ជន​រងគ្រោះ​នៃ​សម័យ​ខ្មែរ​ក្រហម​ជួប​ប្រជុំ​ក្នុង​សំណុំ​រឿង​០០២

0:00 / 0:00

ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ជាង ២០០ នាក់ ជួប​ជុំ​នៅ​រាជធានី​ភ្នំពេញ ពិភាក្សា​គ្នា​អំពី​សំណុំរឿង​លេខ ០០២ និង​ការ​វិវឌ្ឍ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម។

កិច្ច​ប្រជុំ​នេះ​រៀបចំ​ដោយ​អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី៦ តុលា និង​ជា​កិច្ច​ប្រជុំ​មួយ ដែល​ផ្ដល់​ឱកាស​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជាង ២០០នាក់ មក​ពី​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ១៣ ជួប​ពិភាក្សា​ជាមួយ​មេធាវី​របស់​ខ្លួន និង​មន្ត្រី​សាលាក្ដី។ប្រធាន​អង្គភាព​គាំពារ​ជន​រងគ្រោះ នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក ហង្ស វណ្ណៈ មាន​ប្រសាសន៍​ថា ការ​ជួប​ប្រជុំ​ជាមួយ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជាង ២០០ នាក់​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​សាលក្រម​របស់​សាលា​ដំបូង ដែល​កាល​​ថ្ងៃ​ទី ៧ ខែ​សីហា កាត់​ទោស​ឱ្យ​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ចំនួន​ពីរ​រូប គឺ នួន ជា និង ខៀវ សំផន ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត៖ «សំឡេង»។

លោក​បញ្ជាក់​ដែរ​ថា​ក្នុង​កិច្ច​ប្រជុំ​នេះ ក៏​នឹង​មាន​ពិភាក្សា​អំពី​ការ​ដាក់​គម្រោង​សំណង​ដែរ។ ដើម​បណ្ដឹង​ខ្លះ​ទាមទារ​ឱ្យ​មាន​សំណង​ជា​បុគ្គល​ឯកជន។

ប្រធាន​ការិយាល័យ​រដ្ឋបាល​ស្ដីទី លោក ក្រាញ់ តូនី មាន​ប្រសាសន៍​ថា ការ​ទាមទារ​សំណង​ជា​បុគ្គល​ជា​សិទ្ធិ​របស់​ជន​រងគ្រោះ ក៏​ប៉ុន្តែ​ការ​អនុវត្តន៍​តាម​ច្បាប់​របស់​សាលាក្ដី​នេះ មិន​អាច​ធ្វើ​ទៅ​បាន​ទេ៖ «សំឡេង»។

កិច្ច​ប្រជុំ​នេះ​ក៏​ជា​ពិធី​ចែក​សាលក្រម​សង្ខេប និង​ពិស្ដារ​ស្ដីពី​ដំណើរ​ការ​ក្ដី ០០២ វគ្គ១ ដែល​ប្រកាស​ដោយ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី ០៧ ខែ​សីហា​កន្លង​ទៅ។ សាលាដំបូង​បាន​កាត់​ទោស ពិរុទ្ធជន នួន ជា និង​ខៀវ សំផន ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត។

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក Joachim Baron von Marschall ថ្លែង​នៅ​ឯ​កិច្ច​ប្រជុំ​នេះ​ថា ការ​ចេញ​សាលក្រម​លើ​សំណុំរឿង ០០២ វគ្គ ១ គឺ​ជា​ចំណុច​សម្គាល់​ផ្នែក​តុលាការ​ដ៏​សំខាន់​មួយ ចំពោះ​វិនាសកម្ម​នៃ​របប​ខ្មែរក្រហម។ លោក​ថា​ជា​ការ​សំខាន់​ដែល​ត្រូវ​ផ្សព្វផ្សាយ​សាលក្រម​នេះ ដើម្បី​បង្ហាញ​ថា ទី​បំផុត​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌៖ « ដូច​អ្នក​ដឹង​ស្រាប់​ហើយ​ថា ប្រទេស​អាល្លឺម៉ង់ មាន​ប្រវត្តិសាស្ត្រ​នៃ​បញ្ហា​ដូច​គ្នា​នេះ នៅ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៣០ ដល់ ១៩៤០។ នៅ​ចំពោះ​មុខ​ប្រវត្តិ​សាវតា​នេះ​ហើយ ទើប​ប្រទេស​អាល្លឺម៉ង់ ចាប់​អារម្មណ៍​ខ្លាំង​នឹង​ការ​សម្រេច​ក្ដី​របស់​សាលាក្ដី​ខ្មែរក្រហម​នេះ »

លោក​បន្ត​ថា​ប្រទេស​អាល្លឺម៉ង់ គឺ​ជា​ប្រទេស​ផ្ដល់​ជំនួយ​សំខាន់​​មួយ ចាប់​តាំង​ពី​ពេល​សាលាក្ដី​មួយ​នេះ​បង្កើត​មក។ លោក​ថា​ប្រទេស​អាល្លឺម៉ង់​នឹង​បន្ត​ផ្ដល់​ជំនួយ​ដល់​សាលាក្ដី​នេះ​ទៀត។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​ច្រើន​រីករាយ​នឹង​ទទួល​យក​សាលក្រម​សំណុំរឿង​លេខ ០០២ វគ្គ ១។ ដោយ​ឡែក​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប មិន​ទទួល​ស្គាល់​សាលក្រម​នេះ​ទេ ដោយ​ចាត់​ទុក​ថា ជា​សាលក្រម​មិន​មាន​យុត្តិធម៌។

សាលាក្ដី​ខ្មែរក្រហម​កាល​ពី​ថ្ងៃ​ទី ៧ ខែ​សីហា បាន​កាត់​សេចក្ដី​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ចំនួន​ពីរ​រូប គឺ នួន ជា និង ខៀវ សំផន ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ទាក់ទង​សំខាន់​នឹង​ការ​ជម្លៀស​ដោយ​បង្ខំ និង​ការ​សម្លាប់​អតីត​អ្នក​រដ្ឋការ​របប​សាធារណរដ្ឋ​ខ្មែរ។

សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម គ្រោង​បើក​សវនាការ​លើ​សំណុំរឿង ០០២ វគ្គ ២ ទៀត នៅ​ថ្ងៃ​ទី ១៧ ខែ​តុលា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។