បន្ទាប់ពីការសម្រាកបុណ្យចូលឆ្នាំខ្មែរកាលពីសប្ដាហ៍មុន នៅព្រឹកថ្ងៃទី២២ ខែមេសា ដើមសប្ដាហ៍នេះ អង្គជំនុំជម្រះសាលាដំបូង បន្តធ្វើសវនាការស្ដាប់សាក្សីជាអតីតអ្នកតស៊ូខ្មែរក្រហម ឈ្មោះ ឈូក រីន ដែលជាអតីតសមាជិកបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមមួយរូប នៅខេត្តកំពត តាំងពីដើមទសវត្សឆ្នាំ១៩៧០។
សវនាការក្នុងសប្ដាហ៍នេះ គឺនៅតែបន្តសួរដេញដោលជុំវិញទំនាក់ទំនងការងាររបស់សាក្សីជាមួយមេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា ជាពិសេស គឺទំនាក់ទំនងការងាររវាងសាក្សី និងជនជាប់ចោទក្នុងរឿងក្ដីលេខ ០០២ វគ្គ ១ នៅសាលាក្ដីខ្មែរក្រហមបច្ចុប្បន្ន។
នៅពេលចាប់ផ្ដើមសវនាការ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ដើមសប្ដាហ៍នេះ សាក្សី ឈូក រីន ដែលជាមេទ័ពខ្មែរក្រហមមួយរូប បានស្នើសុំឱ្យអង្គជំនុំជម្រះសាលាដំបូង ដោះលែងជនជាប់ចោទ ខៀវ សំផន។
ការស្នើសុំរបស់សាក្សី ឈូក រីន ធ្វើឡើងដោយគាត់អះអាងពីហេតុផលថា ជនជាប់ចោទ ខៀវ សំផន មិនមែនជាមេដឹកនាំជាន់ខ្ពស់ក្នុងបក្សកុម្មុយនិស្តកម្ពុជាទេ។ លោកអះអាងទៀតថា ជនជាប់ចោទ ខៀវ សំផន គ្រាន់តែជាមេដឹកនាំខ្មែរក្រហមមួយរូប ដែលមានតែឈ្មោះ ហើយគ្មានអំណាច។
សាក្សី ឈូក រីន បញ្ជាក់ជូនអង្គជំនុំជម្រះសាលាដំបូងថា មេដឹកនាំរបស់លោក ដែលពាក់ព័ន្ធនៅក្នុងសាលាក្ដីខ្មែរក្រហម មានតែពីរនាក់ទេ គឺជនជាប់ចោទ នួន ជា និង អៀង សារី ហើយលោកសោកស្ដាយ ពេលដែលអតីតមេរបស់លោកឈ្មោះ អៀង សារី ស្លាប់ទៅ ដោយមិនបានឮលោកនិយាយបំភ្លឺតុលាការ។ សាក្សី ឈូក រីន ដែលធ្លាប់បួសជាព្រះសង្ឃពុទ្ធសាសនា បានចូលរួមជាមួយក្រុមខ្មែរក្រហមតស៊ូក្នុងចលនាបក្សកុម្មុយនិស្តកម្ពុជា ចាប់តាំងពីដើមទសវត្សឆ្នាំ១៩៧០។
លោក ឈូក រីន បច្ចុប្បន្ន ជាទណ្ឌិតជាប់ពន្ធនាគារអស់មួយជីវិត នៅមជ្ឈមណ្ឌលកែប្រែទី ១ ព្រៃស បន្ទាប់ពីតុលាការជាតិរកឃើញថា គាត់មានកំហុសក្នុងការសម្លាប់ជនបរទេស ៣នាក់ នៅភ្នំវល្លិ ក្នុងខេត្តកំពត កាលពីឆ្នាំ១៩៩៤ បន្ទាប់ពីការវាយប្រហារលើខ្សែរថភ្លើង។
សាក្សី ឈូក រីន ត្រូវបានសហព្រះរាជអាជ្ញាសួរដេញដោលអំពីទំនាក់ទំនងការងារ និងការទទួលបញ្ជាផ្សេងៗ រវាងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងរូបគាត់ ចាប់តាំងពីពេលចូលតស៊ូ រហូតមកដល់ពេលជម្លៀសពលរដ្ឋចេញពីក្រុង ដើម្បីរកទំនាក់ទំនងជនជាប់ចោទ នួន ជា។ សហសហព្រះរាជអាជ្ញា បានអានឯកសារសក្ខីកម្មរបស់គាត់ ដែលធ្លាប់បានបំភ្លឺដល់សហចៅក្រមស៊ើបអង្កេត កាលពីអំឡុងពេលស៊ើបអង្កេត ក្នុងឆ្នាំ២០០៨ និង ២០០៩។
