ព្រឹត្តិការណ៍​ប្រចាំ​សប្ដាហ៍​នៅ​សាលាក្ដី​ខ្មែរ​ក្រហម

សាលាក្ដី​ខ្មែរក្រហម ចាប់​ពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មេសា រហូត​មក​ដល់​ថ្ងៃ​សុក្រ ទី​៣ ខែ​ឧសភា ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប និង​សាក្សី ២​រូប។ ទាំង​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​សាក្សី ដែល​សាលា​ដំបូង​ស្ដាប់​សក្ខីកម្ម​នោះ សុទ្ធតែ​ជា​អតីត​យុទ្ធជន​របស់​ខ្មែរក្រហម ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

0:00 / 0:00

កាល​ពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មេសា ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ធ្វើ​សវនាការ​ពិនិត្យ​ភស្តុតាង​លើ​សំណុំរឿង ០០២ វគ្គ​ទី ១ ដដែល ដោយ​ស្ដាប់​សក្ខីកម្ម​របស់​អ្នក​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ឈ្មោះ ស សារិន។

ដើម​បណ្ដឹង​រដ្ឋប្បវេណី ស សារិន ជា​អតីត​អ្នក​ឃោសនា​សិល្បៈ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ពេល​តស៊ូ​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៧០ និង​ជា​អ្នក​បើកបរ​រថយន្ត​ដឹក​ភ្ញៀវ​បរទេស និង​កម្មាភិបាល​ខ្មែរក្រហម​ជាន់​ខ្ពស់ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៧៥។ មេធាវី​នាំ​មុខ​ការពារ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី ស សារិន មាន​ព័ត៌មាន​សំខាន់ៗ ដែល​មាន​ប្រយោជន៍​ដល់​សំណុំរឿង ០០២។

បើ​ទោះ​ជា​ដូច្នេះ​ក្ដី សវនាការ​ដែល​ប្រព្រឹត្ត​ទៅ​បាន​តែ​ជាង ២​ម៉ោង ក៏​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ទាំង​ពាក់​កណ្ដាល​ទី ដោយសារ​តែ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ស សារិន សុំ​ផ្អាក​ការ​ផ្ដល់​សក្ខីកម្ម​បន្ត​ទៅ​ទៀត ព្រោះ​គាត់​ភ័យ​ខ្លាច​អំពី​បញ្ហា​អសន្តិសុខ​ផ្ទាល់​ខ្លួន និង​គ្រួសារ​របស់​គាត់៖ «ខ្ញុំ​មាន​ការ​ភិតភ័យ​អំពី​អសន្តិសុខ​របស់​ខ្ញុំ ព្រោះ​ខ្ញុំមើល​គំរូ​ដូច​លោក ផាន់ ង៉ោ ជា​រឿង​នយោបាយ និយាយ​ពី​រឿង​ខ្មែរ​ក្រហម។ នេះ​ខ្ញុំ​និយាយ​នៅ​ចំពោះ​មុខ​គាត់​អ៊ីចឹង»

ការ​សុំ​ផ្អាក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ស សារិន គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​សហ​ព្រះរាជអាជ្ញា​សាក​សួរ​គាត់​អំពី​ខ្លឹមសារ និង​ពាក្យពេចន៍​របស់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​វគ្គ​រៀន​សូត្រ​របស់​កម្មាភិបាល​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​គាត់​អះអាង​ថា គាត់​ក៏​ចូល​រៀន​ក្នុង​វគ្គ​នោះ​ដែរ៖ «កើត​ជា​រឿង​ខ្មែរ​រាប់​លាន​នាក់​ហ្នឹង​ដោយសារ​ស្អី? ដោយសារ​សាលា​បង្រៀន​កម្មាភិបាល​ហ្នឹង ដែល​បង្រៀន​ដោយ​គាត់​ហ្នឹង​ហើយ។ ខ្ញុំ​សុំ​បង្ហើប​ត្រួសៗ។ ក៏​ប៉ុន្តែ នេះ​ជារឿង​អសន្តិសុខ​ចំពោះ​ខ្ញុំ​ហ្នឹង វា ៧០% រួច​ទៅ​ហើយ ដែល​ខ្ញុំ​ទម្លាយ​មក​ប្រាប់​តុលាការ​ប៉ុណ្ណេះ»

