សាក្សីក្នុងសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី១៣ ខែតុលា ប្រាប់អង្គជំនុំជម្រះសាលាដំបូងថា លោកបានចូលរួមក្នុងព្រឹត្តិការណ៍ដែលយោធាខ្មែរក្រហមសម្លាប់ទាហាន លន់ នល់ នៅខេត្តបាត់ដំបង។ ការអះអាងរបស់សាក្សី គឺនៅពេលដែលចៅក្រមសួរដេញដោលរករចនាសម្ព័ន្ធយោធានៅតំបន់នោះ។
សាក្សីជាអតីតសមាជិកយោធាខ្មែរក្រហម ឈ្មោះ ជាល ជឿន អះអាងថា លោកជាអ្នកយាមទាហានរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ដែលគេយកទៅបាញ់សម្លាប់ចោល នៅភ្នំធិបតី ក្នុងខេត្តបាត់ដំបង៖ «គឺគេយកអ្នកការពារហ្នឹងទៅមុន ហើយគេប្រាប់ថា ការពារទាហានទទួលសម្ដេច។ ដល់ពេលគេយកទាហានទទួលសម្ដេចហ្នឹងទៅ ពេលទាហានហ្នឹងកំពុងតែចុះដើរ អាហ្នឹងបានឮស្នូរអាវុធបាញ់ពីខ្នងទាហាន បណ្ដោយជួរទាហានហ្នឹង។ អ្នកដែលទៅការពារទាហានហ្នឹង មានអ្នកគ្រប់គ្រងនៅទីហ្នឹង គេរត់បញ្ជាទាហានដែលការពារហ្នឹងឲ្យបាញ់។ អាហ្នឹងខ្ញុំបានដឹងអ៊ីចឹង។ ហេតុការណ៍ហ្នឹង គឺនៅពេលដែលខ្មែរក្រហមបានជ័យជម្នះភ្លាម នៅក្នុងអំឡុងឆ្នាំ១៩៧៥។ ទាហាន លន់ នល់»។
លោក ជាល ជឿន បញ្ជាក់បន្ថែមថា ការបាញ់សម្លាប់ទាហាន លន់ នល់ គឺមិនយូរប៉ុន្មាន ក្រោយពេលដែលកងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះ ហើយចូលគ្រប់គ្រងអំណាចនៅខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពួកគេបានបញ្ឆោតទាហានទាំងនោះថា ឲ្យទៅទទួលសម្ដេចព្រះ នរោត្ដម សីហនុ។
ក្រៅពីការកាប់សម្លាប់ទាហានរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ពេលដែលគេទទួលបានជ័យជម្នះភ្លាមៗ នៅខែមេសា ឆ្នាំ១៩៧៥ នោះ មានសាក្សីជាច្រើននិយាយថា ពួកកម្មាភិបាលខ្មែរក្រហមនៅខេត្តបាត់ដំបង ក្នុងភូមិភាគពាយ័ព្យ ក៏បានបន្តការកាប់សម្លាប់ពលរដ្ឋកម្ពុជា ជាហូរហែបន្តទៀត នៅក្នុងរបបខ្មែរក្រហមនោះ។ ពួកគេបង្អត់បាយពលរដ្ឋខ្មែរដែលត្រូវបានជម្លៀសពីក្រុងភ្នំពេញ ហើយបង្ខំឲ្យពួកគេធ្វើការហួសកម្លាំង។
នៅឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហមនៅភូមិភាគពាយ័ព្យទាំងនោះ ត្រូវបានគណៈមជ្ឈិមបក្សកម្ពុជា ចោទថា ជាអ្នកក្បត់វិញម្ដង ហើយត្រូវបានគេចាប់ខ្លួន។ កម្មាភិបាលខ្លះត្រូវបានបញ្ជូនទៅសួរចម្លើយ និងសម្លាប់ចោលនៅមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង។
សាក្សី ជាល ជឿន ដែលក្រោយមកអង្គការដកឲ្យទៅធ្វើការជាកម្មករជួសជុលផ្លូវដែក ឆ្លើយតបអង្គជំនុំជម្រះនៅថ្ងៃទី១៣ តុលា ថា លោកមិនដឹងពីគម្រោងក្បត់របស់កម្មាភិបាលនៅភូមិភាគពាយ័ព្យទេ។ ប៉ុន្តែលោកបានដឹងអំពីការហ្វឹកហាត់ទាហានដោយលួចលាក់៖ «កម្មកររថភ្លើងហ្នឹង មិនថា ១៧ មិនថាមូលដ្ឋានអីទេ ឲ្យតែកម្មករទាំងចាស់ទាំងថ្មីហ្នឹង គេឲ្យហាត់បច្ចេកទេសសង្គ្រាមនៅតាមអង្គភាពរៀងៗខ្លួន។ បំបែកជាក្រុមៗ ហើយមិនឲ្យអង្គភាពដទៃឃើញ អាហ្នឹងខ្ញុំដឹង។ ពេលហ្នឹងគេអត់ប្រាប់ពីបុព្វហេតុអីមួយច្បាស់លាស់ផង គ្រាន់តែថា គេឲ្យហាត់ ហើយលាក់ការណ៍ឲ្យស្ងាត់ ហើយមិនឲ្យអង្គភាពផ្សេងទៀតដឹងទេ»។
ការកាប់សម្លាប់ពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហមនោះ រហូតមកដល់ពេលនេះ មិនមានមេដឹកនាំខ្មែរក្រហមណាទទួលខុសត្រូវទេ ហើយតែងតែទម្លាក់កំហុសដាក់គ្នា។ អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង បានទទួលស្គាល់ការទទួលខុសត្រូវការសម្លាប់នៅគុកទួលស្លែង។ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ជារឿយៗ ឆ្លើយថា មិនដឹង ហើយមិនទទួលខុសត្រូវការកាប់សម្លាប់នោះឡើយ។
លោក ជាល ជឿន នឹងត្រូវមកបន្តសក្ខីកម្មរបស់លោកទៀត នៅថ្ងៃច័ន្ទ ទី១៧ តុលា សប្ដាហ៍ក្រោយ។ បន្ទាប់ពីសាក្សីរូបនេះ អង្គជំនុំជម្រះគ្រោងស្ដាប់សក្ខីកម្មសាក្សីថ្មីមួយរូបទៀត ដែលមានឈ្មោះជាលេខកូដថា 2-TCW-1037៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
