សម្ភាស​អ្នក​និពន្ធ​សៀវភៅ "នៅ​ពេល​ពពក​ធ្លាក់​ពី​លើ​មេឃ (វគ្គ​១)

លោក រ៉ូប៊ឺត ខាម៉ៃខឺល (Robert Carmichael) ជា​អ្នក​និពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​មួយ​ក្បាល​ក្រោម​ចំណងជើង​ថា «នៅ​ពេល​ពពក​ធ្លាក់​ពីលើ​មេឃ» ឬ​ជា​ភាសា​អង់គ្លេស «When Cloud Fell from the Sky»។ ចំណុច​សំខាន់​នៃ​សៀវភៅ​នេះ​ផ្ដោត​ទៅ​លើ​ជោគវាសនា​របស់​មន្ត្រី​ការ​ទូត​ខ្មែរ​ម្នាក់ គឺ​លោក អ៊ុក កេត ដែល​ត្រូវ​ខ្មែរ​ក្រហម​ល្បួង​អោយ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ក្នុង​ឆ្នាំ​១៩៧៧ ដើម្បី​ជួយ​កសាង​កម្ពុជា ក៏ប៉ុន្តែ​ត្រូវ​បាន​យក​ទៅ​ឃុំ និង​សម្លាប់​នៅ​មន្ទីរ ស-២១ ឬ​គុក​ទួលស្លែង។

ខាង​ក្រោម​នេះ​ជា​អត្ថបទ​សម្ភាសន៍​រវាង​លោក ជី វិតា ជាមួយ​លោក រ៉ូប៊ឺត ខាម៉ៃខឺល៖

ជី វិតា៖ ជម្រាបសួរ លោក Robert Carmichael!

Robert Carmichael៖ ជម្រាបសួរ! អរគុណ​ដែល​បាន​សម្ភាស​ខ្ញុំ។

ជី វិតា៖ ជា​ដំបូង​ខ្ញុំ​សូម​អោយ​លោក​រៀបរាប់​ត្រួសៗ អំពី​សៀវភៅ​របស់​លោក​ដែល​ដាក់​ឈ្មោះ​ថា «នៅ​ពេល​ពពក​ធ្លាក់​ពីលើ​មេឃ»។

Robert Carmichael៖ អគុណ​ដែល​បាន​សម្ភាស​ខ្ញុំ​នៅ​ទី​នេះ។ ជា​សរុប​ក្នុង​សៀវភៅ​នេះ​ខ្ញុំ​ផ្អែក​លើ​ប្រវត្តិ​របស់​មនុស្ស ៥​នាក់​ផ្សេង​គ្នា។ ខ្ញុំ​រៀបរាប់​តាម​លំដាប់​ពេល​ចំនួន ៥​ទសវត្ស​ដើម្បី​ពន្យល់​អំពី​ប្រវត្តិ​នៃ​ការ​កើត​ឡើង​របស់​ខ្មែរក្រហម។ មូលហេតុ​ដែល​បណ្ដាល​អោយ​ខ្មែរក្រហម​រីក​ដុះដាល និង​ផលវិបាក​ដែល​កើត​ឡើង​លើ​កម្ពុជា។ ទាំង​នេះ​ហើយ​ដែល​ខ្ញុំ​ចង់​និយាយ គឺ​មូលហេតុ និង​ផលវិបាក​នៃ​ការ​កើត​ឡើង​របស់​ខ្មែរ​ក្រហម។ ការ​ដែល​ខ្ញុំ​រៀបរាប់​អំពី​ប្រវត្តិ​របស់​ខ្មែរ ៥​រូប​នេះ ដែល​មាន​ម្នាក់​ឈ្មោះ អ៊ុក កេត ជា​មន្ត្រី​ការទូត​វ័យក្មេង សមាជិក​គ្រួសារ​បី​នាក់​របស់​គាត់ និង​អ្នក​ទី​៥ គឺ កាំង ហ្កេកអ៊ាវ ឬ សម​មិត្ត ឌុច ជា​មេ​គុក ស-២១ ជា​ទី​ដែល​លោក អ៊ុក កេត បាន​ត្រូវ​គេ​យក​មក​សម្លាប់​ក្រោយ​ពី​គាត់​បាន​ត្រឡប់​ពី​បរទេស​ភ្លាម។

ជី វិតា៖ សៀវភៅ​នេះ​មាន​ចំណងជើង​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់។ តើ​ឈ្មោះ​នេះ​លោក​បាន​មក​ពី​ណា?

