សាលាក្ដី​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​ធ្វើ​សវនាការ​លើ​អង្គហេតុ​ការដ្ឋាន​ទំនប់​អាង​ត្រពាំងថ្ម

ដោយ ឡេង ម៉ាលី
2015.07.27
ខ្មែរ​ក្រហម ៦២០ ក្រុម​ចៅក្រម​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម មុន​ពេល​ចាប់​ផ្ដើម​ប្រកាស​សាលក្រម​សំណុំ​រឿង ០០២ វគ្គ​១ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤។
Photo courtesy of ECCC

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ចាប់​ផ្ដើម​បន្ត​នីតិវិធី​សវនាការ​ទៀត នៅ​ថ្ងៃ​ទី​២៧ កក្កដា ដោយ​ការ​ពិនិត្យ​ភស្តុតាង​លើ​ការដ្ឋាន​ការងារ​អាង​ត្រពាំងថ្ម ក្នុង​សំណុំរឿង ០០២ វគ្គ ២។ ការដ្ឋាន​ការងារ​អាង​ត្រពាំងថ្ម គឺ​ជា​ការដ្ឋាន​មួយ​ក្នុង​ចំណោម​ការដ្ឋាន ៣ ដែល​សាលាដំបូង​ដាក់​ជា​អង្គហេតុ​ជំនុំជម្រះ​នៅ​បច្ចុប្បន្ន​នេះ។

អង្គ​ជំនុំជម្រះ​សាលាដំបូង នៃ​សាលាក្ដី​ខ្មែរ​ក្រហម ចាប់​ផ្ដើម​ស្ដាប់​ការ​សួរ​ដេញដោល​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទី​មួយ ទាក់ទង​នឹង​អង្គហេតុ​ការងារ​ដោយ​បង្ខំ នៅ​ការដ្ឋាន​ការងារ​អាង​ត្រពាំងថ្ម ក្នុង​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទី​មួយ​ឈ្មោះ សែន សុផុន ជា​ប្រជាជន​ថ្មី​ជម្លៀស​ពី​ទីក្រុង​ភ្នំពេញ ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក​ត្រូវ​អង្គការ​ខ្មែរក្រហម​បង្ខំ​ឱ្យ​លើក​ដី​ធ្វើ​ទំនប់​អាង​ប្រវែង ៣​ម៉ែត្រ​គីប​ក្នុង​មួយ​ថ្ងៃ ដោយ​ត្រូវ​ងើប​តាំង​ពី​ម៉ោង ៤​ព្រឹក​រហូត​ដល់​យប់៖ «ពេល​រសៀល​ម៉ោង ១ ចុះ​ធ្វើ។ ធ្វើ​រហូត​ទាល់​តែ​យប់​ដល់​ម៉ោង ៩ ម៉ោង ១០ ព្រោះ​ថា ៣​ម៉ែត្រ​គីប​ធ្វើ​មិន​ហើយ​ទេ។ ធ្វើ​អត់​ហើយ​គេ​អត់​ឱ្យ​ឈប់។ អត់​មាន​ថ្នាំ​ពេទ្យ​ថ្នាំ​អី​ទេ។ ឈឺ​ដេក​នៅ​ក្នុង​រោង​នោះ​ឯង សូម្បី​តែ​បាយ​ក៏​អត់​ចែក​ឱ្យ​ហូប​ផង។ អត់​មាន​ឱ្យ​សម្រាក អត់​មាន​ពេល​សម្រាក​ទេ»

