សាលាក្ដី​ខ្មែរក្រហម​បន្ត​សវនាការ​លើ​អង្គហេតុ​សម្លាប់​ជនជាតិ​វៀតណាម​នៅ​កំពង់ឆ្នាំង

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២ ធ្នូ បន្ត​ធ្វើ​សវនាការ​ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប ស្ដីពី​ការ​សម្លាប់​ជនជាតិ​វៀតណាម។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​វ័យ ៧៣​ឆ្នាំ ឈ្មោះ ប្រាក់ ឌឿន ជម្រាប​អង្គ​ជំនុំជម្រះ​ពី​ហេតុការណ៍​ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ ដែល​​ពួក​ខ្មែរក្រហម​សម្លាប់​ជនជាតិ​វៀតណាម នៅ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។

ដើម​បណ្ដឹង​រដ្ឋប្បវេណី ប្រាក់ ឌឿន ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក​នៅ​តែ​តក់​ស្លុត នៅ​ពេល​ដែល​និយាយ​ពី​ការ​កាប់​សម្លាប់​ជនជាតិ​វៀតណាម ក្នុង​របប​ខ្មែរក្រហម ជា​ពិសេស ការ​សម្លាប់​កូន ប្រពន្ធ និង​ម្ដាយ​ក្មេក​របស់​លោក ដែល​ជា​ជនជាតិ​វៀតណាម៖ «ដល់​គេ​ហៅ​សាច់​ញាតិ​ដែល​ថា មាន​ប្ដី​ខ្មែរ មាន​ប្រពន្ធ​វៀតណាម​អ៊ីចឹង គេ​ឱ្យ​ទៅ​ទាំង​អស់។ ខ្ញុំ​រាប់​ទៅ​មាន ៧​គ្រួសារ។ មុន​នឹង​ពេល​ធ្វើ​ដំណើរ​ទៅ​គេ​អត់​ជេរ​វាយ​អី​ទេ។ ដើរ​ទៅ​តាម​សម្រួល។ ពេល​ល្វើយ​វា​ឱ្យ​ឈប់​តាម​ត្រពាំង​តាម​ថ្លុក។ ប៉ុន្តែ​ទៅ​ពេល​យប់ ពេល​ទៅ​ដល់​កន្លែង​កើត​ហេតុ​ហ្នឹង វា​ឱ្យ​ខ្ញុំ​បាទ​នៅ​មួយ​កន្លែង​សិន។ កន្លែង​នោះ​គេ​ហៅ​ថា មេ​លុំ​ទួលរកា ជា​កន្លែង​ដែល​ធ្វើ​ទារុណកម្ម​សម្លាប់។ ពេល​មេកង​ដើរ​ទៅ ខ្ញុំ​កំពុង​បោក​ស្រូវ​ស្រាប់​តែ​ពោល​ថា គ្រួសារ​គេ​កម្ទេច​អស់​ហើយ។ ដល់​ព្រឹក​ឡើង​បាន​ខ្ញុំ​ដឹង​ថា គេ​កម្ទេច​អស់​ហើយ អា​កូន​នោះ​គេ​លើក​ឡើង​ទៅ​លើ គេ​រង​នឹង​ចំពុះទុង​ចាក់​យក​បណ្ដោយ។ យំ​យ៉ាង​ណា​ទេ មិន​ជា​ឈាម​យ៉ាង​ណា​ទេ សុំ​មេត្តា​ជួយ ខ្ញុំ​នៅ​មាន​អារម្មណ៍​តក់​ស្លុត​ណាស់»

