អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារ ទី១៥ ធ្នូ បានស្ដាប់សាក្សីថ្មីមួយរូបទៀត ទាក់ទងនឹងអង្គហេតុសម្លាប់ជនជាតិវៀតណាម នៅខេត្តសៀមរាប កាលពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សាក្សីថ្មីវ័យ ៧៩ឆ្នាំ ឈ្មោះ អ៊ី វុន ជម្រាបអង្គជំនុំជម្រះសាលាដំបូងថា លោកបានដឹងអំពីរឿងពួកខ្មែរក្រហមសម្លាប់ជនជាតិវៀតណាម នៅវត្តខ្សាច់ ក្នុងភូមិយាង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ជាពិសេស ករណីសម្លាប់ស្ត្រីជនជាតិវៀតណាម ឈ្មោះ ចន្ថា៖ «ក្នុងឆ្នាំ១៩៧៨ មានសម្លាប់វៀតណាម ទេតើ! សម្លាប់តា ឃុត តាអី។ តា ឃុត នោះសម្លាប់នៅកន្លែងផ្សេងទេ។ បើ ចន្ថា នោះបានសម្លាប់នឹងវត្តខ្សាច់។ តើលោកស្គាល់គ្រួសារនាងទេ ជាពិសេសយាយតានាង? ខ្ញុំស្គាល់ឈ្មោះតា ឃុត បើម្ដាយគាត់វៀតណាម នោះខ្ញុំអត់ស្គាល់ផង។ គេហៅតែយាយហាយៗ ហើយ ចន្ថា នោះកូនចិញ្ចឹមទេ។ ឪពុកវាឈ្មោះ ហ៊ីវ ប៉ុន្តែយាយហាយ គាត់យកមកចិញ្ចឹម។ ស្រាប់តែគេប្រមូលយកទៅតែម្ដង។ រយៈបីថ្ងៃក្រោយ ខ្ញុំធ្វើជាដើររកគោ ស្រាប់តែទៅឃើញអន្លង់ដែលគេកប់ ឃើញដំបងដែលគេវាយ។ មានអ្នកដទៃទៀតទេតើ! អ្នកគោកក្រោម អ្នកឯណាៗ ដែលគេយកមក។ មួយចំណោមដែលគេយកមកនោះ ឃើញនៅរស់មួយ។ គាត់ឆ្លើយថា គាត់ជាតិចិន»។
សាក្សី អ៊ី វុន ដែលអតីតជាសមាជិកគណៈភូមិ និងជាគ្រូខ្មែរ គឺជាសាក្សីទី៣ ហើយ ដែលមកផ្ដល់សក្ខីកម្មអំពីហេតុការណ៍សម្លាប់ជនជាតិវៀតណាម នៅក្នុងភូមិយាងនេះ។ បន្ទាប់ពីសាក្សីរូបនេះ នៅព្រឹកថ្ងៃទី១៦ ធ្នូ អង្គជំនុំជម្រះសាលាដំបូងនឹងស្ដាប់សាក្សីថ្មីមួយរូបទៀត ដែលមានលេខកូដថា 2TCW1000៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
