សវនាការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ សាក្សី ឈូក រីន ដែលជាអតីតសមាជិកបក្សកុម្មុយនិស្តកម្ពុជា និងជាមេទ័ពខ្មែរក្រហមមួយរូប ថ្លែងថា លោកខឹងនឹងជនជាប់ចោទ នួន ជា ដែលថាមិនដឹង ឬមិនទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។
សាក្សី ឈូក រីន បន្តថា ជនជាប់ចោទ នួន ជា ជាមនុស្សក្នុងចំណោមអ្នកដឹកនាំបក្សកុម្មុយនិស្តកម្ពុជា ដែលមានឋានៈជាអនុលេខាបក្ស ហើយជាអ្នកអប់រំមនោគមវិជ្ជាកុម្មុយនិស្តតាមទង់ក្រហម ដែលធ្វើឱ្យពលរដ្ឋកម្ពុជា បែកបាក់ និងប្រយុទ្ធនឹងគ្នាឯង៖ «កងទ័ពក៏លោក នួន ជា ឱ្យវាយសម្រុក បង្កបង្កើនផល ធ្វើការងារធ្ងន់ធ្ងរ មិនដែលទទួលការហ្វឹកហ្វឺនផ្នែកជំនាញតាមខ្នាតអន្តរជាតិទេ។ ប្រើធ្វើការងារទាំងអស់ ហើយលោកថាអត់ដឹង លោកជាប្រធានសភា។ ប៉ុន្តែខ្ញុំ លោកកោះហៅឱ្យទៅរៀនសូត្រអី មានសមាជិកទៅហ្នឹង ទៅចូលរួមរៀនសូត្រអី លោកនិយាយថា ត្រូវតែធ្វើអ៊ីចឹង ហើយមាគ៌ានេះ គឺមានតែមួយគត់ គឺបក្សកុម្មុយនិស្តកម្ពុជា។ មិនដែលឮថា សភាអ្នកតែងតាក់ច្បាប់អី មិនចុះជាប់ការងារអី។ ខ្ញុំដូចមិនទទួលយកពាក្យគាត់និយាយហ្នឹងបានទេ។ អាហ្នឹងហើយដែលខ្ញុំខឹង»។
សាក្សីជម្រាបអង្គសវនាការថា នៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តកម្ពុជា មនុស្សទាំងក្មេង ទាំងចាស់ ពលរដ្ឋស៊ីវិល និងកងទ័ព ត្រូវធ្វើការងារកសិកម្មធ្ងន់ធ្ងរ ហើយធ្វើឱ្យកងទ័ពបាក់កម្លាំង។ សាក្សី ឈូក រីន បញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម មិនត្រឹមតែពលរដ្ឋស៊ីវិលទេដែលព្រួយបារម្ភអំពីសន្តិសុខ និងការភ័យខ្លាចគេចាប់យកទៅសម្លាប់ សូម្បីតែគាត់ជាមេបញ្ជាការយោធា ដែលធ្លាប់មកទទួលការអប់រំអំពីមនោគមវិជ្ជានៅក្នុងសៀវភៅទង់ក្រហមពី ប៉ុល ពត និង នួន ជា ក៏ភ័យខ្លាចដែរ៖ «ជនរួមជាតិក៏ដូចខ្ញុំដែរ។ គ្រាន់តែទទួលការរៀនសូត្រហើយ មកវិញភ័យខ្លាច។ ខ្លាចហ្នឹង គឺខ្លាចបក្សកុម្មុយនិស្តកម្ពុជា តែម្ដង។ គឺខ្លាចមេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា មិនមែនខ្លាចតែ នួន ជា ទេ គឺពេលហ្នឹងអ្នកទៅរៀនសូត្រនៅហ្នឹង ឃើញមុខ នួន ជា លោកនៅហ្នឹងដែរ។ អ៊ីចឹងហើយចេះតែភ័យហើយ។ ខ្លាចតែទាំងអស់គ្នាហ្នឹង។ ខ្លាចតែធ្វើអ្វីមួយខុស»។
សាក្សីបន្តថា ទោះបីជាគាត់ជាមេបញ្ជាការយោធាក្ដី ក៏មានសាច់ញាតិរបស់គាត់ក្នុងត្រកូល ឈូក ត្រូវខ្មែរក្រហមសម្លាប់ជាច្រើននាក់ដែរ៖ «រងគ្រោះមិនមែនតែជនរួមជាតិទេ សូម្បីតែខ្ញុំជួរទាហាន ហើយបងប្អូនខ្ញុំដែលនៅតាមមូលដ្ឋាននេះ ដល់ពេលចាញ់គេហើយ បានដឹងថា បងប្អូនមានស្លាប់។ ត្រកូល ឈូក ហ្នឹង ក៏មានស្លាប់ច្រើននៅកំពត ហ្នឹងដូចជនរួមជាតិដែរ។ ព្រោះមិនយ៉ាងម៉េចបានជាមានស្លាប់អ៊ីចឹង។ ពីដើមមក ដូចជាបងជីដូនមួយខ្ញុំអី សុទ្ធតែអ្នករត់តាក់ស៊ី ពីដើមសោះ ប៉ុន្តែមិនដឹងតាក់ស៊ីហ្នឹងចេះទៅធ្វើភ្នាក់ងារ ចេះទៅធ្វើស្អីៗ គេម៉េច ទើបរងការសម្លាប់ចោលដូចគ្នា»។
ទាក់ទងជនជាប់ចោទ ខៀវ សំផន សាក្សីជម្រាបអង្គជំនុំជម្រះជាថ្មីថា គឺគ្រាន់តែជាសមាជិករណសិរ្សជាមួយសម្ដេចព្រះបាទ នរោត្ដម សីហនុ ប៉ុណ្ណោះ។ សាក្សីថា ជនជាប់ចោទ ខៀវ សំផន គាត់គ្មានអំណាចអ្វីទាល់តែសោះខាងយោធា៖ «កន្លងមកនេះ ខ្ញុំដូចជាមិនដែលឃើញលោក ខៀវ សំផន ចូលរួមប្រជុំណែនាំក្នុងកម្មវិធីនយោបាយរបស់ពួកបក្សកុម្មុយនិស្តកម្ពុជា។ មិនដែលឃើញ មិនដែលជួប ហើយមិនដែលគេឧទ្ទេសនាមអំពីឈ្មោះរបស់គាត់ទេ។ ប៉ុន្តែ បើគាត់អាថ៌កំបាំងរបស់មេដឹកនាំ ក៏ខ្ញុំមិនដឹងដែរ»។
សវនាការស្ដាប់សាក្សី ឈូក រីន ត្រូវបានបញ្ចប់នៅល្ងាចថ្ងៃអង្គារ។ សវនាការនឹងបន្តទៅទី២៤ មេសា ទៀត ដែលអង្គជំនុំជម្រះសាលាដំបូងគ្រោងស្ដាប់សាក្សីថ្មីមួយរូបទៀត ដែលមានលេខសម្គាល់ ធីស៊ីដាប់ប៊ែលយូ១២៦ (TCW 126)។ សាក្សីថ្មីនេះ អង្គជំនុំជម្រះអនុញ្ញាតឱ្យក្រុមមេធាវីការពារក្ដីឱ្យជនជាប់ចោទ សួរដេញដោលសាក្សីមុនភាគីដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
