សាក្សី​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ថា ជនជាតិ​ចាម​ជា​គោលដៅ​ចុង​ក្រោយ​ត្រូវ​កម្ទេច

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលា​ដំបូង នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ចន្ទ ទី​១៤ កញ្ញា បន្ត​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ថ្មី​មួយ​ទៀត ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​របស់​ក្រុម​ខ្មែរក្រហម​ទៅ​លើ​ជនជាតិ​ចាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សាក្សី​ឈ្មោះ សេង ស៊្រុន ជា​បុគ្គល​ម្នាក់​ដែល​នៅ​ក្នុង​ព្រឹត្តិការណ៍​ចាប់​ជនជាតិ​ចាម យក​ទៅ​មន្ទីរ​សន្តិសុខ​វត្ត​អូរត្រកួន ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម។

សាក្សី សេង ស៊្រុន ផ្ដល់​សក្ខីកម្ម​ដល់​អង្គ​ជំនុំជម្រះ​សាលាដំបូង​​សាលាក្ដី​ខ្មែរក្រហម​ថា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ មនុស្ស​ដែល​ជា​ទិសដៅ​សម្លាប់​របស់​ពួក​ខ្មែរក្រហម មិន​មែន​ជា​ជនជាតិ​ចាម​ទេ នៅ​ក្នុង៖ «បងប្អូន​ចាម​ហ្នឹង គឺ​កម្ទេច​ក្រោយ​គេ​បង្អស់។ ទី​មួយ គឺ​គេ​កម្ទេច​ប្រជាពលរដ្ឋ ដែល​គេ​ហៅ​ថា ប្រជាជន​ថ្មី ឬ​ប្រជាជន ៧៥ ហើយ​និង​អ្នក​ដែល​ជាប់​ជា​មន្ត្រី​រាជការ​ពី​សម័យ​សង្គម​រាស្ត្រ​និយម ក៏​ដូច​ជា​សម័យ លន់ នល់ ហ្នឹង​ដែរ។ តែ​ចំពោះ​បង​ប្អូន​ចាម​នេះ​ជា​ជំហាន​ចុង​ក្រោយ ដែល​គេ​កម្ទេច​ក្រោយ​គេ​បង្អស់»

លោក សេង ស៊្រុន ជា​អ្នក​ឡើង​ត្នោត​នៅ​ជិត​វត្ត​អូរត្រកួន ដែល​ជា​មន្ទីរ​សន្តិសុខ​មួយ​នៅ​ក្នុង​ស្រុក​កងមាស ខេត្ត​កំពង់ចាម។ លោក​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩៧០ មាន​ជនជាតិ​ចាម រស់​នៅ​រាប់​ពាន់​នាក់​នៅ​ក្នុង​តំបន់​នោះ។ លោក​បន្ត​ថា នៅ​ឆ្នាំ ១៩៧៦ ជនជាតិ​ចាម​ត្រូវ​គេ​បំបែក​ឱ្យ​មក​រស់​នៅ​តាម​ភូមិ​នានា ជាមួយ​ជនជាតិ​ខ្មែរ។

លោក​បន្ត​ថា នៅ​នៅ​ដើម​ឆ្នាំ ១៩៧៧ ពួក​ឈ្លប​ឃុំ​របស់​ខ្មែរក្រហម ដែល​មាន​ឈ្មោះ​ពួក​ដាវ​វែង​ បាន​ចាប់​ជនជាតិ​ចាម ទាំង​អស់ ​យក​ទៅ​សម្លាប់​នៅ​វត្ត​អូរ​ត្រកួន​នោះ៖ «គេ​នាំ​ខ្ញុំ​ទៅ​ដល់​ជិត​ថ្នល់​ហ្នឹង ស្រាប់​តែ​ខ្ញុំ​ឃើញ​គេ​ចាប់​បងប្អូន​ចាម​ហ្នឹង។ បើ​នារី​ខ្លះ គាត់​នៅ​ចោមពុង​ងូត​ទឹក​ឱ្យ​កូន ស្រាប់​តែ​គេ​ចាប់​ប្រទាញប្រទង់​យក​មក​ផ្លូវ នៅ​ខ្លោងទ្វារ​វត្ត​ហ្នឹង គេ​ឱ្យ​ខ្ញុំ​អ្នក​មើល​បងប្អូន​ចាម​ហ្នឹង។ គេ​អ្នក​ដើរ​ចាប់ គេ​យក​មក​ផ្លូវ​ហ្នឹង​ឱ្យ​ខ្ញុំ​អ្នក​មើល ហើយ​គេ​ប្រាប់​ថា បើ​បងប្អូន​ចាម​រត់​រួច មិត្ត​ឯង​ក៏​មិន​រស់​ដែរ»