លោក ប្រាក់ ឌឿន ជា​ជន​ជាតិ​ខ្មែរ កើត​នៅ​ភូមិ​កំពង់​ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ កំពង់ឆ្នាំង បាន​រៀបការ​ប្រពន្ធ​ទី​មួយ​របស់​លោក​ជា​ជនជាតិ​វៀតណាម ឈ្មោះ ប៊ូ សំបាន នៅ​សម័យ​សម្ដេច សីហនុ ក្នុង​ឆ្នាំ​១៩៦៦។ ប្រពន្ធ​លោក​កើត​នៅ​ឃុំ​ស្រុក​ជាមួយ​គ្នា ​ចេះ​និយាយ​ខ្មែរ​ច្បាស់ តែ​ម្ដាយ​ក្មេក​របស់​លោក​និយាយប៉ៃឡាំ។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ​បញ្ជាក់​ថា ហេតុការណ៍​មុន​ពេល​ដែល​នាំ​ឱ្យ​ខ្មែរ​ក្រហម​សម្លាប់​ប្រពន្ធ​របស់​លោក និង​សមាជិក​គ្រួសារ​ប្រាំមួយ​ផ្សេង​ទៀត​នោះ គឺ​លោក​ឮ​ពួក​ខ្មែរក្រហម​ចោទ​ជនជាតិ​វៀតណាម ទាំង​នោះ​ថា ជា​ជន​ស៊ីរូង​ផ្ទៃ​ក្នុង​នៅ​សង្គម​កម្ពុជា៖ «ខ្ញុំ​បាទ​បាន​ឮ​សម្ដី​ប្រធាន​កង​ថា កម្លាំង​ដែល​ត្រូវ​គេ​ប្រមូល​បងប្អូន​ប្រជាជន​វៀតណាម​ហ្នឹង ដើម្បី​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ខ្លួន​វិញ​ហើយ។ គេ​ក៏​ប្រកាស​ដែរ​ថា បើ​នរណា​ចង់​ទៅ ឆាប់​ទៅ​ឱ្យ​ហើយ តែ​ដោយសារ​ប្រពន្ធ​ខ្ញុំ​ថា មិន​ព្រម​ទៅ​ទេ នៅ​ងាប់​ជា​មួយ​ប្ដី​ហ្នឹង ក៏​សុខ​ចិត្ត​នៅ​ងាប់​មែន​ដូច​ពាក្យ​ប្រពន្ធ​ខ្ញុំ​ថា។ ឃើញ​គេ​បញ្ជូន​វៀតណាម ប្រហែល​ម្ភៃ​ទៅ​សាមសិប​នាក់​តាម​ទូក​មួយ​នៅ​សហករណ៍ ទៅ​ប្រទេស​វៀតណាម វិញ។ នៅ​សល់​ម្នាក់ គឺ​ឈ្មោះ​នារី អាំ។ គេ​ប្រាប់​ថា ម៉ែ​ឪ​គេ​បញ្ជូន​ទៅ​អស់​មុន នៅ​សល់​តែ​មួយ គេ​យក​មក​ទុក​នៅ​សហករណ៍​ខ្ញុំ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​មិត្ត​កងទ័ព​ហ្នឹង​គេ​ប្រាប់​ថា "មិត្ត​ឯង​កុំ​និយាយ​វៀតណាម​តទៅ​ទៀត។ និយាយ​ជា​ភាសា​មួយ​គត់​ទៅ គឺ​ភាសា​ខ្មែរ»

ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​វៀតណាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ រួម​មាន​ការ​ធ្វើ​បាប និង​ការ​កាប់​សម្លាប់ គឺ​ឋិត​ក្នុង​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ នៅ​ក្នុង​សំណុំរឿង​លេខ ០០២ វគ្គ ២ ប្រឆាំង​នឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​កំពុង​ធ្វើ​សវនាការ​នៅ​ពេល​នេះ។

ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​វៀតណាម នេះ​ដែរ សាក្សី​ខ្លះ​អះអាង​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា មាន​គោល​នយោបាយ​របស់​ខ្លួន ចាត់​ទុក​ជនជាតិ​វៀតណាម​ថា ជា​សត្រូវ​ទី​១ ហើយ​បញ្ជា​ឱ្យ​សម្លាប់។

ដើម​បណ្ដឹង​រដ្ឋប្បវេណី ប្រាក់ ឌឿន ជម្រាប​អង្គ​ជំនុំជម្រះ​ថា ការ​ប្រមូល​ជនជាតិ​វៀតណាម ដែល​រៀបការ​ជា​មួយ​ជនជាតិ​ខ្មែរ គឺ​គេ​សម្លាប់​ទាំង​កូន បើ​កូន​នោះ​មាន​ម្ដាយ​ជា​វៀតណាម។

ការ​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ប្រាក់ ឌឿន ទាក់ទង​នឹង​ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ខេត្ត​កំពង់ឆ្នាំង នេះ នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ធ្នូ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។