អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២៥ ខែឧសភា បន្តធ្វើសវនាការលើអង្គហេតុស្ដីពីការដ្ឋានការងារ នៅទំនប់ ១ មករា ខេត្តកំពង់ធំ។ នៅទំនប់ ១ មករា ខេត្តកំពង់ធំ ជាការដ្ឋានធ្វើការដោយបង្ខំធ្ងន់ធ្ងរមួយ ដែលត្រូវបានសាលាក្ដីដាក់បញ្ចូលទៅក្នុងសំណុំរឿង ដើម្បីជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហម នៃរបបកម្ពុជាប្រជាធិបតេយ្យ។
សវនាការនៅថ្ងៃទី២៥ ឧសភា អង្គជំនុំជម្រះសាលាដំបូងស្ដាប់សក្ខីកម្មរបស់សាក្សីមួយរូបទៀត គឺលោកស្រី មាស ឡៃហួរ ដែលអតីតជានារីកងចល័តនៅការដ្ឋានពលកម្មដោយបង្ខំ ឈ្មោះទំនប់ ១ មករា ខេត្តកំពង់ធំ។
សាក្សី មាស ឡៃហួរ ជម្រាបអង្គជំនុំជម្រះថា ការធ្វើការនៅការដ្ឋានទំនប់ ១ មករា ក្នុងខេត្តកំពង់ធំ នោះ ជាសមរភូមិពលកម្មក្ដៅ ព្រោះមិនមានពេលសម្រាកគ្រប់គ្រាន់ទេ ហើយមានគ្រោះថ្នាក់ផង៖ «សមរភូមិក្ដៅគេដាក់ឱ្យយើងក្នុងមួយថ្ងៃមួយម៉ែត្រគីបឱ្យរួច។ ដល់ពេលយប់ គេឱ្យយើងធ្វើការដល់ម៉ោង ១២យប់ទៀត បានយើងសម្រាក។ ព្រលឹមឡើង យោធាគេផ្លុំកញ្ចែឱ្យយើងក្រោកទៅធ្វើការទៀត។ ដល់ម៉ោង ១២ថ្ងៃត្រង់ បានគេឱ្យយើងមកហូបបាយ គេចែក»។
លោកស្រី មាស ឡៃហួរ ថ្លែងថា ការធ្វើការធ្ងន់ ប៉ុន្តែរបបអាហារមិនគ្រប់គ្រាន់ទេ ដោយលោកស្រីប្រៀបធៀបថា មានគុណភាពតិចជាងបបរបាយជ្រូកសព្វថ្ងៃនេះ៖ «បាយជ្រូកសព្វថ្ងៃយើងដាក់អង្ករវាច្រើន។ កាលជំនាន់នោះវាអត់មាន។ យើងគ្រាន់តែស្ងោរត្រកួនដាក់អំបិលចែកគ្នាហូបទៅ។ អត់ហ៊ានតវ៉ាទេ។ តវ៉ាខ្លាចគេយកទៅសម្លាប់ចោល»។
សាក្សីបញ្ជាក់ថា ពេលខ្លះឈឺ ក៏ត្រូវតែទៅធ្វើការដែរ ព្រោះខ្លាចរងការកសាង និងទណ្ឌកម្មបង្អត់បាយ។ មានពលករធ្វើការនៅទំនប់ ១ មករា ជាច្រើននាក់បានស្លាប់ដោយសារតែការរស់នៅ និងការបរិភោគមិនមានអនាម័យ ជាពិសេសគឺទឹកមិនស្អាត ១២ ហើយពេលឈឺ មិនមានពេទ្យព្យាបាលត្រឹមត្រូវទេ។
សាក្សី មាស ឡៃហួរ បន្តថា អ្នកធ្វើពលកម្មនៅសមរភូមិក្ដៅទំនប់ ១ មករានោះ គឺជាកងចល័តពិសេស ដែលមានទាំងប្រជាជនចាស់ និងប្រជាជនថ្មី។ កងចល័តទាំងនោះត្រូវធ្វើការលើកធ្ងន់ដោយបង្ខំ ប្រមាណ ១៨ម៉ោងក្នុងមួយថ្ងៃ ហើយមានកងឈ្លប និងយោធាយាមឃ្លាំមើលផង៖ «ធ្លាប់តែពាក្យ គេថាខ្មាំង។ បើយើងមិនធ្វើការ គេថាយើងខ្មាំង យើងប្រឆាំងនឹងអង្គការ។ ប្រជាជនថ្មីគេតាម បើយើងខ្ជិលធ្វើការ គេយកទៅវាយចោលតែម្ដង។ គេកសាងយើង យើងមិនស្ដាប់គេ គេយកទៅវាយចោលហើយ។ អ្នកដែលត្អូញត្អែរច្រើន គេចាត់ទៅជាខ្មាំងហើយ។ យើងអត់ទៅធ្វើការនៅរោងរាល់ថ្ងៃ គេបណ្ដោះយើងចេញ។ គេបញ្ជូនយើងចេញមិនដឹងទៅខាងណាទេ។ បើយើងនៅក្នុងហ្នឹង មានគេយកតម្រាប់តាម។ ម៉្លោះហើយបានគេដកខ្លួនយើងចេញ។ យើងមិនគោរពវិន័យ គេដក់យើងចេញហើយ។ គេយកទៅរៀនសូត្រ តែមិនដឹងរៀនសូត្រឯណាទេ បាត់ខ្លួនទៅបណ្ដោយ»។
សវនាការស្ដាប់សក្ខីកម្មរបស់សាក្សី មាស ឡៃហួរ នៅមិនទាន់បញ្ចប់ទេ គឺនឹងត្រូវភាគីការពារក្ដីជនជាប់ចោទសួរជាបន្តទៀត នៅថ្ងៃអង្គារ ទី ២៦ ឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
