ក្រោយការស្លាប់របស់ជនជាប់ចោទ អៀង សារី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម មិនបានបើកសវនាការលើសំណុំរឿង ០០២ ទេ នៅក្នុងសប្ដាហ៍នេះ។ ក៏ប៉ុន្តែ ព្រឹត្តិការណ៍នៅក្នុងសាលាក្ដីកូនកាត់មួយនេះ គឺការិយាល័យសហព្រះរាជអាជ្ញាបានបញ្ចប់ការស៊ើបអង្កេតរកមូលហេតុស្លាប់របស់ជនជាប់ចោទ អៀង សារី ហើយ។
កាលពីថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០១៣ ដើមសប្ដាហ៍នេះ សហព្រះរាជអាជ្ញាបានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ ដោយបង្ហាញអំពីសេចក្ដីសន្និដ្ឋានរបស់ខ្លួនថា មរណភាពរបស់ជនជាប់ចោទ អៀង សារី នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ គឺដោយសារមូលហេតុធម្មជាតិ។ របាយការណ៍ពេញលេញពីមរណភាពរបស់ជនជាប់ចោទ អៀង សារី ក៏ត្រូវបានបញ្ជូនទៅអនុប្រធាន និងប្រធានស្ដីទីការិយាល័យរដ្ឋបាលរួចដែរ។
តាមវិធាន ៣២ ស្ទួន នៃវិធានផ្ទៃក្នុងសម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម សហព្រះរាជអាជ្ញាត្រូវទទួលខុសត្រូវក្នុងការស្វែងរកមូលហេតុនៃមរណភាពរបស់ជនសង្ស័យ ជនត្រូវចោទ ឬជនជាប់ចោទ ដែលបានស្លាប់ក្នុងពេលឃាត់ និងឃុំខ្លួននៅសាលាក្ដីខ្មែរក្រហម។
ជនជាប់ចោទ អៀង សារី បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ គឺក្នុងអំឡុងពេលជាប់ឃុំឃាំងរបស់សាលាក្ដីខ្មែរក្រហម និងសាលាក្ដីកំពុងដំណើរការនីតិវិធីជំនុំជម្រះក្ដីរបស់គាត់ ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា នៅសេចក្ដីសន្និដ្ឋានចុងក្រោយរបស់សហព្រះរាជអាជ្ញា គឺមរណភាពរបស់ជនជាប់ចោទ អៀង សារី បណ្ដាលមកពីការស្ទះសរសៃឈាមបេះដូង ដែលមិនអាចស្ដារបាន និងម្យ៉ាងទៀត គឺការស្ពៀតសរសៃឈាមចិញ្ចឹមបេះដូង ដែលមានតាំងពីមុនការចាប់ខ្លួន និងឃុំខ្លួននៅសាលាក្ដីខ្មែរក្រហមម្ល៉េះ។
លោក នេត្រ ភក្ត្រា៖ «ការរកឃើញនេះ ត្រូវបានបញ្ជាក់អះអាងដោយ៖ ទី១ គឺរបាយការណ៍ចិត្តសាស្ត្រចុងក្រោយ និងលិខិតបញ្ជាក់អំពីមរណភាពដែលចេញដោយក្រុមគ្រូពេទ្យព្យាបាលលោក អៀង សារី ទី២ បណ្ដាឯកសារនានា ដែលជាប្រវត្តិវេជ្ជសាស្ត្រជាយូរមកហើយ ទី៣ ចម្លើយរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកដទៃទៀត ដែលមានវត្តមាននៅពេលមរណភាពរបស់គាត់ និងទី៤ ចម្លើយកូនស្រីលោក អៀង សារី ជាគ្រូពេទ្យ និងមានវត្តមាននៅមន្ទីរពេទ្យតាំងតែពីថ្ងៃទី៦ ខែមីនា រហូតដល់ថ្ងៃទី១៤ មីនា ឆ្នាំ២០១៣ ព្រមទាំងនៅក្បែរលោក អៀង សារី តាំងតែពីម៉ោង ២យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ រហូតដល់គាត់ទទួលមរណភាពនៅពេលក្រោយមក គឺនៅថ្ងៃទី១៤ មីនា បាទ!»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញាបានសរសេរថា ការស៊ើបអង្កេតពុំបានរកឃើញមានកាលៈទេសៈគួរឱ្យសង្ស័យណាមួយទាក់ទងនឹងមរណភាពរបស់ជនជាប់ចោទ អៀង សារី ទេ។
សហព្រះរាជអាជ្ញាបញ្ជាក់ថា ដោយសារមានភស្តុតាងច្បាស់លាស់ និងមានភាពស៊ីសង្វាក់គ្នាចំពោះមូលហេតុនៃមរណភាពនេះ ទើបពុំចាំបាច់វះកាត់សាកសពជនជាប់ចោទ អៀង សារី ដើម្បីពិនិត្យ និងធ្វើពិសោធន៍រកជាតិពុលក្នុងឈាមឡើយ។ ម្យ៉ាងទៀត ក្រុមគ្រួសារ និងមេធាវីរបស់គាត់ ក៏មិនចង់ធ្វើដូច្នោះដែរ។ ដូច្នោះហើយបានជាសហព្រះរាជអាជ្ញាសម្រេចប្រគល់សពឱ្យគ្រួសារជនជាប់ចោទ អៀង សារី។
ដោយឡែកទាក់ទងនឹងបញ្ហាប្រាក់ខែរបស់បុគ្គលិកខាងភាគីជាតិ ដែលមានបញ្ហាក្នុងរយៈពេល ៤ ខែកន្លងមកនេះ ត្រូវបានការិយាល័យរដ្ឋបាលសាលាក្ដីប្រកាសជូនដំណឹងដល់បុគ្គលិកជាតិទាំងអស់ កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍នេះថា ប្រាក់សម្រាប់ខែមករា កុម្ភៈ និងខែមីនា ត្រូវបានផ្ទេរចូលគណនេយ្យធនាគាររបស់បុគ្គលិកទាំងនោះរៀងៗ ខ្លួនហើយ។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ថវិកាដែលយកមកបើកឱ្យបុគ្គលិកភាគីជាតិពេលនេះ គឺជាថវិកាសង្គ្រោះបន្ទាន់បានមកពីភាគីអន្តជាតិ។ ក្រោយទទួលបានការបញ្ជាក់ពីរឿងប្រាក់ខែ បុគ្គលិកជាតិបាននាំគ្នាចូលធ្វើការវិញជាធម្មតាឡើងវិញ។
សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម គ្រោងនឹងបើកសវនាការពិនិត្យភស្តុតាងក្នុងសំណុំរឿង ០០២/០១ នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៣។ សំណុំរឿង ០០២ ពីមុនមានជនជាប់ចោទ ៤រូប គឺជនជាប់ចោទ នួន ជា ខៀវ សំផន អៀង សារី និង អៀង ធីរិទ្ធ។ បច្ចុប្បន្នសំណុំរឿងនេះនៅសល់តែជនជាប់ចោទ ២រូប គឺជនជាប់ចោទ នួន ជា និង ខៀវ សំផន។ រីឯជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវបានសាលាក្ដីខ្មែរក្រហមដោះលែង ដោយសារតែកាយសម្បទារបស់គាត់មិនគ្រប់គ្រាន់សម្រាប់ចូលរួមក្នុងសវនាការ ហើយជនជាប់ចោទ អៀង សារី ដែលជាប្ដីរបស់គាត់ បានទទួលមរណភាពកាលពីពាក់កណ្ដាលខែមីនា កន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