នៅពេលដំបូង សាក្សី ឈូក រីន បដិសេធមិនឆ្លើយសំណួររបស់ព្រះរាជអាជ្ញាទេ ដោយគាត់លើកហេតុផលថា សុខភាពគាត់មិនល្អ គឺឈឺក ឈឺក្បាល ហើយភ្នែករបស់គាត់មិនអាចអានឯកសារបាន។ ក៏ប៉ុន្តែចុងក្រោយ ដោយមានអនុសាសន៍ពីគ្រូពេទ្យ សាក្សី ឈូក រីន ឆ្លើយនឹងសំណួរសហព្រះរាជអាជ្ញា ហើយសវនាការបានបន្តរហូតចប់។
សវនាការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ សាក្សី ឈូក រីន ថ្លែងថា លោកខឹងនឹងជនជាប់ចោទ នួន ជា ដែលថា មិនដឹង ឬមិនទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។
សាក្សី ឈូក រីន បន្តថា ជនជាប់ចោទ នួន ជា ជាមនុស្សក្នុងចំណោមអ្នកដឹកនាំបក្សកុម្មុយនិស្តកម្ពុជា ដែលមានឋានៈជាអនុលេខាបក្ស ហើយជាអ្នកអប់រំមនោគមវិជ្ជាកុម្មុយនិស្តតាមទង់ក្រហម ដែលធ្វើឱ្យពលរដ្ឋកម្ពុជា បែកបាក់ និងប្រយុទ្ធនឹងគ្នាឯង៖ «កងទ័ពក៏លោក នួន ជា ឱ្យវាយសម្រុក បង្កបង្កើនផល។ ធ្វើការងារធ្ងន់ធ្ងរ មិនដែលទទួលការហ្វឹកហ្វឺនផ្នែកជំនាញតាមខ្នាតអន្តរជាតិទេ។ ប្រើធ្វើការងារទាំងអស់ ហើយលោកថា អត់ដឹង លោកជាប្រធានសភា។ ប៉ុន្តែខ្ញុំលោកកោះហៅឱ្យទៅរៀនសូត្រអី មានសមាជិកទៅហ្នឹង ទៅចូលរួមរៀនសូត្រអី លោកនិយាយថា ត្រូវតែធ្វើអ៊ីចឹង ហើយមាគ៌ានេះ គឺមានតែមួយគត់ គឺបក្សកុម្មុយនិស្តកម្ពុជា។ មិនដែលឮថា សភាអ្នកតែងតាំងច្បាប់អី មិនចុះជាប់ការងារអី។ ខ្ញុំដូចមិនទទួលយកពាក្យគាត់និយាយហ្នឹងបានទេ។ អាហ្នឹងហើយដែលខ្ញុំខឹង»។
សាក្សីជម្រាបអង្គសវនាការថា នៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តកម្ពុជា មនុស្សទាំងក្មេង ទាំងចាស់ ពលរដ្ឋស៊ីវិល និងកងទ័ព ត្រូវធ្វើការងារកសិកម្មធ្ងន់ធ្ងរ ហើយធ្វើឱ្យកងទ័ពបាក់កម្លាំង។
សាក្សីបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម មិនត្រឹមតែពលរដ្ឋស៊ីវិលទេ ដែលព្រួយបារម្ភអំពីសន្តិសុខ និងការភ័យខ្លាចគេចាប់យកទៅសម្លាប់ សូម្បីតែគាត់ជាមេបញ្ជាការយោធាក៏ភ័យខ្លាចដែរ៖ «ជនរួមជាតិក៏ដូចខ្ញុំដែរ។ គ្រាន់តែទទួលការរៀនសូត្រហើយ មកវិញភ័យខ្លាច។ ខ្លាចហ្នឹង គឺខ្លាចបក្សកុម្មុយនិស្តកម្ពុជា តែម្ដង។ គឺខ្លាចមេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា មិនមែនខ្លាចតែ នួន ជា ទេ គឺពេលហ្នឹង អ្នកទៅរៀនសូត្រនៅហ្នឹង ឃើញមុខ នួន ជា លោកនៅហ្នឹងដែរ។ អ៊ីចឹងហើយចេះតែភ័យហើយ។ ខ្លាចតែទាំងអស់គ្នាហ្នឹង។ ខ្លាចតែធ្វើអ្វីមួយខុស»។