ដើម​បណ្ដឹង​រដ្ឋប្បវេណី ស សារិន បាន​ទាមទារ​លក្ខខណ្ឌ​ឱ្យ​រដ្ឋាភិបាល​ជួយ​ផ្ដល់​​ឱ្យ​មាន​កម្លាំង​នគរបាល ឬ​កង​រាជ​អាវុធហត្ថ​ការពារ​សន្តិសុខ​ផ្ទាល់​ខ្លួន និង​គ្រួសារ មុន​នឹង​លោក​ផ្ដល់​សក្ខីកម្ម​បន្ត ហើយ​លោក​សន្យា​នឹង​ជួយ​ផ្ដល់​ព័ត៌មាន​ដល់​តុលាការ​វិញ៖ «ខ្ញុំ​សុំ​ការ​ការពារ​នេះ​ពី​សមត្ថកិច្ច​ប៉ូលិស​ក៏បាន ប៉េអឹម​ក៏​បាន ឱ្យ​តែ​កង​កម្លាំង​ប្រដាប់​អាវុធ ប្រហែល​ជា​គ្នា ៤​នាក់ លុះ​ត្រា​ខ្ញុំ​អស់​ជីវិត»

បើ​មិន​ដូច្នោះ​ទេ លោក​បដិសេធ​មិន​ផ្ដល់​សក្ខីកម្ម​ទេ ទោះ​ជា​សវនាការ​នោះ​មិន​ធ្វើ​សាធារណៈ​ក្ដី។

បន្ទាប់​ពី​អង្គ​ជំនុំជម្រះ​ដក​ឃ្លា​ពិចារណា​មួយ​លើក​ពីរ​លើក​រួច​មក ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន បាន​សម្រេច​ប្រកាស​បញ្ចប់​សវនាការ​ដោយ​សារ​តែ​មិន​អាច​ផ្ដល់​ការ​ធានា តាម​ការ​ស្នើ​សុំ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ស សារិន បាន៖ «ជម្រាប​លោក​ថា សំណើ​សុំ​របស់​លោក​ចាប់​ពី​ពេល​នេះ​រហូត​អស់​ជីវិត មិន​មាន​ហេតុផល​ច្បាស់លាស់​ទេ ហើយ​ក៏​គ្មាន​យុត្តាធិការ​សម្រេច​​តាម​សំណើ​សុំ​របស់​លោក​បែប​នេះ​ទេ ហើយ​អង្គ​ជំនុំជម្រះ​ក៏​មិន​សម្រេច​​ផ្ដល់​នូវ​វិធានការ​ផ្សេង​ទៀត ជូន​លោក​ដែរ។ ហេតុ​ដូច្នេះ អង្គ​ជំនុំជម្រះ​សម្រេច​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​លោក​ត្រឹម​នេះ»

ក្រោយ​ការ​ប្រកាស​បញ្ចប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ស សារិន អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បន្ត​សវនាការ​ស្ដាប់​សាក្សី​មួយ​រូប ឈ្មោះ អ៊ុង ឆាត់។ សវនាការ​នោះ គឺ​ផ្ដោត​ជា​សំខាន់​លើ​ការ​សម្លាប់​អតីត​ទាហាន​ក្នុង​របប លន់ នល់ ពេល​ដែល​ខ្មែរក្រហម​ឈ្នះ​សង្គ្រាម នៅ​ខែ​មេសា ឆ្នាំ​១៩៧៥។

សាក្សី អ៊ុង ឆាត់ អាយុ ៦២​ឆ្នាំ ជា​អតីត​កងទ័ព​ខ្មែរក្រហម​នៅ​ខេត្ត​ពោធិ៍សាត់ អះអាង​ថា គាត់​ជា​អ្នក​បាន​ឃើញ​ព្រឹត្តិការណ៍ ដែល​គេ​ប្រមូល​អតីត​ទាហាន​ក្នុង​របប លន់ នល់ យក​ទៅ​ប្រជុំ​នៅ​ក្នុង​សាលា​ខេត្ត រួច​ហើយ​គេ​ដឹក​យក​ទៅ​សម្លាប់​នៅ​បន្ទាយ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្ត​នេះ៖ «ឱ្យ​ខ្ញុំ​មក​ទទួល​នៅ​សាលា​ខេត្ត​ហ្នឹង​គ្រាន់​តែ​មក​យាមកាម​តាម​របង និង​ច្រក​ទ្វា​ទេ។ ទទួល​បន្ទុក​គ្រាន់​តែ​ឈរ​យាម​មិន​ឱ្យ​ប្រជារាស្ត្រ ឬ​នរណា​ចេញចូល​បាន​ប៉ុណ្ណោះ»

បន្ទាយ​ទួល​ពោធិ៍ជ្រៃ គឺ​ជា​កន្លែង​សម្លាប់​អតីត​ទាហាន​ក្នុង​របប លន់ នល់ មួយ​កន្លែង ដែល​ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម​ដាក់​បញ្ចូល​ក្នុង​ទៅ​សំណុំ​រឿង​លេខ ០០២ វគ្គ​ទី ១ សម្រាប់​ជំនុំជម្រះ​ក្ដី​លើ​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរក្រហម ដែល​នៅ​រស់​រាន​ពីរ​រូប ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។

