សាក្សី ឈូក រីន សុំ​ឲ្យ​តុលាការ​ដោះលែង​ជន​ជាប់​ចោទ ខៀវ សំផន

0:00 / 0:00

សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​ពិនិត្យ​ភស្តុតាង​លើ​សំណុំរឿង ០០២ ជា​បន្ត នៅ​ថ្ងៃ​ទី​២២ ខែ​មេសា បន្ទាប់​ពី​ការ​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន។ សវនាការ​បន្ត​នេះ អង្គ​ជំនុំ​ជម្រះ​ស្ដាប់​សាក្សី​ឈ្មោះ ឈូក រីន ដែល​ជា​អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ខ្មែរក្រហម​មួយ​រូប នៅ​ខេត្ត​កំពត ជុំវិញ​ទំនាក់​ទំនង​ការងារ​របស់​គាត់​ជា​មួយ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា។

នៅ​ពេល​ចាប់​ផ្ដើម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៣ សាក្សី ឈូក រីន ដែល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​មេទ័ព​ខ្មែរក្រហម​មួយ​រូប បាន​ស្នើសុំ​ឱ្យ​អង្គ​ជំនុំជម្រះ​សាលាដំបូង ដោះលែង​ជន​ជាប់​ចោទ ខៀវ សំផន។

សាក្សី ឈូក រីន អះអាង​ពី​ហេតុផល​ថា ជន​ជាប់​ចោទ ខៀវ សំផន មិន​មែន​ជា​មេ​ដឹកនាំ​ជាន់​ខ្ពស់​ក្នុង​បក្ស​កុម្មុយនិស្ត​កម្ពុជា​ទេ៖ «មេដឹកនាំ​របស់​ខ្ញុំ លោក អៀង សារី អី គាត់​ស្លាប់​បាត់បង់​ជីវិត​ទៅ​ខ្ញុំ​ស្ដាយ។ ស្ដាយ​ដែល​មិន​បាន​ឮ​ខ្ញុំ​និយាយ ហើយ​​ឥឡូវ​នេះ មេដឹកនាំ​របស់​ខ្ញុំ​ដែល​ថា មេ​បក្ស​កុម្មុយនិស្ត​កម្ពុជា នៅ​តែ​លោក នួន ជា មួយ​ទេ ហើយ​ចំពោះ​មុខ​ហ្នឹង។ ខ្ញុំ​ចង់​និយាយ ហើយ​ខ្ញុំ​បាន​ជួប​ចៅក្រម​ស៊ើបអង្កេត​អី ខ្ញុំ​​ថា ខៀវ សំផន ហ្នឹង​ ខ្ញុំ​មិន​និយាយ​អី​ទេ ខ្ញុំ​សុំ​ថា ឱ្យ​តុលាការ​ដោះលែង​គាត់​ទៅ។ គាត់​មិន​មែន​អ្នក​ទទួល​ខុសត្រូវ​កុម្មុយនិស្ត​ជាន់​ខ្ពស់​ទេ។ ខ្ញុំ​សុំ​អ៊ីចឹង»

លោក​អះអាង​ទៀត​ថា ជន​ជាប់​ចោទ ខៀវ សំផន គ្រាន់​តែ​ជា​មេ​ដឹក​នាំ​ខ្មែរក្រហម​មួយ​រូប ដែល​មាន​តែ​ឈ្មោះ ហើយ​គ្មាន​អំណាច។

លោក ឈូក រីន បញ្ជាក់​ថា មេ​ដឹក​នាំ​របស់​លោក​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម មាន​ពីរ​នាក់ គឺ​ជន​ជាប់​ចោទ នួន ជា និង អៀង សារី។ លោក ឈូក រីន ថ្លែង​ថា លោក​សោក​ស្ដាយ ពេល​ដែល​អតីត​មេ​របស់​លោក​ឈ្មោះ អៀង សារី ស្លាប់​ទៅ ដោយ​មិន​បាន​ឮ​លោក​និយាយ​បំភ្លឺ​តុលាការ។

សាក្សី ឈូក រីន ដែល​ធ្លាប់​បួស​ជា​ព្រះសង្ឃ​ពុទ្ធសាសនា បាន​ចូល​រួម​ចលនា​តស៊ូ​ជា​មួយ​បក្ស​កុម្មុយនិស្ត​កម្ពុជា របស់​ក្រុម​ខ្មែរ​ក្រហម ចាប់​តាំង​ពីដើម​ទសវត្ស​​ឆ្នាំ​១៩៧០ រហូត​ដល់ ១៩៩៤។

