ដើម​បណ្ដឹង​ជនជាតិ​វៀតណាម​រៀបរាប់​ពី​មូលហេតុ​លោក​នៅ​រស់

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៧ ធ្នូ បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​សាក្សី សៅ សាក់ អំពី​រឿងរ៉ាវ​ដែល​ខ្មែរក្រហម​សម្លាប់​ម្ដាយ​លោកស្រី​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រៃវែង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ អង្គ​ជំនុំជម្រះ​បាន​បន្ត​ស្ដាប់​សក្ខីកម្ម​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​រង​គ្រោះ​ផ្ទាល់​មួយ​រូប​ទៀត ទាក់ទង​នឹង​ហេតុការណ៍​សម្លាប់​ជនជាតិ​វៀតណាម មួយ​កន្លែង នៅ​ខេត្ត​កំពង់ឆ្នាំង។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្មី​ឈ្មោះ ជឿង យ៉ាំងចើត ជា​ជនជាតិ​វៀតណាម ជម្រាប​អង្គ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​៧ ធ្នូ​ថា លោក​ជា​ជន​រងគ្រោះ​តែ​ម្នាក់​គត់​ដែល​​រស់ ហើយ​វារ​ចេញ​ពី​រណ្ដៅ​សម្លាប់​ជនជាតិ​វៀតណាម មួយ នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ក្នុង​របប​​ខ្មែរ​ក្រហម។

លោក ជឿង យ៉ាំងចើត រៀបរាប់​ដូច្នេះ៖ «ខ្ញុំ​ចាំ​ម៉ោង​ប្រហែល ៤​ល្ងាច ហើយ​ម៉ោង ៤​ល្ងាច​ហ្នឹង​ខ្ញុំ​ដើរ​ក៏​មិន​រួច​ដែរ។ ក​ខ្ញុំ​ហើម​ដូច​ក​ក្របី​បាត់​ទៅ​ហើយ ដើរ​ក៏​មិន​រួច​ដែរ។ ដើរ​ក្បាល​ធ្ងន់​ទៅ​មុខ។ បាន​ខ្ញុំ​ត្រដរ​ចូល​មក​ឃុំ​ជើងគ្រោះ មួយ​យប់​ហ្នឹង ដល់​ឃុំ​ជើងគ្រោះ​ ចូល​ផ្ទះ​តា​លី។ សុំ​ស្នាក់នៅ​គេ​ជួយ​ខ្ញុំ​ដែរ ជួយ​ធ្វើ​បុណ្យ​ឱ្យ​ខ្ញុំ។ បាន​ខ្ញុំ​ទៅ​ដល់​ក្រុម​ហ្នឹង​ខ្ញុំ​ថា ម៉ែ​ឪ​ខ្ញុំ​ងាប់​អស់​ហើយ នៅ​សល់​តែ​ម្នាក់​ខ្ញុំ​ទេ ហើយ​ឥឡូវ​របួស​លើ​ក្បាល​ខ្ញុំ​ប៉ុណ្ណឹង​ទៀត។ គាត់​ជួយ​ខ្ញុំ។ គាត់​បេះ​ស្លឹក​ឈើ​អី​ដាក់​ក្បាល​ខ្ញុំ»

លោក ជឿង យ៉ាំងចើត មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​រស់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​បាន​រយៈ​ពេល​ជាង​មួយ​ខែ នៅ​ក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ លោក និង​ជនជាតិ​វៀតណាម ដទៃ​ទៀត ត្រូវ​បាន​ពួក​ខ្មែរក្រហម​នៅ​តំបន់​នោះ ដែល​មាន​ប្រធាន​ឈ្មោះ​ថា តា ពាង ជម្លៀស​ឱ្យ​ទៅ​នៅ​ក្នុង​ឃុំ​ដារ ក្នុង​ស្រុក​នោះ ហើយ​បញ្ជា​ឱ្យ​ជីក​គាស់​គល់​ឈើ​ដើម្បី​ដាំ​ដំឡូង​មី។