Robert Carmichael៖ តាម​ពិត​ឈ្មោះ​នេះ​ខ្ញុំ​បាន​មក​ពី​លោក យុ ឆាំង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-CAM)។ ខ្ញុំ​បាន​និយាយ​ជាមួយ​លោក យុ អំពី​ពាក្យពេចន៍​ឃ្លាឃ្លោង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រើ​កាល​ពី​សម័យ​នោះ ហើយ​លោក យុ ប្រាប់​ខ្ញុំ​ថា មាន​ពាក្យ​មួយ​ឃ្លា​គឺ «នៅ​ពេល​ដែល​ពពក​ធ្លាក់​ពី​លើ​មេឃ» ហើយ​គាត់​បាន​ពន្យល់​ខ្ញុំ​ថា ពួក​ខ្មែរ​ក្រហម​ចាត់​ទុក​ខ្មែរ​អ្នក​ក្រុង​ថា ជា​មនុស្ស​ក្រអឺតក្រអោង វាយ​ឫក​ធំ​ខ្ពស់​ជាង​កសិករ​ដែល​ជា​ពលរដ្ឋ​សាមញ្ញ​របស់​កម្ពុជា ដែល​ជា​មនុស្ស​បរិសុទ្ធ។ អ្នក​ទីក្រុង​អស់​នោះ​ហាក់​ដូចជា​ពពក​អណ្ដែត​លើ​មេឃ ពួក​អាត្មា​និយម ពួកគេ​មើលងាយ​ប្រជា​កសិករ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្មែរ​ក្រហម​ព្យាយាម​ទាញ​ជន​ទាំង​នោះ​ទម្លាក់​ចុះ​មក​ដី​បាន​ដោយ​ជោគជ័យ។ នេះ​ហើយ​អត្ថន័យ​នៃ​ចំណងជើង​របស់​សៀវភៅ​នេះ។

ជី វិតា៖ លោក​បាន​ជួប​គ្រួសារ​មួយ​នេះ​ដែល​បាន​ក្លាយ​ជា​ប្រភព​នៃ​ប្រវត្តិ​រឿង​នៅ​ក្នុង​សៀវភៅ​នេះ​តាម​របៀប​ណា?

Robert Carmichael៖ នៅ​ដើម​ឆ្នាំ​២០០៩។ ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ជា​អ្នក​កាសែត​នៅ​កម្ពុជា ពី​ឆ្នាំ​២០០១ ដល់​២០០៣ ហើយ​ក៏​បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ។ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០០៩ ខ្ញុំ​បាន​ត្រឡប់​មក​កម្ពុជា​វិញ ពីព្រោះ​ជិត​ដល់​ពេល​កាត់​ទោស​សមមិត្ត ឌុច។ ខ្ញុំ​បាន​ជួប​ស្ត្រី​ជនជាតិ​បារាំង ពីរ​នាក់ ដែល​ជា​តួ​នៅ​ក្នុង​រឿង​នេះ គឺ​ភរិយា​របស់​លោក អ៊ុក កេត និង​កូនស្រី​គាត់​ឈ្មោះ នារី។ យើង​បាន​ជួប​គ្នា​ដោយ​ចៃដន្យ​ទេ ព្រោះ​ពួកគាត់​ក៏​មក​មើល​ការ​កាត់​ទោស ឌុច ដែរ។

ជី វិតា៖ ជួប​នៅ​ឯ​ណា?

