អ្នក​ជំនាញ​ថា​ការ​រៀបការ​ដោយ​បង្ខំ​នៅ​ក្នុង​របប​ខ្មែរក្រហម​គឺ​ជាបទ​​ឧក្រិដ្ឋ

ដោយ ឡេង ម៉ាលី
2016.10.12
ផិគី ឡឹវ៉ាញ Peggy ៨៥៥ អ្នក​ជំនាញ​ចិត្តសាស្ត្រ និង​ជា​នរៈវិទូ អ្នកស្រី ផិគី ឡឹវ៉ាញ (Peggy Levine) ផ្ដល់​សក្ខីកម្ម​នៅ​អង្គ​ជំនុំជម្រះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។
Photo courtesy of ECCC

អង្គ​ជំនុំជម្រះ​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​សាក្សី​ជា​អ្នក​ជំនាញ ឈ្មោះ ផិគី ឡឹវ៉ាញ (Peggy Levine) ស្ដីពី​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកស្រី​អំពី​ការ​រៀប​ការ​ដោយ​បង្ខំ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​ជា​បទ​ឧក្រិដ្ឋ។ ទាក់ទង​នឹង​ការ​រៀបការ​នេះ​ដែរ ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប ឡើង​មក​ផ្ដល់​សក្ខីកម្ម​ជូន​អង្គ​ជំនុំជម្រះ​អំពី​ភាព​រងគ្រោះ និង​ការ​ឈឺ​ចាប់​របស់​ខ្លួន ដោយសារ​តែ​ការ​បង្ខំ​ឲ្យ​រៀបការ​នេះ។

ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​មួយ​រូប ដែល​ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោកស្រី​ឈ្មោះ ប៉ែន សុខចាន់។ លោកស្រី​ត្រូវ​បាន​កម្មាភិបាល​ខ្មែរ​ក្រហម​បង្ខំ​ឲ្យ​រៀបការ ទោះ​ជា​លោកស្រី​ព្យាយាម​ប្រកែក​យ៉ាង​ណា​ក្ដី៖ «ពេល​ហ្នឹង គេ​មាន​យោបល់​ថា អ្នក​ណា​មិន​ពេញ​ចិត្ត ក៏​ត្រូវ​តែ​ពេញ​ចិត្ត។ ត្រូវ​ប្ដេជ្ញា​ចិត្ត​ជូន​អង្គការ។ ចប់​បង អ៊ុម ហ្នឹង​ទៅ ពូ អឿន ហ្នឹង​ក៏​ថ្លែង​ឡើង គេ​ថា សមមិត្ត​ណា​ក៏​ដូច​គ្នា ប្រកែក​យ៉ាង​ណា​ក៏​ប្រកែក​មិន​រួច​ដែរ ព្រោះ​អង្គការ​បាន​ចាត់​តាំង​សមមិត្ត​ឯង​គ្រប់​គ្នា​នេះ​រៀបការ​ដើម្បី​បង្កើត​កូន​ជូន​អង្គការ ហើយ​ក៏​គេ​ស្រែក​ឲ្យ​យើង​ឡើង​ឈរ​ចាប់​ដៃ។ ទាំង​អស់​គ្នា ១២​គូ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​ឡើង​មាន​យោបល់ ហើយ​គ្រាន់​តែ​ឡើង​ប្ដេជ្ញា​ចិត្ត។ ខាង​ប្រុស​អ្នក​ស្រែក​ប្ដេជ្ញា​ចិត្ត​ទទួល​មិត្ត​នារី​នេះ​អស់​មួយ​ជីវិត រួច​ក៏​ដើរ​ចេញ​ទៅ»