លោក ឈូក រីន បច្ចុប្បន្ន ជា​ទណ្ឌិត​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត នៅ​មជ្ឈមណ្ឌល​កែប្រែ​ទី​១ ព្រៃ​ស បន្ទាប់​ពី​តុលាការ​ជាតិ​រក​ឃើញ​ថា គាត់​មាន​កំហុស​ក្នុង​ការ​សម្លាប់​ជន​បរទេស ៣​នាក់ នៅ​ភ្នំ​វល្លិ៍ ក្នុង​ខេត្ត​កំពត កាល​ពី​ឆ្នាំ​១៩៩៤ បន្ទាប់​ពី​ការ​វាយ​ប្រហារ​លើ​ខ្សែ​រថភ្លើង។

សាក្សី ឈូក រីន ត្រូវ​បាន​សហ​ព្រះរាជ​អាជ្ញា​សួរ​ដេញដោល​អំពី​ទំនាក់ទំនង​ការងារ និង​ការ​ទទួល​បញ្ជា​ផ្សេងៗ រវាង​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរក្រហម និង​រូប​គាត់ ចាប់​តាំង​ពី​ពេល​ចូល​តស៊ូ​រហូត​មក​ដល់​ពេល​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ក្រុង ដើម្បី​រក​ទំនាក់ទំនង​ជន​ជាប់​ចោទ នួន ជា។

សហ​សហ​ព្រះរាជ​អាជ្ញា​បាន​អាន​ឯកសារ​សក្ខីកម្ម​របស់​គាត់ ដែល​ធ្លាប់​បាន​បំភ្លឺ​ដល់​សហ​ចៅក្រម​ស៊ើប​អង្កេត កាល​ពី​អំឡុង​ពេល​ស៊ើប​អង្កេត ក្នុង​ឆ្នាំ​២០០៨ និង ២០០៩។

នៅ​ពេល​ដំបូង សាក្សី ឈូក រីន បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​ព្រះរាជ​អាជ្ញា​ទេ ដោយ​គាត់​លើក​ហេតុផល​ថា សុខភាព​គាត់​មិន​ល្អ គឺ​ឈឺ​ក ឈឺ​ក្បាល ហើយ​ភ្នែក​របស់​គាត់​មិន​អាច​អាន​ឯកសារ​បាន។

ទោះ​ជា​ដូច្នេះ​ក្ដី ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន សម្រេច​បន្ត​សវនាការ​ដោយ​លើក​ហេតុផល​ថា គ្រូ​ពេទ្យ​មិន​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អង្គ​ជំនុំជម្រះ​ផ្អាក​សវនាការ​ស្ដាប់​សាក្សី​រូប​នេះ​ទេ៖ «គ្រូពេទ្យ​បាន​ផ្ដល់​ការ​សន្និដ្ឋាន​មក​អង្គ​ជំនុំជម្រះ​ថា លោក​មាន​ការ​កត់​សម្គាល់​អំពី​ការ​ត្អូញត្អែរ​ថា ឈឺ​ក្បាល​ខាង​ស្ដាំ​ពេល​អង្គុយ ឬ​ពេល​ស្ដាប់​យូរ ហើយ​គាត់​បាន​ផ្ដល់​សេចក្ដី​សន្និដ្ឋាន​ថា សភាព​ជាក់​ស្ដែង​របស់​គាត់ គាត់​អាច​ចូល​រួម​​ស្ដាប់ និង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ក្នុង​សវនាការ​បាន។ នេះ​គឺ​ជា​មតិយោបល់​របស់​គ្រូពេទ្យ»

ក្រោយ​ការ​សម្រេច​របស់​ប្រធាន​អង្គ​ជំនុំជម្រះ សាក្សី ឈូក រីន ឆ្លើយ​នឹង​សំណួរ​សហ​ព្រះរាជ​អាជ្ញា ហើយ​សវនាការ​បាន​បន្ត​រហូត​ចប់។

សវនាការ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៣ ជន​ជាប់​ចោទ នួន ជា មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​ទេ គឺ​គាត់​តាម​ដាន​សវនាការ​នៅ​បន្ទប់​ឃុំ​ខ្លួន​ខាង​ក្រោម​សាល​សវនាការ លោក​ចៅក្រម និល ណុន ប្រកាស​ថា ដោយសារ​តែ​គាត់​បញ្ហា​អង្គុយ​មិន​បាន​យូរ។ សវនាការ​ស្ដាប់​សាក្សី ឈូក រីន នឹង​បន្ត​ទៅ​ថ្ងៃ​អង្គារ ទី​២៣ មេសា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។