ក្នុងចំណោមសៀវភៅជីវប្រវត្តិអ្នកនយោបាយ លោក ហ្វ៊ីលីព ហ្សត ក៏បានសរសេរប្រវត្តិមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមមួយដែរ ដែលមានចំណងជើងថា ប៉ុល ពត និងប្រវត្តិនៃសុបិនអាក្រក់។ ចាប់តាំងពីថ្ងៃច័ន្ទ ទី៦ ដល់ថ្ងៃព្រហស្បតិ៍ ទី៩ សប្ដាហ៍នេះ សាលាដំបូងនៃសាលាក្ដីខ្មែរក្រហមសួរដេញដោលបញ្ជាក់អំពីព័ត៌មានក្នុងសៀវភៅរបស់លោក និងអំពីរបៀប ឬវិធីដែលលោកទទួលបានព័ត៌មានទាំងនោះ។
បាទ! នៅថ្ងៃច័ន្ទ ទី៦ ខែឧសភា ដើមសប្ដាហ៍នេះ សាលាក្ដីខ្មែរក្រហមស្ដាប់សក្ខីកម្មរបស់អ្នកជំនាញប្រវត្តិសាស្ត្រ គឺលោក ហ្វ៊ីលីព ហ្សត បានជម្រាបអង្គជំនុំជម្រះអំពីទំនាក់ទំនងរវាងពួកខ្មែរក្រហមជាមួយវៀតណាម និងចិន ក្នុងអំឡុងពេលតស៊ូ រហូតដល់របបកម្ពុជាប្រជាធិបតេយ្យ។ លោកក៏បានជម្រាបអង្គជំនុំជម្រះសាលាដំបូងអំពីមនោគមវិជ្ជាកុម្មុយនិស្តរបស់ពួកខ្មែរក្រហម ក្នុងការបង្កើតសហករណ៍សមូហភាពនិយម និងការជម្លៀសពលរដ្ឋចេញពីទីក្រុង ដែលគេអនុវត្តតាំងពីឆ្នាំ១៩៧៣ នៅខេត្តក្រចេះ និងឆ្នាំ១៩៧៤ នៅស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។
ទាក់ទងនឹងការជម្លៀសពលរដ្ឋចេញពីទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ លោក ហ្វ៊ីលីព ហ្សត ថា ព័ត៌មានដែលលោកទទួលបាន គឺជនជាប់ចោទ ខៀវ សំផន មិនបានចូលរួមក្នុងការជម្លៀសនោះទេ។ ក៏ប៉ុន្តែលោកថា សម្ដីជនជាប់ចោទ ខៀវ សំផន មិនស្មោះត្រង់។
នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៣ ឈ្មោះ ហ្វ៊ីលីព ហ្សត ជម្រាបអង្គជំនុំជម្រះថា មនោគមវិជ្ជាដែលនាំឱ្យមានការសម្លាប់នៅក្នុងរបបខ្មែរក្រហម គឺកើតឡើងបន្ទាប់ពីមានសេចក្ដីសម្រេចមួយ នៅខែឧសភា ឆ្នាំ១៩៧៥ ដែលថា អ្វីៗទាំងអស់ដែលនៅក្រៅបដិវត្តន៍ គឺជាគោលដៅស្របច្បាប់ និងចាំបាច់ក្នុងការកម្ទេច ឬសម្លាប់។ ក្នុងន័យនេះ ក៏ត្រូវប៉ះពាល់ដល់ក្រុមរណសិរ្សរបស់សម្ដេចព្រះ នរោត្ដម សីហនុ ដែលធ្លាប់តែជាសម្ព័ន្ធមិត្តជាមួយពួកបក្សកុម្មុយនិស្តខ្មែរក្រហម ក្នុងអំឡុងពេលតស៊ូរំដោះជាតិផងដែរ។
លោក ហ្វ៊ីលីព ហ្សត បន្តថា សេចក្ដីសម្រេចរបស់បក្សកុម្មុយនិស្តកម្ពុជា នៅខែឧសភា ឆ្នាំ១៩៧៥ នោះ បានចាត់ទុកក្រុមរណសិរ្សថា លែងមានសារប្រយោជន៍សម្រាប់ពួកគេទៀតហើយ ព្រោះអ្វីៗ គ្រប់យ៉ាងសុទ្ធតែនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តកម្ពុជា ទាំងអស់ ដើម្បីឆ្ពោះទៅរករបបកម្ពុជាប្រជាធិបតេយ្យស្អាតបរិសុទ្ធ។