Robert Carmichael៖ ជួប​នៅ​ភ្នំពេញ ក្នុង​ភោជនីយដ្ឋាន​មួយ​តាម​ដង​ផ្លូវ​ក្បែរ​មាត់​ទន្លេ ដែល​ខ្ញុំ​ទៅ​ហូប​អាហារ​ពេល​ព្រឹក​នៅ​ទី​នោះ។ ពួកគាត់​អង្គុយ​នៅ​តុ​ក្បែរ​តុ​ខ្ញុំ ខ្ញុំ​ឮ​ពួកគាត់​និយាយ​គ្នា ខ្ញុំ​ក៏​បាន​និយាយ​ជាមួយ​ពួកគាត់​ដែរ។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​ចំពោះ​ប្រវត្តិ​របស់​ពួកគាត់ គឺ​ថា ពួកគាត់​ជា​ជនជាតិ​បារាំង ពួកគាត់​មិន​ដែល​មក​កម្ពុជា​ទេ រហូត​ដល់​ឆ្នាំ​១៩៩១ ដែល​ពួកគាត់​មក​ជា​លើក​ដំបូង។ លោក អ៊ុក កេត បាន​ទៅ​រៀន​នៅ​ស្រុក​បារាំង ហើយ​បាន​ជួប​នាង ម៉ាក ទីន។ ប្រវត្តិ​រឿង​របស់​ពួកគាត់ គឺ​ការ​បាត់​ខ្លួន​របស់​លោក អ៊ុក កេត ការ​បាត់បង់​ស្វាមី។ ទោះជា​ពួកគាត់​មិន​ធ្លាប់​រស់​នៅ​ប្រទេស​កម្ពុជា ក៏ដោយ ប្រវត្តិ​របស់​ពួកគាត់​ស្រដៀង​គ្នា​នឹង​ប្រវត្តិ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែរ ហើយ​ខ្ញុំ​គិត​ថា រឿង​របស់​ពួកគាត់​អាច​ជា​ស្ពាន​ត​ភ្ជាប់​ទៅ​នឹង​អ្នក​អាន​បស្ចិម​ប្រទេស​ដែល​មិន​យល់ ឬ​មិន​អាច​យល់​បាន​ដោយ​ងាយៗ​នូវ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​លើ​ពលរដ្ឋ​កម្ពុជា។

ជី វិតា៖ ខ្ញុំ​បាន​អាន​ផ្នែក​ខ្លះ​នៃ​សៀវភៅ​នេះ ដែល​រ៉ាយរ៉ាប់​ពី​ប្រវត្តិ​រឿង​ផ្ទាល់​ខ្លួន​របស់​តួអង្គ​នៅ​ក្នុង​សៀវភៅ​នេះ។ តើ​លោក​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​នេះ​ទេ នៅ​ពេល​ដែល​លោក​កំពុង​ស្រាវជ្រាវ​ដើម្បី​និពន្ធ​សៀវភៅ​នេះ?

Robert Carmichael៖ ខ្ញុំ​ពិតជា​រក្សា​ទំនាក់ទំនង​ជាមួយ​គ្រួសារ​នេះ ពីព្រោះ​ប្រវត្តិ​រឿង​បែប​នេះ​ដែល​ប្រកប​ដោយ​ការ​វិនាស​ព្រាត់ប្រាស​គ្នា និង​ការ​ខិតខំ​ព្យាយាម​រៀបចំ​ជីវិត (ពួកគាត់​) ឡើង​វិញ​បែប​នេះ បើ​ខ្ញុំ​មិន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទេ គឺ​ពិបាក​និពន្ធ​រឿង​បែប​នេះ​ណាស់។ ដូច្នេះ ខ្ញុំ​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកស្រី ម៉ាក ទីន និង នារី កូន​របស់​គាត់ រហូត​ដល់​សព្វថ្ងៃ​នេះ។ ក្រោយ​ពី​បាន​បោះពុម្ព​ហើយ ពួកគាត់​រស់​នៅ​ឯ​ស្រុក​បារាំង ឯ​ណោះ ក៏​បាន​ទទួល​សៀវភៅ​នេះ​ដែរ។

ជី វិតា៖ តើ​ពួកគាត់​មាន​ចិត្ត​អបអរ​ទេ ចំពោះ​សៀវភៅ​ដែល​លោក​បាន​និពន្ធ​អំពី​ប្រវត្តិ​របស់​ពួកគាត់​បែប​នេះ?

