ព្រឹត្តិការណ៍​ប្រចាំ​សប្ដាហ៍​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

ព្រឹត្តិការណ៍​នៅ​ក្នុង​សាលា​ក្ដី​ខ្មែរ​ក្រហម​នៅ​សប្ដាហ៍​នេះ​វិញ មិន​មាន​សវនាការ​ជំនុំជម្រះ​ជន​ជាប់​ទេ ដោយសារ​តែ​បុគ្គលិក​ត្រូវ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ក៏​ប៉ុន្តែ​នៅ​ខាង​ក្រៅ​សាលាក្ដី​វិញ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច មាន​ព្រឹត្តិការណ៍​ខ្លះ​ទាក់​ទង​នឹង​បញ្ហា​ខ្មែរ​ក្រហម។

0:00 / 0:00

បញ្ហា​របប​ខ្មែរ​ក្រហម​ដែល​ចាប់​ផ្ដើម​កើត​មាន​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ហើយ​កន្លង​សួស​ទៅ​អស់​រយៈ​កាល​ពី ៣៨​ឆ្នាំ​ហើយ​នោះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ យក​ធ្វើ​ជា​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ក្នុង​របប​នោះ នៅ​ឯ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ពាក់​កណ្ដាល​សប្ដាហ៍​នេះ។

ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នេះ សមាជិក​អ្នក​ចូលរួម​ប្រមាណ ៣០០​នាក់ ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះសង្ឃ​ប្រមាណ ៥០​អង្គ បាន​ប្រារព្ធ​ធ្វើ​ពិធី​បង្សុកូល​បញ្ជូន​កុសល​ដល់​ជន​រងគ្រោះ​ជិត ២​លាន​នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​របប​ខ្មែរ​ក្រហម ដែល​មាន ប៉ុល ពត ដឹក​នាំ​ប្រទេស ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។ មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក អតីត​ជា​ទីលាន​សម្លាប់​មនុស្ស​របស់​ពួក​ខ្មែរក្រហម នៅ​ចន្លោះ​ពេល​នោះ។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ហូ វ៉ាន់ មាន​ប្រសាសន៍​ថា ការ​យក​ថ្ងៃ​ទី​១៧ ខែ​មេសា ធ្វើ​ជា​ពិធី​រំឭក​វិញ្ញាណក្ខន្ធ និង​បង្សុកូល​បញ្ជូន​កុសល​ដល់​អ្នក​ស្លាប់​នេះ គឺ​ដើម្បី​ជា​ការ​រំឭក​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​ចង​ចាំ​ពី​របប​ខ្មែរ​ក្រហម និង​ដើម្បី​បង្ការ​កុំ​ឱ្យ​កើត​មាន​សោកនាដកម្ម​បែប​នេះ ទៅ​ថ្ងៃ​មុខ​ទៀត​ដែរ៖ «ពី​ព្រោះ​យើង​មិន​ចង់​ឱ្យ​មាន​របប​ខ្មែរ​ក្រហម​ជា​លើក​ទី​ពីរ​ទៀត​ទេ ហើយ​យើង​ក៏​មិន​ចង់​ឱ្យ​មាន​វប្បធម៌​ខ្មែរ​ក្រហម​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សុំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ យុវជន យុវនារី កុមារា កុមារី ជំនាន់​ក្រោយ បរវាសចៀស​ឱ្យ​ឆ្ងាយ​ពី​របប​ដែល​សម្លាប់​មនុស្ស ដែល​សម្លាប់​ខ្មែរ​គ្នា​ឯង។ នេះ​ជា​អំពើ​ព្រៃផ្សៃ ដែល​គួរ​តែ​យើង​ចងចាំ​រាល់​គ្នា​ជា​រៀង​រាល់​ឆ្នាំ»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​តាម​ទូរស័ព្ទ​ពី​សហរដ្ឋ​អាមេរិក សម្រាប់​អ្នក​ចូល​រួម​ក្នុង​ពិធី​នេះ​ថា ជា​រៀង​រហូត​មក មាន​តែ​គណបក្ស សម រង្ស៊ី ទេ ដែល​ធ្វើ​ពិធី​រំឭក​ថ្ងៃ​ទី​១៧ មេសា ដើម្បី​បង្សុកូល​ដល់​ជន​រង​គ្រោះ​របប​នៅ​ក្នុង​ខ្មែរ​ក្រហម។

នៅ​ក្នុង​សេចក្ដី​ថ្លែង​សារ​នយោបាយ​នោះ លោក សម រង្ស៊ី បន្ត​ថា ឆ្នាំ​២០១៣ គឺ​ជា​ឆ្នាំ​ចុង​ក្រោយ ដែល​រដ្ឋាភិបាល​រារាំង​សាលាក្ដី​ជំនុំជម្រះ​អតីត​មេ​ដឹក​នាំ​ខ្មែរក្រហម មិន​ឱ្យ​ដំណើរ​ការ​ទៅ​មុខ ហើយ​ប៉ុនប៉ង​ការពារ​ជន​ធ្លាប់​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ក្នុង​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ ហើយ​បច្ចុប្បន្ន​មាន​តំណែង​ខ្ពង់ខ្ពស់​ក្នុង​រដ្ឋាភិបាល​សព្វថ្ងៃ។

