ជំហរនេះ គឺធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមមួយ បន្ទាប់ពីជំនួបពិភាក្សារវាងភាគីរាជរដ្ឋាភិបាលកម្ពុជា គឺឧបនាយករដ្ឋមន្ត្រី សុខ អាន និងអ្នកជំនាញការពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់សាលាក្ដីខ្មែរក្រហម គឺលោក ដេវីដ សេហ្វើរ (Dvid Scheffer) កាលពីពេលថ្មីៗ នេះ។
មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែងថា ភាគីទាំងពីរកំពុងកៀរគរសហគមន៍អន្តរជាតិឱ្យជួយផ្ដល់ថវិកាដល់សាលាក្ដីខ្មែរក្រហម ដែលជាបញ្ហាកំពុងជួបប្រទះធ្ងន់ធ្ងរ ដោយមិនមានថវិកាបើកប្រាក់ខែឱ្យបុគ្គលិកភាគីខ្មែរ។ លោកសង្ឃឹមលើកិច្ចខិតខំរបស់ភាគីទាំងពីរ។
លោក នេត្រ ភក្ត្រា៖ «ពីព្រោះយើងឈានដល់ដំណាក់កាលដ៏សំខាន់មួយ ដែលឈានទៅដល់ការបិទបញ្ចប់នូវការជំនុំជម្រះសំណុំរឿង ០០២/១ ដែលយើងរំពឹងថា នឹងមានសាលក្រមមួយនៅចុងឆ្នាំ២០១៤ ខាងមុខ។ ដូច្នេះការជួបប្រទះបញ្ហាថវិកា ការដែលមន្ត្រីបុគ្គលិកមិនទទួលប្រាក់បៀវត្សរ៍ វាអាចជាឧបសគ្គនៅក្នុងការពន្យារនីតិវិធី ដែលធ្វើឲ្យគម្រោងផែនការនៃការបញ្ចប់ការជំនុំជម្រះក្ដី ក៏ដូចជាផ្ដល់នូវសាលក្រមមួយជូនដល់ប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះអាចនឹងត្រូវពន្យារពេល មិនដូចអ្វីដែលគ្រោងទឹក...»។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា ថវិកាសម្រាប់ដំណើរការនៅក្នុងឆ្នាំ២០១៣ នេះ ភាគីកម្ពុជា នៅខ្វះថវិកាចំនួន ៣លានដុល្លារទៀត។ រីឯភាគីអន្តរជាតិនៅមានថវិកាអាចដំណើរការបានរហូតដល់ខែតុលា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