ក្រោយ​ការ​ចាប់​បោស​សម្អាត​ពី​តាម​ភូមិ​អស់​ហើយ ពួក​ឈ្លប​ដាវ​វែង​បញ្ជា​លោក​ឱ្យ​បណ្ដើរ​អ្នក​ទាំង​នោះ​ទៅ​ព្រះវិហារ ក្នុង​វត្ត​អូរត្រកួន ដែល​ជា​កន្លែង​ឃុំឃាំង និង​សម្លាប់​មនុស្ស៖ «ព្រឹត្តិការណ៍​ដែល​ខ្ញុំ​ឃើញ​នឹង​ភ្នែក បងប្អូន​ដែល​ជា​បុរសៗ មុន​នឹង​ឡើង​ទៅ​លើ​វិហារ គែ​វាយ​គាត់​មួយ​ដែកៗ។ ដែក​ហ្នឹង​ប្រហែល​ជា​ធំ​ជាង​មេដៃ​បន្តិច។ គេ​វាយ​គាត់​អ៊ីចឹង​ទៅ ដើម្បី​បំបាក់​ស្មារតី​កុំ​ឱ្យ​គាត់​មាន​ការ​បះបោរ​នៅ​ក្នុង​វិហារ។ តែ​បងប្អូន​ចាម​ស្រីៗ ហ្នឹង គេ​អត់មាន​វាយតប់​អី​ទេ ហើយ​ក្មេង​តូចៗ ដែល​គ្នា​ឡើង​ជណ្ដើរ​មិន​រួច ពួក​សន្តិសុខ​នៅ​អូរត្រកួន​ហ្នឹង វា​រុញ​ច្រាន។ ខ្លះ​ដួល​យំ​ពេញ​វិហារ ក្មេង​តូចៗ ហ្នឹង។ អា​ហ្នឹង​ព្រឹត្តិការណ៍​ដែល​ទៅ​ដល់​វិហារ​ហ្នឹង ខ្ញុំ​ឃើញ​គឺ​អ៊ីចឹង»

សាក្សី សេង ស៊្រុន អះអាង​ថា ចំនួន​ជនជាតិ​ចាម ដែល​គេ​ចាប់​ក្នុង​ភូមិ​សំបួរមាស ឃុំ​ពាមជីកង មាន​ប្រហែល​ពី ៤០០ ទៅ ៥០០​នាក់។ លោក​សន្និដ្ឋាន​ថា ក្រោយ​ការ​សម្លាប់ សាកសព​ជនជាតិ​ចាម ទាំង​នោះ ត្រូវ​បាន​គេ​កប់​នៅ​ក្នុង​រណ្ដៅ​ចំនួន​ប្រាំ ដែល​មាន​ទំហំ ១០​ម៉ែត្រ​បួន​ជ្រុង និង​ជម្រៅ​ត្រឹម​ក។ លោក​ក៏​ប៉ាន់​ស្មាន​ថា តួលេខ​មនុស្ស​ទាំង​អស់​ដែល​គេ​យក​ទៅ​សម្លាប់​នៅ​វត្ត​អូរត្រកួន ឃុំ​ពាមជីកង ខេត្ត​កំពង់ចាម មាន​ចំនួន​ចន្លោះ​ពី ១៥.០០០ ទៅ ២០.០០០​នាក់ ហើយ​មិន​អាច ៣០.០០០​នាក់​ទេ ដូច​សាក្សី​មុន​ជម្រាប​អង្គ​ជំនុំជម្រះ​ទេ។

សក្ខីកម្ម​របស់​សាក្សី សេង ស៊្រុន នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​កញ្ញា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។