លោក សុផុន បន្ត​ថា ឪពុក​លោក ដែល​ជា​អតីត​ទាហាន​របប លន់ នល់ ព្រម​ទាំង​ម្ដាយ និង​បងប្អូន​របស់​លោក​ ត្រូវ​បានពួក​ខ្មែរក្រហម​សម្លាប់ ហើយ​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម ចេះ​តែ​បាត់​ខ្លួន​មិន​ដឹង​ទៅ​ណា។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ បញ្ជាក់​ទៀតថា រូប​លោក​បាន​រួច​ជីវិត​ពី​ការ​សម្លាប់ ដោយសារ​តែ​លោក​រត់​គេច​ខ្លួន​ពី​កង​ចល័ត៖ «មាន​មនុស្ស​ស្រី​ម្នាក់ ខ្ញុំ​ទៅ​បើក​បាយ​ម៉ោង ១០ ហើយ ស្រាប់​តែ​គាត់​មក​ប្រាប់​ខ្ញុំ​ភ្លាម។ គាត់​ថា ពូ ផុន គេ​យក​ពូ​ឯង​ទៅ​សម្លាប់​ចោល​ហើយ... ខ្ញុំ​ភ័យ​ណាស់។ គេ​លួច​ប្រាប់​តិចៗ ថា ពូ​ផុន គេ​យក​ពូ​ឯង​ទៅ​វាយ​ចោល​ហើយ។ គេ​ឱ្យ​មេ​កង​ប្រាប់​ឈ្លប​រួច​ហើយ ពូ​ឯង​រត់​ទៅ។ ខ្ញុំ​យក​តែ​កន្តូ​បាយ​រត់​គេច​ទាំង​យប់»

ទាក់ទង​នឹង​អាង​ត្រពាំងថ្ម នេះ​ដែរ មុន​ពេល​ចាប់​ផ្ដើម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ភាគី​សហ​ព្រះរាជអាជ្ញា បាន​ស្នើសុំ​យក​ឯកសារ​ពី​សំណុំរឿង ០០៤ មក​ដាក់​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នេះ។ ក៏​ប៉ុន្តែ​សំណើសុំ​នេះ ត្រូវ​បាន​ភាគី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជំទាស់​ថា អាច​នឹងធ្វើ​ឱ្យប៉ះពាល់​ដល់​ដំណើរ​ការ​សវនាការ​សំណុំរឿង ០០២ វគ្គ ២។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា មាន​មន្ទិល​អំពី​ភាព​ប្រាកដ​ប្រជា​អំពី​សំណុំរឿង ០០៤ នៅ​ថ្ងៃ​ខាង​មុខ៖ «ហេតុ​អ្វី​ក៏​មិន​ទុក​ឱ្យ​ចៅក្រម មេធាវី ០០៣ និង ០០៤ ដោះស្រាយ​ជា​មួយ​សាក្សី ឬ​ក៏​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នេះ​ទៅ? ហេតុ​អី​បាន​ជា​ការ​ចាំបាច់​ឱ្យ​សំណុំរឿង ០០២ វគ្គ ២ ដោះស្រាយ​ជា​មួយ​សាក្សី ឬ​ក៏​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នេះ​ទៅ​វិញ? ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​នោះ​ឡើយ។ អាច​ជា​ការ​ប៉ាន់ស្មាន ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​អាច​ប៉ាន់ស្មាន​បាន គឺ​ថា​សំណុំរឿង ០០៣ និង ០០៤ ប្រហែល​ជា​នឹង​មិន​មាន ឬ​ក៏​ប្រហែល​ជា​មិន​កើត​ឡើង។ ហេតុ​ដូច្នេះ​ហើយ ទើប​យើង​ដាក់​បញ្ចូល​ឯកសារ​ជា​ច្រើន ភស្តុតាង​ជា​ច្រើន​ពី​សំណុំរឿង ០០៣ និង ០០៤ មក​ចូល​ក្នុង​សំណុំរឿង ០០២ ទៅ​វិញ»

អង្គហេតុ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំង​ថ្ម​ អង្គ​ជំនុំជម្រះ​គ្រោង​ស្ដាប់​សាក្សី​ចំនួន ១១​នាក់។ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​ឯកសារ​បន្ថែម​នេះ អង្គ​ជំនុំជម្រះ​សាលាដំបូង​សម្រេច​កែ​សម្រួល​កាល​វិភាគ​មិន​ធ្វើ​សវនាការ​ស្ដាប់​សាក្សី​អំពី​ការដ្ឋាន​ទំនប់​អាង​ត្រពាំងថ្ម​ទេ នៅ​សប្ដាហ៍​ក្រោយ គឺ​អង្គ​ជំនុំជម្រះ​នឹង​ផ្ដល់​ឱកាស​ឱ្យ​ភាគី​នានា ពិនិត្យ​លើ​ឯកសារ ដែល​បានស្នើសុំ​ដាក់​បន្ថែម​ជា​ច្រើន នៅ​រយៈ​ពេល​ចុង​ក្រោយ​ថ្មីៗ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។