លោក ហ្វ៊ីលីព ហ្សត ថ្លែងថា មនោគមវិជ្ជាលើសមូហភាពនិយម ក៏ជាកត្តាមួយនាំឱ្យមានការសម្លាប់ដែរ ដោយសារតែគំនិតឯកជន គឺវាផ្ទុយនឹងគំនិតអង្គការបដិវត្តន៍ ហើយបញ្ហាសមូហភាព ទាំងខាងស្មារតីក្ដី ទាំងខាងស្មារតីក្ដី គឺជាការជំទាស់ខ្លាំងក្លារបស់អ្នក ដែលនៅខាងក្រៅបដិវត្តន៍៖ «ដូច្នេះបញ្ហាទាំងឡាយណាដែលបង្ហាញឱ្យឃើញពីទស្សនៈទាក់ទងទៅនឹងទ្រព្យសម្បត្តិឯកជន ទស្សនៈឯកជន គេចាត់ទុកថា ជាការជំទាស់ទៅនឹងបដិវត្តន៍ហើយ»។
លោកបញ្ជាក់ថា មនោគមវិជ្ជានៃការបំបាត់ភាពឯកជនរបស់ពលរដ្ឋ ពួកបក្សកុម្មុយនិស្តកម្ពុជា មិនត្រឹមតែលុបបំបាត់ខាងសម្ភារៈប៉ុណ្ណោះទេ សូម្បីតែស្មារតី ការគិតគូរផ្សេងៗ គ្នារបស់មនុស្សម្នាក់ៗ ការមានគំនិតផ្ដួចផ្ដើមតិចច្រើនខុសគ្នា គំនិតឆ្នៃប្រឌិត ឬប្លែកគ្នា ឧត្ដមគតិ ក៏ត្រូវបានលុបបំបាត់ជាប្រព័ន្ធដែរ។
លោក ហ្វ៊ីលីព ហ្សត មានប្រសាសន៍ទាក់ទងនឹងមនោគមវិជ្ជាសមូហភាព ដែលថាអ្វីៗត្រូវគ្រប់គ្រង និងដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា គឺនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំណាចតុលាការ គេមិនចាំបាច់ឱ្យមានទេ ដោយលោកពន្យល់ថា ហេតុផលនេះ គឺព្រោះតែការសម្រេចដោយឯករាជ្យរបស់តុលាការ ជាការប្រឆាំង ឬផ្ទុយនឹងគោលនយោបាយរបស់បក្ស។
លោក ហ្វ៊ីលីព ហ្សត ផលវិបាកនៃប្រព័ន្ធអនុវត្តន៍ ដែលមិនមានតុលាការ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាប្រព័ន្ធដែលកើតចេញពីមនោគមវិជ្ជាបក្សកុម្មុយនិស្តកម្ពុជា ដែលមានមនុស្សមួយក្រុមតូចជាអ្នកសម្រេច។
នៅថ្ងៃពុធ ទី៨ ខែឧសភា លោក ហ្វ៊ីលីព ហ្សត ថ្លែងថា មនោគមវិជ្ជាកុម្មុយនិស្តរបស់ខ្មែរក្រហម មិនយកគំរូតាមមនោគមវិជ្ជាកុម្មុយនិស្តវៀតណាមនោះទេ បើទោះជាវៀតណាមបង្កើតមនោគមវិជ្ជាកុម្មុយនិស្តនៅកម្ពុជា កាលពីពេលដំបូងដោយក៏ដោយ៖ «គឺថានៅពេលដំបូង គឺជាការបង្កើតឡើងទាំងស្រុងដោយវៀតណាម។ ប៉ុន្តែរហូតមកដល់ចុងទសវត្សឆ្នាំ១៩៥០ និងដើមទសវត្ស ៦០ ខ្ញុំចង់និយាយអំពីសមាជនៅឆ្នាំ ៦០ គឺថាបក្សកុម្មុយនិស្តកម្ពុជា បានធ្វើឡើងដោយមិនមានអ្នកចូលរួមពីខាងវៀតណាម ហើយក៏មិនបានផ្ដល់ព័ត៌មានទៅវៀតណាមដែរ»។
លោកបញ្ជាក់ថា ពួកខ្មែរក្រហមអនុវត្តមនោគមវិជ្ជាកុម្មុយនិស្តតាមទម្រង់ខ្លួនឯងមួយ ដែលបង្ហាញពីវប្បធម៌ខ្មែរ តាមលក្ខណៈពុទ្ធនិយម។ លោកថាទម្រង់បែបនេះ គេមិនដែលឃើញមាននៅក្នុងមនោគមវិជ្ជាកុម្មុយនិស្តដទៃទេ លើកលែងតែនៅក្នុងប្រទេសភូមា។ ភាពខុសគ្នាម្យ៉ាងទៀត គឺការអនុវត្តរបស់បក្សកុម្មុយនិស្តកម្ពុជា ផ្អែកលើវណ្ណៈកសិករ រីឯបក្សកុម្មុយនិស្តវៀតណាម ម៉ាក ឡេនីន (Marx-Lenin) ផ្អែកលើវណ្ណៈពលករ។
នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា មុននឹងបញ្ចប់ការស្ដាប់សក្ខីកម្មរបស់អ្នកជំនាញ ហ្វ៊ីលីព ហ្សត អង្គជំនុំជម្រះសាលាដំបូង សួរដេញដោលគាត់ អំពីមន្ទីរសន្តិសុខ ស.២១ ដើម្បីរកការពាក់ព័ន្ធរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន។
លោក ហ្វ៊ីលីព ហ្សត ជម្រាបអង្គជំនុំជម្រះថា លោកមិនដែលឃើញមានឯកសារណាមួយបញ្ជាក់ថា ជនជាប់ចោទ នួន ជា ស្ថិតនៅក្នុងរចនាសម្ព័ន្ធកងទ័ពទេ។ រីឯជនជាប់ចោទ ខៀវ សំផន វិញ អ្នកជំនាញរូបនេះថ្លែងថា ក្នុងនាមជាប្រធានគណៈប្រធានរដ្ឋ និងទទួលខុសត្រូវខាងរដ្ឋបាលពាណិជ្ជកម្ម ខៀវ សំផន ប្រាកដជាគ្មានអំណាចទេ ព្រោះអ្វីៗ បក្សជាអ្នកសម្រេច។
ទោះជាដូច្នេះក្ដី លោកបញ្ជាក់ថា ជនជាប់ចោទ ខៀវ សំផន ក៏ជាកម្មាភិបាលដែលមានតួនាទីសំខាន់មួយ នៅមន្ទីរ ៨៧០ របស់ ប៉ុល ពត ដែរ។ លោកថ្លែងថា លោកមិនមានអ្នកបញ្ជាក់ថា ខៀវ សំផន ធ្លាប់អានចម្លើយសារភាពរបស់អ្នកទោសនៅមន្ទីរ ស។២១ ទេ គ្រាន់តែថា មានការអានចម្លើយសារភាពនោះ នៅក្នុងអង្គប្រជុំ។
ទាក់ទងនឹងមហន្តរាយធ្ងន់ធ្ងរនៅកម្ពុជាកន្លងមកនោះ លោក ហ្វ៊ីលីព ហ្សត មានប្រសាសន៍ថា មិនមែនគោលបំណងរបស់ខ្មែរក្រហមទេ ដែលអាក្រក់នាំឱ្យមានបញ្ហា។ លោកថា គោលបំណងរបស់ខ្មែរក្រហមមានមូលដ្ឋានត្រឹមត្រូវ ប៉ុន្តែបញ្ហា គឺបណ្ដាលមកពីការអនុវត្តគោលបំណងនោះមិនត្រឹមត្រូវ។
លោកបន្តថា គោលនយោបាយបក្សកុម្មុយនិស្តកម្ពុជា ពិតជាមិនបង្អត់បាយពលរដ្ឋទេ ហើយចង់ឱ្យពលរដ្ឋមានសុខភាពល្អ។ ប៉ុន្តែកម្មាភិបាលនៅថ្នាក់មូលដ្ឋានបង្អត់បាយពលរដ្ឋ ហើយប្រើភាពអត់ឃ្លាននោះ ដើម្បីគាបសង្កត់។ ទាក់ទងនឹងការសម្លាប់ជនជាតិចាម លោកថា ខ្មែរក្រហមមិនមានគោលនយោបាយបំបាត់ពូជសាសន៍ទេ៖ «ខ្មែរក្រហមនិយាយថា ចាមគេចង់បញ្ជាក់ថា មានការប្រល័យពូជសាសន៍។ ប៉ុន្តែខ្មែរក្រហមមិនមានការប៉ុនប៉ងជានយោបាយនោះទេ។ ថាតើពួកគេជាក្រុមដែលគេអាចកំណត់ ហើយវាមានការចាក់ឫសជាសាសនារបស់គេយូរហើយនោះ ប៉ុល ពត បាននិយាយថា នយោបាយកម្ពុជាប្រជាធិបតេយ្យ គឺធ្វើឱ្យមនុស្សគ្រប់គ្នាមានសមភាព។ ដូច្នេះ អ្នកណាដែលប្រឆាំង គឺត្រូវតែគាបសង្កត់ ឬត្រូវធ្វើម៉េចឱ្យគោរពតាម។ ដូច្នោះហើយ ទើបបានជាគេបំបែកជនជាតិចាមឱ្យនៅដាច់ៗ ហើយមានការបង្ក្រាប។ ប៉ុន្តែយើងមិនឃើញមានការប៉ុនប៉ងជាបន្តបន្ទាប់ ដើម្បីបំបាត់ក្រុមពូជសាសន៍នោះទេ»។
បន្ទាប់ពីបញ្ចប់សក្ខីកម្មរបស់អ្នកជំនាញរូបនេះ សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងធ្វើសវនាការបន្ត នៅថ្ងៃច័ន្ទ ទី២០ ខែឧសភាសប្ដាហ៍ក្រោយ ហើយនឹងអង្គជំនុំជម្រះនឹងស្ដាប់សាក្សីថ្មីមួយរូបទៀត ដែលមានរហស្សនាមថា TCW 253៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
