តំណាងដើមបណ្ដឹងរដ្ឋប្បវេណីជិត ៤៦នាក់ មកពីខេត្តក្រុងទូទាំងប្រទេស ជួបប្រជុំជាមួយមេធាវីរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកាសសាលក្រម អំពីការជំនុំជម្រះក្ដីសំណុំរឿង ០០២ វគ្គ១ ដែលនឹងប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ សីហា។
កិច្ចប្រជុំរវាងតំណាងដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីនាំមុខនៅភ្នំពេញ នៅរសៀលថ្ងៃទី៦ សីហា គឺជាការជួបពិភាក្សាគ្នាឱ្យបានយល់ពីបញ្ហាខ្លះៗជាមុន ដើម្បីជាការត្រៀមខ្លួនរួចស្រេច សម្រាប់ការប្រកាសសាលក្រមសំណុំរឿង ០០២ វគ្គ១ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ សីហា។
មន្ត្រីកម្មវិធីសាលាក្ដីខ្មែរក្រហម នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ដែលសម្របសម្រួលកិច្ចប្រជុំនៅថ្ងៃទី៦ សីហា គឺលោក ឡាត់ គី មានប្រសាសន៍ថា ការជួបជុំគ្នានេះ គឺជាការផ្ដល់ឱកាសដល់តំណាងដើមបណ្ដឹងរដ្ឋប្បវេណី ស្វែងយល់អំពីព័ត៌មានមូលដ្ឋានខ្លះពាក់ព័ន្ធនឹងការចូលរួមក្នុងសវនាការ៖ «សំឡេង»។
តំណាងដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបមកពីខេត្តកណ្ដាល គឺលោក ហេង ប៊ុនណែត ថ្លែងថា លោកមិនទាន់ដឹងថាពេញចិត្ត ឬយ៉ាងណាទេ ចំពោះសាលក្រមនៅថ្ងៃទី៧ សីហា។ លោកថា ជួបពិភាក្សាគ្នាមុនជាការល្អ ប៉ុន្តែពេលនេះ លោកមិនពេញចិត្តចំពោះគម្រោងសំណងចំនួន ១៣គម្រោង ដែលមេធាវីលោកដាក់ជូនតុលាការទេ៖ «សំឡេង»។
តំណាងដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបទៀតមកពីខេត្តក្រចេះ គឺអ្នកស្រី យិន សំអុន មានប្រសាសន៍ថា អ្នកស្រីបារម្ភអំពីការចេញសាលក្រមនេះ ហើយអ្នកស្រីចង់ឱ្យសាលាដំបូងដាក់ពន្ធនាគារអស់មួយជីវិត៖ «សំឡេង»។
ការជ្រួលច្របល់ក្នុងចិត្តនៅពេលនេះ គឺទាក់ទងនឹងគម្រោងសំណង។ តំណាងដើមបណ្ដឹងរដ្ឋប្បវេណី ដែលចូលរួមប្រជុំភាគច្រើនបង្ហាញថា ពួកគាត់ចង់ឱ្យមានសំណងជាថវិកាសម្រាប់ដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់ៗ ទន្ទឹមគ្នានឹងសំណងសមូហភាព។ ក៏ប៉ុន្តែ មេធាវីរបស់ពួកគាត់បញ្ជាក់ថា ការទាមទារសំណងបែបនេះ សាលាក្ដីបដិសេធ ដោយសំអាងថា មិនមានចែងក្នុងច្បាប់។
លោក ឡាត់ គី បញ្ជាក់បន្ថែមថា តំណាងដើមបណ្ដឹងរដ្ឋប្បវេណីថ្នាក់ខេត្តចំនួន ៤៦រូបនេះ គឺជាតំណាងដើមបណ្ដឹងរដ្ឋប្បវេណីគ្រប់ខេត្តក្រុង និងជាតំណាងដើមបណ្ដឹងរដ្ឋប្បវេណីចំនួនពាក់កណ្ដាលនៃចំនួនសរុបក្នុងសំណុំរឿង ០០២ វគ្គ១ ដែលពួកគាត់មានឱកាសចូលរួមស្ដាប់ការប្រកាសសាលក្រមផ្ទាល់នៅសាលាក្ដីខ្មែរក្រហម។ តំណាងទាំងនេះ នឹងនាំយកព័ត៌មានការសម្រេចក្ដីនេះ ទៅផ្សព្វផ្សាយដល់ដើមបណ្ដឹងរដ្ឋប្បវេណីផ្សេងៗទៀត នៅតាមភូមិឃុំរបស់គាត់ដែលមិនមានឱកាសចូលរួមសវនាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