លោកស្រី ប៉ែន សុខចាន់ បន្ត​ថា ហេតុផល​ដែល​ពួក​ខ្មែរក្រហម​បង្ខំ​ឲ្យ​លោកស្រី​រៀបការ ក្នុង​ចំណោម ១១​គូ​ផ្សេង​ទៀត គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​បង្កើត​កូន​ឲ្យ​អង្គការ​បដិវត្តន៍​ទេ។ ក្រោយ​ការ​រៀបការ​ រួច គូស្រករ​រៀបការ​ថ្មី​ទាំង​នោះ ត្រូវ​ពួក​ឈ្លប​តាម​ដាន​ការ​រួម​ដំណេក​នឹង​គ្នា។ ដើម​បណ្ដឹង​រដ្ឋប្បវេណី ប៉ែន សុខចាន់ បញ្ជាក់​ថា លោកស្រី​ត្រូវ​បាន​រំលោភ​បំពាន​ខាង​ផ្លូវ​ភេទ នៅ​ពេល​ដែល​លោកស្រី​ប្រកែក​មិន​ព្រម​រួម​ដំណេក​ក្រោយ​រៀបការ​នោះ៖ «ចូល​ដល់​យប់​ទី​៣ សម្ដី​សមមិត្ត​ប្រធាន អ៊ុម ខ្ញុំ​ចងចាំ​ថា យប់​ទី​៣ គឺ​យប់​ដែល​ខ្ញុំ​ត្រូវ​ស្លាប់។ ដល់​ពេល​នោះ ខ្ញុំ​ក៏​ចូល​រួម​ដំណេក​នឹង​គេ ក៏​ខ្ញុំ​មិន​ព្រម​ដែរ។ ខ្ញុំ​គ្រាន់​តែ​ចូល​ទៅ ខ្ញុំ​ស្លៀក​ខោ​ពីរ​ជាន់។ ដល់​ពេល​ហើយ ឈ្លប​មក​ពីរ​នាក់ គេ​ចង​ដៃ​ខ្ញុំ​ជាប់​នឹង​សសរ​រោង​ទៅ​ក្រោយ​ទៅ ហើយ​ក៏​គេ​ចាប់​សម្រាត​ខោអាវ​ខ្ញុំ​អស់។ គេ​រំលោភ​ខ្ញុំ​បាន​សម្រេច ហើយ​ខ្ញុំ​ធ្លាក់​ឈាម​មួយ​ខែ​ជាង»

រឿងរ៉ាវ​រៀបការ​ដោយ​បង្ខំ​របស់​លោកស្រី​នៅ​ក្នុង​របប​ខ្មែរក្រហម ត្រូវ​ក្រុម​ផលិត​វីដេអូ ឯកសារ ផលិត​ជា​សាច់​រឿង ហើយ​ធ្វើ​ជា​ភស្តុតាង​មួយ​នៅ​ក្នុង​អង្គហេតុ​នេះ។ វីដេអូ ភស្តុតាង​នេះ មាន​ចំណង​ជើង​ថា អាពាហ៍ពិពាហ៍​ក្រហម។ លោកស្រី ប៉ែន សុខចាន់ បាន​ជួប​អតីត​មេកង​ដែល​បង្ខំ​ឲ្យ​លោកស្រី​រៀបការ​ដើម្បី​ចង់​ដឹង​ពី​ការ​ចេញ​បញ្ជា។ ប៉ុន្តែ​អតីត​កម្មាភិបាល​ទាំង​នោះ បាន​ត្រឹម​តែ​ប្រាប់​លោកស្រី​ថា ការ​បង្ខំ​នោះ គឺ​ជា​បញ្ជា​ពី​ថ្នាក់​លើ​បន្ត​ទៀត។

សំឡេង​អតីត​មេកង អឿន៖ «មិន​មែន​ថា​យើង​ហ្នឹង​មាន​សិទ្ធិ​អី​ឯ​ណា​ទេ។ អត់​ហ៊ាន​ទេ ឲ្យ​តែ​ខុស​បន្តិច​គេ​យក​ទៅ​វាល​ចោល​ឥឡូវ​ហ្នឹង។ អត់​បាន​ទេ គឺ​ទាល់​តែ​គេ​បញ្ជា។ បើ​អត់​មាន​បញ្ជា យើង​ហ្នឹង​ទោ​ហ៊ាន​ឬ? ល្មមៗ អត់​ហ៊ាន​ទេ។ ទាល់​តែ​គេ​បញ្ជា​ថា ឥឡូវ​អ្នក​ឯង ក្រុម​នេះ​រៀប​គ្រួសារ​ប៉ុន្មាន​នាក់ៗ។ ទាល់​តែ​គេ​បញ្ជា​មក​បាន​យើង​ហ៊ាន។ បើ​មិន​អ៊ីចឹង អត់​ទេ។ គ្មាន​នរណា​ដែល​ហ៊ាន​ទេ។ សូម្បី​តែ​ធ្វើ​អី​បន្តិច​ក៏​គ្មាន​នរណា​ហ៊ាន​ដែរ បើ​អត់​មាន​បញ្ជា។ នោះ​ជំនាន់​ហ្នឹង។ (សួរ៖ អ៊ីចឹង​មាន​មេ​ពី​លើ​ពូ​កំណត់​ឲ្យ​ខ្ញុំ​ការ​អ៊ីចឹង?) បាទ! សុទ្ធ​តែ​មាន​មេ​គេ​ពី​លើ​មក​គេ​កំណត់។ មិន​មែន​មេ​អី​តែ​យើង​ទេ»