Robert Carmichael៖ ខ្ញុំ​ជឿ​ថា ពួកគាត់​ពិត​ជា​អបអរ។ ពួកគាត់​ពិតជា​បាន​សម្ដែង​ការ​អបអរ។ ហេតុ​ដែល​ពួកគាត់​អបអរ គឺ​ថា ប្រវត្តិ​រឿង​នេះ​ធ្វើ​ឲ្យ​ពួកគាត់​ចងចាំ​ដល់​លោក អ៊ុក កេត និង​ប្រវត្តិ​រឿង​ស្រដៀង​គ្នា​របស់​ជនរងគ្រោះ​ជា​ច្រើន​ទៀត គឺ​មិនមែន​គ្រាន់តែ​ជា​ចំនួន​ស្លាប់ ២​លាន​នាក់​ប៉ុណ្ណោះ​ទេ។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​គេ​នឹក​ទៅ​ដល់​ឈ្មោះ​អ្នក​ដែល​រង​គ្រោះ​ម្នាក់ៗ​ដែល​សុទ្ធ​តែ​មាន​ប្រវត្តិ និង​មាន​សាច់ញាតិ​គ្រប់ៗ​គ្នា។ នេះ​ជា​វិធី​ដែល​ជួយ​ឲ្យ​នឹក​ឃើញ​ដល់​រឿងរ៉ាវ​អស់​ទាំង​នោះ ហើយ​អ្នក​ទាំង​ពីរ​នោះ​ពិតជា​អបអរ​ណាស់ ពីព្រោះ​ការ​នឹក​ឃើញ​អំពី​លោក អ៊ុក កេត គឺ​ជា​ការ​ចងចាំ​នៅ​កន្លែង​ដ៏​ជាក់លាក់​មួយ មិនមែន​គ្រាន់តែ​ជា​ការ​បាត់​ខ្លួន​តែប៉ុណ្ណោះ​ទេ។

ជី វិតា៖ ហេតុអ្វី​បាន​ជា​លោក​យល់​ថា មាន​សារសំខាន់​ក្នុង​ការ​និយាយ​អំពី​ប្រវត្តិ​រឿង​ទូលំទូលាយ​ស្ដីពី​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩?

Robert Carmichael៖ សួរ​បាន​ល្អ។ អ្វី​ដែល​បាន​កើត​នៅ​កម្ពុជា កាល​នោះ គឺ​ជា​ឧក្រិដ្ឋកម្ម​នៃ​សតវត្ស​ទី​២០ ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​យ៉ាង​ហ្នឹង ដោយសារ​តែ​នយោបាយ​ឆ្កួត​លីលា និង​ភ្លីភ្លើ ហើយ​ដែល​បស្ចិមប្រទេស​ពិបាក​យល់​ថា អ្វី​ខ្លះ​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ហេតុអ្វី​បាន​វា​កើត​ឡើង​យ៉ាង​ហ្នឹង? គេ​ដឹង​ត្រួសៗ​ថា មាន​ម្នាក់​ឈ្មោះ ប៉ុល ពត មាន​មនុស្ស​ស្លាប់​ច្រើន ប៉ុន្តែ​គេ​មិន​ដឹង​ប្រាកដ​ថា រឿង​នោះ​វា​យ៉ាង​ដូច​ម្ដេច ហេតុ​អ្វី​បាន​ជា​អ៊ីចឹង ហើយ​គេ​មិន​យល់​ថា ហេតុ​អ្វី​បាន​ជា​វា​កើត​ឡើង​ទេ? បើ​មនុស្ស​មិន​យល់​ពី​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​រឿង​ទាំង​នេះ​ទេ រឿង​បែប​នេះ​អាច​នឹង​កើត​ឡើង​នៅ​ប្រទេស​ណា​ផ្សេង​ទៀត។ នេះ​ជា​សារសំខាន់​ដែល​មនុស្ស​ត្រូវ​យល់​ច្បាស់​ពី​មូលហេតុ​ទាំង​នេះ។

ជី វិតា៖ ក្នុង​សេចក្ដី​សង្ខេប​នៃ​សៀវភៅ​នេះ លោក​រៀបរាប់​អំពី​មូលហេតុ និង​ផលវិបាក​ដែល​បង្ក​ឡើង​ដោយ​ពួក​ខ្មែរក្រហម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ តើ​លោក​អាច​សង្ខេប​វា​ឲ្យ​បាន​ល្អ​កម្រិត​ណា ដើម្បី​ឲ្យ​អ្នកអាន​ដែល​មិន​ធ្លាប់​យល់​អំពី​ភាព​ស្មុគស្មាញ​របស់​ប្រទេស​កម្ពុជា យល់​ទៅ​បាន?