លោក​ថា បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ ដែល​រំពឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ លោក​នឹង​ជំរុញ​ឱ្យ​មាន​ការ​ជំនុំជម្រះ​ក្ដី​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ឱ្យ​បាន​ត្រឹម​ត្រូវ ដោយ​ចៅក្រម​ខ្មែរ និង​អន្តរជាតិ​ដែល​មិន​ទទួល​បញ្ជា​ពី​ខាង​ក្រៅ៖ «ដូច្នេះ​រដ្ឋាភិបាល​បច្ចុប្បន្ន​ការពារ​គេ មិន​ឱ្យ​តុលាការ​អន្តរជាតិ​កោះ​ហៅ​ទៅ​សួរ​ចម្លើយ ទៅ​បំភ្លឺ ហើយ​ពេល​រក​ការ​ពិត​ឃើញ​នឹង​កាត់​ទោស​តាម​ផ្លូវ​ច្បាប់។ ដូច្នេះ ជន​ឧក្រិដ្ឋ​មួយ​ចំនួន​ដែល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី ឧប​នាយករដ្ឋមន្ត្រី នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ​ មិន​រួច​ផុត​ពី​ការ​កាត់​ទោស​ដោយ​តុលាការ​មួយ​ត្រឹមត្រូវ ចាប់​ពី​ឆ្នាំ​ក្រោយ ១៧ មេសា ឆ្នាំ​២០១៤ ពេល​នោះ​នឹង​មាន​រដ្ឋាភិបាល​ថ្មី ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យើង​នឹង​ជំរុញ​ឱ្យ​តុលាការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរក្រហម​ដំណើរការ​ទៅ​មុខ​ឱ្យ​បាន​ត្រឹមត្រូវ»

ទាក់ទង​នឹង​ការ​ជំនុំជម្រះ​អតីត​មេដឹកនាំ​ខ្មែរក្រហម​នេះ​ដែរ នៅ​ក្នុង​ពិធី​បុណ្យ​កាត់​ឫស​សីមា​ព្រះ​វិហារ នៅ​វត្ត​អម្ពិលវ័ន្ត ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​លោក សម រង្ស៊ី វិញ​ថា ការ​ប៉ុនប៉ង​ចាប់​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​ណា​មួយ​យក​ទៅ​កាត់​ទោស គឺ​ជា​នយោបាយ​សងសឹក ដូច​ពាក្យ​ស្លោក​ថា ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​វិញ។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ការ​ប៉ុនប៉ង​បែប​នេះ​មិន​អាច​នឹង​ទៅ​រួច​ទេ ហើយ​នឹង​អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​ជា​ថ្មី គឺ​សង្គ្រាម​ផ្ទៃ​ក្នុង​ជាតិ​ពិត​ប្រាកដ៖ «ចូល​ឆ្នាំ​មមី​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ចាប់​ផ្ដើម​ត្រៀម​កាត់​ទោស ហ៊ុន សែន ត្រៀម​កាត់​ទោស​អ្នក​ដឹក​នាំ​មួយ​ចំនួន​ទៀត​ទៅ​ហើយ។ អ៊ីចឹង​រឿង​អី បើ​គេ​ហ៊ាន​ប្រមាថ​កាត់​ទោស​ដល់​ថ្នាក់​អស់​លោក​រដ្ឋមន្ត្រី អស់​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ទៅ​ហើយ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ក្លាយ​ទៅ​ជា បើ​ទោះ​ជា​មិន​ឈ្នះ​ឆ្នោត ក៏​នឹង​ក្លាយ​ទៅ​ជា​សមាជិក​សភា តើ​គេ​ខ្លាច​កាត់​ទោស​មេទ័ព​ទេ? តើ​គេ​ខ្លាច​កាត់​ទោស​ចៅហ្វាយ​ខេត្ត​ទេ? គេ​ខ្លាច​កាត់​ទោស​មេ​ប៉ូលិស មេ​ប៉េអឹម​ទេ? គេ​កាត់​ទោស។ អ៊ីចឹង​រឿង​អី​នឹង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា? អ្នក​ខ្លះ​ចាំ​តែ​ឱ្យ​កាត់​តើ! ភូស​មុន​បាត់»

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ប៉ុនប៉ង​របស់​មេ​បក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​ដើរ​តាម​ផ្លូវ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ច្រំដែល​ដែល​មាន​ស្ថានភាព​តែង​សងសឹក​គ្នា​ពី​របប​មួយ​ទៅ​របប​មួយ ចាប់​តាំង​ពី​របប​សង្គម​រាស្ត្រ​និយម​របស់​សម្ដេច សីហនុ រហូត​ដល់​របប​ខ្មែរ​ក្រហម​របស់ ប៉ុល ពត។

សរុប​សេចក្ដី​មក នៅ​ក្នុង​សប្ដាហ៍​នេះ រឿងរ៉ាវ​របស់​ខ្មែរក្រហម ត្រូវ​បាន​អ្នក​នយោបាយ​នៅ​ខាង​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​លើក​យក​មក​ធ្វើ​របៀប​វារៈ​ឆ្លើយ​ឆ្លង​គ្នា​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នយោបាយ​របស់​ខ្លួន។

ងាក​មក​សាលាក្ដី​ខ្មែរ​ក្រហម​វិញ ទោះ​ជា​មិន​មាន​សវនាការ​នៅ​ក្នុង​សប្ដាហ៍​នេះ​ក្ដី ក៏​ប្រធាន​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ គឺ​លោកចៅក្រម និល ណុន កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា​ បាន​ប្រកាស​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុងសំណុំរឿង ០០២ និង​សាធារណជន​ថា សាលា​ដំបូង​នឹង​ធ្វើ​សវនាការ​របស់​ខ្លួន​ជា​បន្ត​ទៀត នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​មេសា ឆ្នាំ​២០១៣ ដោយ​ចាប់​ពី​ម៉ោង ៩ ព្រឹក​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។