ទាក់ទងជនជាប់ចោទ ខៀវ សំផន សាក្សីជម្រាបអង្គជំនុំជម្រះជាថ្មីថា គឺគ្រាន់តែជាសមាជិករណសិរ្សជាមួយសម្ដេចព្រះបាទ នរោត្ដម សីហនុ ប៉ុណ្ណោះ។ សាក្សីថា ជនជាប់ចោទ ខៀវ សំផន គាត់គ្មានអំណាចអ្វីទាល់តែសោះខាងយោធា៖ «កន្លងមកនេះ ខ្ញុំដូចជាមិនដែលឃើញលោក ខៀវ សំផន ចូលរួមប្រជុំណែនាំក្នុងកម្មវិធីនយោបាយរបស់ពួកបក្សកុម្មុយនិស្តកម្ពុជា។ មិនដែលឃើញ មិនដែលជួប ហើយមិនដែលគេឧទ្ទេសនាមអំពីឈ្មោះរបស់គាត់ទេ។ ប៉ុន្តែ បើគាត់អាថ៌កំបាំងរបស់មេដឹកនាំ ក៏ខ្ញុំមិនដឹងដែរ»។
នៅថ្ងៃអង្គារ ទី២៤ ខែមេសា អង្គជំនុំជម្រះសួរដេញដោលសាក្សីមួយរូប ឈ្មោះ ជួន ធី ជុំវិញការជម្លៀសពលរដ្ឋចេញពីទីក្រុងភ្នំពេញ នៅខែមេសា ឆ្នាំ១៩៧៥។
សាក្សី ជួន ធី ជាអតីតមេបញ្ជាការកងវរសេនាធំ លេខ ១៥ កងពលទី១ នៃកងទ័ពខ្មែរក្រហម ជម្រាបអង្គជំនុំជម្រះថា នៅឆ្នាំ១៩៧៥ លោកមិនបានចូលរួមជម្លៀសពលរដ្ឋចេញពីទីក្រុងភ្នំពេញ ដោយបង្ខំទេ ហើយលោកក៏មិនបានឃើញពលរដ្ឋលំបាកអ្វីដែរ នៅពេលចេញពីក្រុងភ្នំពេញ។
ទាក់ទងនឹងការរៀបការវិញ សាក្សី ជួន ធី ថ្លែងថា មិនមានការរៀបការដោយបង្ខំទេនៅក្នុងអង្គភាពលោក។ ប៉ុន្តែលោកបន្តថា ពិតជាមានការរៀបការច្រើនគូនៅសម័យខ្មែរក្រហម ហើយអង្គការមានទិសដៅបង្កើនចំនួនពលរដ្ឋឱ្យពី ២០ ទៅ ៣០លាន ក្នុងរយៈពេល ២០ឆ្នាំ។
សវនាការនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៣ អង្គជំនុំជម្រះសាលាដំបូងបន្តស្ដាប់សាក្សីមួយរូបទៀត ឈ្មោះ រស់ ស៊ុយ ដែលចូលរួមតស៊ូជាមួយចលនាបក្សកុម្មុយនិស្ត ជាកងទ័ព តាំងពីចុងឆ្នាំ១៩៧០។
សាក្សី រស់ ស៊ុយ ជាអតីតអ្នកទទួលខុសត្រូវខាងសេដ្ឋកិច្ចនៅក្នុងពេលតស៊ូ និងជាអ្នកកាន់ឃ្លាំងរដ្ឋ ពេលខ្មែរក្រហមចូលភ្នំពេញ គ្រប់គ្រងអំណាចនៅខែមេសា ឆ្នាំ១៩៧៥។ ផ្ទុយពីសាក្សី ជួន ធី សាក្សី រស់ ស៊ុយ ជម្រាបអង្គជំនុំជម្រះថា លោកបានឃើញពលរដ្ឋមានការលំបាកច្រើនពេលដែលគេត្រូវបង្ខំឱ្យជម្លៀសចេញពីទីក្រុងភ្នំពេញ។
សាក្សី រស់ ស៊ុយ ជម្រាបអង្គជំនុំជម្រះថា នៅក្នុងពេលលោកកាន់ឃ្លាំងក្នុងរបបខ្មែរក្រហម មានការបែងចែកសម្ភារៈទៅតាមភូមិភាគ ជារៀងរាល់អាទិត្យ ដែលបញ្ជាចេញពីមន្ទីរមួយ ឈ្មោះកាត់ថា ក-២៥។ លោកមិនដែលស្គាល់មន្ទីរ ក-៧ ទេ។ សាក្សី រស់ ស៊ុយ ជាសាក្សី ដែលស្នើសុំដោយក្រុមមេធាវីការពារក្ដីរបស់ជនជាប់ចោទ ខៀវ សំផន។
