការងារ​ស៊ើប​អង្កេត​វា​យឺត​ពេក សាលក្រម​ក៏​វា​យូរ​នៅ​ក្នុង​ការ​ចេញ នេះ​វា​ជា​ការ​ពិត តែ​យើង​ទទួល​ស្គាល់​ថា តុលាការ​នេះ​គួរ​ធ្វើ​កិច្ចការ​ឲ្យ​បាន​លឿន​ជាង​នេះ​បន្តិច។ បើ​យើង​គិត​អំពី​ការ​ចំណាយ​ដែល​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ចំណាយ​នេះ ច្រើន​មែន​ទែន នៅ​ពេល​ដែល​មាន​ជន​ជាប់​ចោទ​តែ ៦​នាក់ ហើយ​មាន​សំណុំ​រឿង​តែ​២​នោះ»

ប៉ុន្តែ លោក នេត ភក្ដ្រា អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា ដោយសារ​ការ​កាត់​ក្តី​នេះ មាន​ការ​ចូលរួម​ទាំង​ចៅក្រម​ជាតិ និង​អន្តរជាតិ ហើយ​បទ​ចោទ​នៅ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម នេះ ជា​រឿង​ធំៗ និង​បាន​កន្លង​ផុត​ទៅ​ជាច្រើន​ឆ្នាំ។ ដូច្នេះ គេ​ត្រូវ​ចំណាយ​ថវិកា និង​ពេល​វេលា​ច្រើន ដើម្បី​ស្រាវជ្រាវ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​កាត់​ក្តី​នេះ​មាន​យុត្តិធម៌ ផ្តល់​ទៅ​ឲ្យ​ទាំង​ជន​រងគ្រោះ និង​ជន​រង​ការ​ចោទ​ប្រកាន់។

ចាប់​តាំង​ពី​ដំណើរ​ការ​សាលា​ក្តី​ខ្មែរ​ក្រហម នេះ​តាំង​ពី​ឆ្នាំ​២០០៦ មក មាន​សាលក្រម​ចំនួន​២​ប៉ុណ្ណោះ ដែល​បាន​ប្រកាស​ជា​សាធារណៈ គឺ​សាលក្រម​សំណុំ​រឿង ០០១ ផ្ដន្ទាទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ជា​អតីត​មេ​គុក​ទួលស្លែង ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត និង​សាលក្រម​លើ​សំណុំ​រឿង ០០២ វគ្គ​១ ផ្តន្ទាទោស ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។