លោក​បន្ត​ថា ពួក​ខ្មែរក្រហម​បាន​យក​គ្រួសារ​លោក​ទៅ​សម្លាប់​ដាក់​រណ្ដៅ​រួម​គ្នា ជាមួយ​សមាជិក​គ្រួសារ​បួន​នាក់​ផ្សេង​ទៀត ព្រោះ​តែ​ឈឺ​មិន​អាច​ជីក​គាស់​គល់​ឈើ​បាន៖ «រណ្ដៅ​ហ្នឹង​ពេញ​តែ​ម្ដង។ ទាំង​ម៉ែ​ទាំង​បង​ឪ​ខ្ញុំ​ទាំង​អស់​នៅ​រណ្ដៅ​ហ្នឹង។ ខ្ញុំ​ឃើញ​ច្បាស់លាស់ ពី​ព្រោះ​ខ្ញុំ​ចុង​ក្រោយ​គេ។ ឱ្យ​ខ្ញុំ​លត់​ជង្គង់​ចុះ​ទៅ។ ដល់​ខ្ញុំ​លត់​ជង្គង់​ចុះ​ហើយ ចាប់​ជើង​ខ្ញុំ​ទាញ​ទៅ​ក្រោយ បាន​ខ្ញុំ​ដួល​ក្បាល​ខ្ញុំ​ផ្ងាក​ទៅ​មុខ បាន​គេ​ដៃ​ស្ទាប​លើ​ក្បាល​ខ្ញុំ បាន​គេ​យក​ពូថៅ​គេ​វាយ​លើ​ក្បាល​ខ្ញុំ​បី​ខ្នង​ពូថៅ។ រួច​បាន​គេ​ស្រាយ​ខ្សែ​ចេញ រុញ​ខ្ញុំ​ចូល​រណ្ដៅ»

លោក ជឿង យ៉ាំងចើត ថ្លែង​ថា នៅ​ពេល​ចុង​ក្រោយ​ដែល​លោក និង​ជនជាតិ​វៀតណាម មួយ​ចំនួន​ទៀត បាន​ចេញ​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយសារ​តែ​រដ្ឋាភិបាល​វៀតណាម យក​អង្ករ និង​អំបិល​មក​ដោះដូរ​ជា​មួយ​ពួក​ខ្មែរក្រហម​នៅ​តំបន់​អ្នក​លឿង៖ «យៀកណាម​គេ​និយាយ​នឹង​មុខ​ខ្ញុំ​អ៊ីចឹង​ដែរ​ថា ខ្ញុំ​ហ្នឹង​រស់​ដោយ​អំបិល​អង្ករ​ហ្នឹង​ឯង។ ខ្ញុំ​ដូរ​អស់​លោក​ឯង​ទៅ​ស្រុក​យួន។ ឃើញ​អង្ករ​អំបិល​ច្រើន​មែន តែ​ខ្ញុំ​អត់​រាប់​បេ​បាន​ទេ ព្រោះ​ខ្ញុំ​ឡើង​គោក​ហើយ។ គេ​ឱ្យ​ខ្ញុំ​ឡើង​លើ​គោក​សិន​ហើយ។ ខ្ញុំ​ឡើង​ពី​សាឡង់​លើ​គោក​ហ្នឹង គេ​រាប់​មនុស្ស​​មួយ​មួយ​សាឡង់​ហ្នឹង យក​ពី​ខ្មែរ​ដាក់​អ្នកលឿង​ហ្នឹង​ប៉ុន្មាន​រយ​នាក់​អ៊ីចឹង បាន​គេ​យក​អង្ករ​មក​ដូរ»

ដើម​បណ្ដឹង​រដ្ឋប្បវេណី ជឿង យ៉ាំងចើត អះអាង​ថា លោក​ជា​ជនជាតិ​វៀតណាម កើត​នៅ​ឃុំ​ព្រៃគ្រី ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ លោក​ថ្លែង​ថា នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ពេល​ពួក​ខ្មែរក្រហម​ជម្លៀស​លោក​ឱ្យ​ទៅ​ឃុំ​ដារ ស្រុក​កំពង់លែង គេ​ឱ្យ​​ម្ហូបអាហារ គឺ​របប​បបរ​មួយ​ចាន​ព្រឹក មួយ​ចាន​ល្ងាច ហើយ​មាន​លាយ​ត្រកួន​ផង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​លោក​ឈឺ​ធ្វើការ​មិន​កើត។

អង្គ​ជំនុំជម្រះ​សាលាដំបូង​គ្រោង​ស្ដាប់​សក្ខីកម្ម​អំពី​ការ​ឈឺចាប់​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ជឿង យ៉ាំងចើត បញ្ចប់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។