លោកថា នៅក្នុងរបបខ្មែរក្រហម មានការនាំចេញអង្ករ និងកៅស៊ូទៅក្រៅប្រទេស ហើយផលិតផលដែលនាំចូលមកវិញ គឺគ្រឿងខ្ចៅខ្ចង ក្រណាត់ ផ្លែចបជាដើម។ ទាក់ទងនឹងអង្ករ សាក្សី រស់ ស៊ុយ បញ្ជាក់ថា ការនាំចេញទៅក្រៅមានចំនួនតិចជាងការចែកចាយនៅក្នុងក្រុងទេ។ ក៏ប៉ុន្តែ មិនដែលមានការនាំចេញទៅភូមិភាគវិញដែរ។
សាក្សី រស់ ស៊ុយ ដូចគ្នានឹងសាក្សី ឈូក រីន ដែរ ជម្រាបអង្គជំនុំជម្រះសាលាដំបូងតាមការសន្និដ្ឋានថា ជនជាប់ចោទ ខៀវ សំផន មិនមែនជាអ្នកដឹកនាំធំនៅក្នុងជួរខ្មែរក្រហមទេ ទោះជាគាត់ធ្លាប់ត្រូវជនជាប់ចោទ ខៀវ សំផន ហៅទៅចូលរួមវគ្គរៀនសូត្រក្ដី។
នៅចុងសប្ដាហ៍នេះ សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ប្រកាសបដិសេធសំណើសុំដែលឱ្យលោក ខៀវ សំផន នៅក្រៅឃុំ ដោយសំអាងថា តុលាការបារម្ភជាចម្បងអំពីសុវត្ថិភាពជនជាប់ចោទ។
មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្ត្រា នៅថ្ងៃទី២៧ មេសា មានប្រសាសន៍ថា សាលាក្ដីកំពុងដំណើរការសវនាការប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមលើបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការជម្លៀសដោយបង្ខំ ដែលចាំបាច់ត្រូវតែមានវត្តមានជនជាប់ចោទនៅក្នុងសវនាការ ដើម្បីធានាឲ្យមានការទទួលយកបានពីគ្រប់មជ្ឈដ្ឋាន។
លោក នេត ភក្ត្រា៖ «បដិសេធចោលហើយបង្គាប់ឲ្យឃុំខ្លួនបន្តទៀត អង្គជំនុំជម្រះលើកឡើងពីហេតុផលមួយចំនួន វត្តមានចាំបាច់របស់គាត់នៅតុលាការ សន្តិសុខសាធារណៈ សុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ ការស្នើសុំជាសិទ្ធិរបស់គាត់ ការសម្រេចជាសិទ្ធិរបស់តុលាការ»។
ទោះជាយ៉ាងណាក្ដី ជនជាប់ចោទ ខៀវ សំផន ថ្លែងថា ការសម្រេចឲ្យលោកនៅក្រៅឃុំនឹងមិនប៉ះពាល់អ្វីដល់ដំណើរការកាត់ក្ដីរបស់សាលាក្ដីទេ។ ដោយលោកសន្យាថា នឹងមិនរត់ចោលស្រុក និងព្រមអនុវត្តគ្រប់បែបយ៉ាងតាមសេចក្ដីបង្គាប់របស់តុលាការ៖ «បើសិនជាខ្ញុំបានរស់នៅជុំគ្រួសារខ្ញុំវិញ ចាំបាច់តុលាការអាចកោះហៅខ្ញុំបាន ខ្ញុំនឹងមកគ្រប់ការកោះហៅរបស់តុលាការ»។
ជនជាប់ចោទ នួន ជា មិនបានចូលរួមដោយផ្ទាល់ទេ គឺគាត់តាមដានសវនាការនៅបន្ទប់ឃុំខ្លួនខាងក្រោយសាលសវនាការ ដោយសារតែបញ្ហាអង្គុយមិនបានយូរ ហើយអនុញ្ញាតដោយអង្គជំនុំជម្រះ។
អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការជាបន្តទៀត នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៣ ដោយស្ដាប់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