Robert Carmichael៖ ខ្ញុំ​បាន​ផ្ដើម​ពី​ផលវិបាក ព្រោះ​វា​ងាយ​យល់​ជាង​គេ និង​ដោយសារ​កម្ពុជា កំពុង​មាន​ផល​វិបាក​បែប​នេះ​នៅ​ឡើយ។ ឧទាហរណ៍​ដូចជា អ្នក​ដែល​មាន​ចំណេះដឹង​ខ្ពស់​ត្រូវ​បាន​សម្លាប់ ឬ​បើ​នៅ​រស់ អ្នក​នោះ​ត្រូវ​បាន​រត់​ចេញ​ពី​ប្រទេស។ សង្គម​មនុស្ស​ត្រូវ​ខូច​ខ្ទេចខ្ទាំ​ជា​ខ្លាំង ហេដ្ឋារចនាសម្ពន្ធ​ក៏​ខូច​ខ្ទេច​ដោយសារ​សង្គ្រាម​ស៊ីវិល និង​ដោយសារ​ពួក​ខ្មែរក្រហម​ដឹកនាំ​ប្រទេស​យ៉ាង​គម្រក់​បំផុត។ ទាំង​អស់​នេះ​នៅ​តែ​មាន​នៅ​កម្ពុជា នៅ​ឡើយ​ទេ ថ្វីត្បិតតែ​មាន​ការ​រីក​ចម្រើន​ច្រើន​ហើយ​ក៏ដោយ។ ផលវិបាក​ទាំង​នេះ​វា​ងាយ​យល់​ជាង​គេ។ រី​ឯ​មូលហេតុ​ផ្សេង​វិញ វា​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ...។

ជី វិតា៖ ឧទាហរណ៍​ដូចជា​អ្វី​ខ្លះ?

Robert Carmichael៖ ឧទាហរណ៍​ដូចជា​សង្គ្រាម​នៅ​ប្រទេស​វៀតណាម ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ រវាង​វៀតណាម ខាង​ជើង និង​វៀតណាម​ខាង​ត្បូង។ សង្គ្រាម​នេះ​បាន​អូសទាញ​ប្រទេស​កម្ពុជា ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​នេះ​ដែរ​តាម​របៀប​មួយ​ដែល​គេ​មិន​អាច​ដឹង​ដឹង​ខ្លួន​ជា​មុន។

ការ​គាំទ្រ​របស់​ប្រទេស​ចិន ចំពោះ​ខ្មែរក្រហម ហើយ​និង​ការ​ទម្លាក់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ សីហនុ កាល​ពី​ឆ្នាំ​១៩៧០។ ទាំង​នោះ​គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រហម​កើត​មាន​ឡើង ព្រោះ​កាល​ពី​ឆ្នាំ​១៩៦៥ ទ័ព​ខ្មែរ​ក្រហម​មិន​ទាន់​អាច​ធ្វើ​អ្វី​កើត​នៅ​ឡើយ​ទេ។ ពួក​នោះ​មាន​ការ​គាំទ្រ​បន្តិចបន្តួច​នៅ​ក្នុង​ប្រទេស ហើយ​មិន​មាន​ការ​គាំទ្រ​ពី​វៀតណាម ខាង​ជើង ឬ​ចិន​ទេ។ ប៉ុន្តែ​ដល់​ឆ្នាំ​១៩៧៥ ជោគជ័យ​របស់​ខ្មែរ​ក្រហម​ជា​ជោគជ័យ​ដ៏​ជាក់លាក់។ នេះ​បាន​ន័យ​ថា តែ​ក្នុង​រយៈពេល ១០​ឆ្នាំ (១៩៦៥-១៩៧៥) មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង និង​សែន​អាក្រក់​បំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។