សៀវភៅ​ឆ្នាំ​សូន្យ​នឹង​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​១៦​ឧសភា

សៀវភៅ​កំណត់​ហេតុ​ស្ដីពី​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម ក្រោម​ចំណង​ជើង​ថា ឌឹ យាស៏ អូហ្វ ហ្សេរ៉ូ (The Years of Zero) ដែល​មាន​ន័យ​ថា «ឆ្នាំ​សូន្យ» នឹង​ត្រូវ​ដាក់​សម្ពោធ​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែ​ឧសភា នេះ នៅ​សាកលវិទ្យាល័យ «កូឡុំប៊ៀ» (Columbia University) ក្នុង​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក។

សៀវភៅ​នេះ​សរសេរ​ចងក្រង​ឡើង​ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង គឺ​លោក សេង ទី (Seng Ty) រៀប​រាប់​អំពី​ដំណើរ​រឿង​ជីវិត​ពិត​របស់​ក្រុម​គ្រួសារ​លោក ដែល​បាន​ឆ្លង​កាត់​ក្នុង​សម័យ​កាល​ខ្មែរ​ក្រហម។ លោក សេង ទី គឺ​ជា​សមាជិក​គ្រួសារ​តែ​ម្នាក់​គត់ ដែល​នៅ​មាន​ជីវិត​ពី​សម័យ ប៉ុល ពត។ បច្ចុប្បន្ន​លោក​រស់​នៅ និង​បម្រើ​ការងារ​ជា​អ្នក​អប់រំ នៃ​ប្រព័ន្ធ​សាលារៀន​ក្នុង​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts)។

ក្នុង​សៀវភៅ​កំណត់​ហេតុ «ឆ្នាំ​សូន្យ» នេះ អ្នក​និពន្ធ​មាន​បំណង​សរសេរ​ចែក​រំលែក​អំពី​បទ​ពិសោធន៍​របស់​លោក ដែល​កាល​នោះ​លោក​មាន​អាយុ ៧​ឆ្នាំ​នៅ​ឡើយ ហើយ​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ហេតុការណ៍​កាប់​សម្លាប់ និង​ធ្វើ​ទារុណកម្ម​ដ៏​សែន​រន្ធត់​តក់​ស្លុត​ជាច្រើន ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។