សំឡេង​អតីត​មេកង អ៊ុម៖ «យើង​មិន​មែន​អាច​ចាត់ចែង​ខ្លួន​យើង​បាន​ឯ​ណា ដូច​គាត់​និយាយ​អ៊ីចឹង។ អា​រឿង​កងវរសេនាធំ​អី​គេ​បញ្ជា​ហើយ»

លោកស្រី​ឲ្យ​ដឹង​ថា អ្នក​ដែល​មិន​ព្រម​រួម​ដំណេក​នឹង​គ្នា ត្រូវ​បាន​ពួក​ខ្មែរក្រហម​ចាប់​យក​ទៅ ហើយ​បាត់​ខ្លួន​រហូត។ ការ​រៀប​ការ​ដោយ​បង្ខំ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ត្រូវ​បាន​ជន​រងគ្រោះ​ទាំង​អស់ ដែល​ឡើង​មក​ផ្ដល់​សក្ខីកម្ម​នៅ​សាលាក្ដី​ខ្មែរក្រហម អះអាង​ដូចៗ គ្នា​ថា ជា​ការ​រៀបការ​មិន​ត្រឹមត្រូវ​តាម​ប្រពៃណី​ខ្មែរ ព្រោះ​មិន​មាន​ការ​ស្ដី​ដណ្ដឹង មិន​មាន​ភ្លេងភ្លាត់ ការ​ចូល​រួម​ដឹង ឮ​ពី​ម៉ែ​ឪ​សាច់​ញាតិ ហើយ​ក៏​មិន​មាន​ពិធី​សែនព្រេន​ដល់​ដូន​តា​ឡើយ។

អ្នក​ជំនាញ​ចិត្តសាស្ត្រ និង​ជា​នរៈវិទូ អ្នកស្រី ផិគី ឡឹវ៉ាញ (Peggy Levine) បាន​និពន្ធ​សៀវភៅ ទាក់ទង​នឹង​ការ​រៀប​ការ​ដោយ​បង្ខំ​នៅ​ក្នុង​របប​ខ្មែរក្រហម មាន​ចំណង​ជើង​ថា សេចក្ដី​ស្នេហា និង​ភាព​ភ័យ​ខ្លាច។ អ្នកស្រី ផិគី ឡឹវ៉ាញ ថ្លែង​ថា ការ​លុប​បំបាត់​ពិធី​សែនព្រេន​ក្នុង​ការ​រៀបការ​មិន​ត្រឹមត្រូវ​តាម​ប្រពៃណី គឺ​ជា​បទឧក្រិដ្ឋ៖ «ដោយសារ​តែ​ទំនៀមទម្លាប់​ជា​មូលដ្ឋាន​មួយ​ដ៏​ចម្បង​សម្រាប់​វប្បធម៌ ជា​ពិសេស​ខ្ញុំ​មើល​វប្បធម៌​បែប​ម៉ាក្រូ​នៅ​ពេល​នេះ។ អ៊ីចឹង​មូលដ្ឋាន​នៃ​ទំនៀមទម្លាប់​ប្រពៃណី គឺ​និយាយ​អំពី​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​នូវ​ការវិវឌ្ឍន៍​បញ្ញា​ស្មារតី​ទៅ​តាម​ដំណាក់កាល​របស់​វា។ ខ្ញុំ​គិត​ថា អា​ហ្នឹង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​វប្បធម៌​ហើយ»

ការ​រៀបការ​ដោយ​បង្ខំ និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ នៅ​ក្នុង​របប​ខ្មែរក្រហម​ជា​បទឧក្រិដ្ឋ​មួយ​ក្នុង​សំណុំរឿង​លេខ ០០២ វគ្គ ២ ដែល​សាលាក្ដី​ខ្មែរ​ក្រហម​ចោទ​ប្រកាន់ អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​រូប គឺ នួន ជា និង ខៀវ សំផន។

សក្ខីកម្ម​របស់​លោកស្រី ប៉ែន សុខចាន់ នៅ​មិន​ទាន់​ចប់​ទេ ហើយ​លោកស្រី​នឹង​មក​បន្ត​សក្ខីកម្ម​នេះ​ទៀត នៅ​ថ្ងៃ​ពុធ ទី​១៣ តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។