ទាក់ទង​នឹង​រឿង​រ៉ាវ​នៅ​បន្ទាយ​ទួល​ពោធិ៍ជ្រៃ នេះ​ដែរ អតីត​យោធិន​ខ្មែរ​ក្រហម​វ័យ ៥៤​ឆ្នាំ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ម្នាក់​ទៀត ឈ្មោះ លឹម សាត ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ លោក​ជា​អ្នក​ទទួល​បញ្ជា​ឱ្យ​ប្រមូល​អតីត​ទាហាន និង​ប៉ូលិស​ក្នុង​របប លន់ នល់ ឱ្យ​ទៅ​ប្រជុំ​នៅ​សាលា​ខេត្ត ហើយ​បន្ទាប់​គេ​ដឹក​យក​ទៅ​សម្លាប់​នៅ​ទួល​ពោធិ៍​ជ្រៃ​នោះ។

សាក្សី លឹម សាត ថ្លែង​ថា ពួក​អតីត​ទាហាន និង​ប៉ូលិស​របប លន់ នល់ ទាំង​នោះ ត្រូវ​បាន​ពួក​ខ្មែរក្រហម​បោក​បញ្ឆោត​ថា យក​ទៅ​រៀន​សូត្រ៖ «ឡាន ហ្សេ. អឹម. សេ (GMC) ហើយ​ពួក​ឡាន​សំណាញ់ ដឹក​បាន​មនុស្ស ៣០​នាក់។ ដឹក​ទៅ​ទួល​ពោធិ៍ជ្រៃ តែ​ម្ដង។ បាទ! គេ​និយាយ​ប្រាប់​ថា ជួប​ជុំ​ទាហាន​អី​ហ្នឹង គេ​ថា ឱ្យ​រៀន​សូត្រ ហើយ​រៀន​សូត្រ​ហើយ ត្រឡប់​មក​វិញ គេ​ថា​អ្នក​ណា​ធ្វើ​ការ​អី ឱ្យ​ធ្វើ​ខាង​ហ្នឹង​វិញ»

លោក​បញ្ជាក់​ទៀត​​ថា មូលហេតុ​ដែល​គេ​បញ្ឆោត​អតីត​ទាហាន និង​ប៉ូលិស​ក្នុង​របប លន់ នល់ ទាំង​នោះ​ថា ឱ្យ​ទៅ​រៀន ហើយ​សម្លាប់​នោះ គឺ​ព្រោះ​ពួក​គេ​ខ្លាច​អ្នក​ទាំង​នោះ​រើ​បម្រះ​ឡើង​វិញ។ លោក​បន្ត​ថា បញ្ជា​ដែល​លោក​បាន​ទទួល​នោះ គឺ​មេ​បញ្ជាការ​របស់​លោក​ទទួល​ពី​ថ្នាក់​ដឹក​នាំ​ ពី​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ទៅ។

សាក្សី លឹម សាត រៀបរាប់​ប៉ាន់​ស្មាន​ថា អតីត​ទាហាន និង​ប៉ូលិស​របប លន់ នល់ ដែល​គេ​យក​ទៅ​សម្លាប់​នៅ​ទួល​ពោធិ៍ជ្រៃ​នោះ មាន​ចំនួន​ប្រមាណ​ជា ២​ពាន់​នាក់។
ទាំង​សាក្សី លឹម សាត និង​សាក្សី អ៊ុង ឆាត់ បដិសេធ​ថា ពួក​គាត់ និង​ក្រុម​របស់​គាត់​មិន​បាន​ចូលរួម​សម្លាប់​អ្នក​ទាំង​នោះ​ទេ គឺ​លោក​គ្រាន់​តែ​ទទួល​បញ្ជា​ឱ្យ​នៅ​យាម​ឡាន​ដែល​ដឹក​ទៅ​នោះ ហើយ​នៅ​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ ពី​ទី​តាំង​សម្លាប់​ទួល​ពោធិ៍ជ្រៃ។ លោក​ដឹង​ថា កម្លាំង​អ្នក​សម្លាប់​នៅ​ទួលពោធិ៍ជ្រៃ​នោះ អាច​មាន​ចំនួន ៥០​នាក់។

បន្ទាប់​ពី​ការ​ស្ដាប់​សាក្សី អ៊ុង ឆាត់ និង​សាក្សី លឹម សាត នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ ខែ​ឧសភា​នេះ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នឹង​ស្ដាប់​សក្ខីកម្ម​អ្នក​ជំនាញ​បរទេស​មួយ​រូប ឈ្មោះ ហ្វ៊ីលីព ហ្សត (Philip Short)។ លោក ហ្វ៊ីលីព ហ្សត ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ក្បាល​ស្ដី​អំពី ប៉ុល ពត៖ ការ​វិភាគ​អំពី​សុបិន​អាក្រក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។