អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហមនៅថ្ងៃច័ន្ទ ទី៣០ មីនា ធ្វើសវនាការស្ដាប់សាក្សីជាអ្នកនិពន្ធអាជីពមួយរូប គឺលោក រីឆាដ ឌុដមែន (Richard Dudman)។
លោក រីឆាដ ឌុដមែន ដែលមានវ័យ ៩៧ឆ្នាំ បានផ្ដល់សក្ខីកម្មពីសហរដ្ឋអាមេរិក តាមរយៈការផ្ដល់សំឡេង និងរូបភាពតាមកញ្ចក់ទូរទស្សន៍ ទាក់ទងនឹងការនិពន្ធរបស់លោកជុំវិញរឿងរ៉ាវរបស់ពលរដ្ឋកម្ពុជា នៅពេលលោកធ្វើទស្សនកិច្ចក្នុងរបបខ្មែរក្រហម នៅឆ្នាំ១៩៧៨។
ក្នុងពេលនោះ លោកធ្វើទស្សនកិច្ច ១៩ខេត្ត ប៉ុន្តែលោកថា មានការរឹតត្បិតខ្លាំងណាស់ក្នុងការនិយាយស្ដីជាមួយប្រជាជន។ លោក រីឆាដ ឌុដមែន បញ្ជាក់ថា បទពិសោធន៍របស់លោកនៅប្រទេសកម្ពុជា គឺពួកវៀតកុង ឃុំខ្លួនជាង ៤០ថ្ងៃ នៅដើមទសវត្ស ឆ្នាំ១៩៧០ និងការគំរាមសម្លាប់លោកនៅឆ្នាំ១៩៧៨ គឺក្នុងព្រឹត្តិការណ៍បាញ់សម្លាប់សមាជិកក្រុមរបស់លោកនៅយប់បន្ទាប់ពីពិភាក្សាជាមួយ ប៉ុល ពត។
រឿងបាញ់សម្លាប់នោះ មានការលើកឡើងហេតុផលច្រើនយ៉ាងនៅពេលនោះ។ ប៉ុល ពត ប្រាប់លោកថា ហេតុការណ៍នេះ ជាកលល្បិចរបស់វៀតណាម ដែលចង់បង្ខូចកេរ្តិ៍ឈ្មោះរបបកម្ពុជាប្រជាធិបតេយ្យ។ ក៏ប៉ុន្តែលោកថា គ្មានហេតុផលណាមួយដែលធ្វើឱ្យលោកជឿជាក់បានទេ។
សវនាការស្ដាប់លោក រីឆាដ ឌុដមែន នឹងបន្តទៀត នៅថ្ងៃអង្គារ ទី៣១ មីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
