សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​ស្ដីពី​ការ​សម្លាប់​ជនជាតិ​វៀតណាម​នៅ​ខេត្ត​ព្រៃវែង

ដោយ ឡេង ម៉ាលី
2016-01-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ដើម​បណ្ដឹង ដូង អឿន ២០១៦ ៨៥៥
ដើម​បណ្ដឹង​រដ្ឋប្បវេណី ឈ្មោះ ដូង អឿន ថ្លែង​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
Photo courtesy of ECCC

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម រហូត​មក​ដល់​ពេល​នេះ នៅ​បន្ត​សវនាការ​ស្ដាប់​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី អំពី​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​វៀតណាម នៅ​ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ ជា​ពិសេស ការ​ចាប់​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រៃវែង ហើយ​បាត់​ខ្លួន​រហូត។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​វ័យ ៧៥​ឆ្នាំ ឈ្មោះ ដូង អឿន ថ្លែង​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង នៅ​ថ្ងៃ​ទី​២៥ មករា ថា លោកស្រី​ទទួល​រង​ការ​ឈឺ​ចាប់​រហូត​មក​ដល់​សព្វថ្ងៃ​ដោយសារ​តែ​ពួក​ខ្មែរក្រហម​ធ្វើ​បាប​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

ការ​ថ្លែង​ទុក្ខសោក​របស់​លោកស្រី ដូង អឿន គឺ​ធ្វើ​​នៅ​បន្ទាប់​ពី​លោកស្រី​បញ្ចប់​សក្ខីកម្ម​របស់​ខ្លួន​នៅ​ពេល​រសៀល៖ «ប្រើ​ខ្ញុំ​នេះ​ប្រើ​គ្មាន​ទំនេរ​ទេ។ គ្មាន​បាន​នៅ​ស្រុក​នៅ​ភូមិ​នឹង​គេ​ទេ។ ដើរ​តែ​ជីក​ព្រែក ជីក​ដី ដក​ស្ទូង​មិន​ដែល​ទំនេរ​ទេ។ ខ្ញុំ​ឈឺ​ចិត្ត​ឆ្អែត​ត្រង់​ហ្នឹង​ណាស់ ព្រោះ​ប្ដី កូន​ខ្ញុំ​បាត់​អស់​រលីង​ហើយ។ ខ្ញុំ​ឈឺ​ចាប់! ខ្ញុំ​ដេក​ទៅ​នឹក​ឃើញ​ប្ដី កូន សព្វ​បែប​សព្វ​យ៉ាង ណា​មួយ​ទៀត​អត់​ពី​ប្ដី​ទៅ​វេទនា​នៅ​ម្នាក់​ឯង រកស៊ី​ចិញ្ចឹម​កូន។ បើ​ថា​មាន​ទៅ ឯង​ក្រ​ទៀត»

សក្ខីកម្ម​របស់​លោកស្រី ដូង អឿន គឺ​ទាក់ទង​នឹង​ការ​ចាប់​បោសសម្អាត​ជនជាតិ​វៀតណាម នៅ​ភូមិ​ពោធិ៍ចិន្ដាំ ឃុំ​ស្វាយអន្ទរ ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ លោកស្រី​ឱ្យ​ដឹង​ថា ប្ដី​របស់​លោកស្រី​ឈ្មោះ ទេព យន់ ហៅ ជុយ ដែល​ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​ពួក​ខ្មែរក្រហម​ចាប់​យក​ទៅ នៅ​ឆ្នាំ​១៩៧៧ ហើយ​បាត់​ដំណឹង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដូង អឿន អំពី​ប្ដី​លោកស្រី គឺ​ជា​សក្ខីកម្ម​បន្ថែម​លើ​សាក្សី​មុនៗ ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​វៀតណាម រៀបការ​ជាមួយ​ខ្មែរ ៤​គ្រួសារ​នៅ​ស្រុក​ស្វាយអន្ទរ ក្នុង​ខេត្ត​ព្រៃវែង។ សាក្សី​ជា​ច្រើន​នាក់​សុទ្ធតែ​អះអាង​ដូច​គ្នា​ថា ពួក​ខ្មែរក្រហម​មាន​គោលនយោបាយ​សម្លាប់​ផ្ដាច់​ពូជ​ជនជាតិ​វៀតណាម ដែល​រស់​នៅ​លើ​ទឹកដី​កម្ពុជា។ អាជ្ញាធរ​ខ្មែរ​ក្រហម​បាន​ប្រមូល​យក​ទាំង​កូន ប្រសិន​បើ​មាន​ម្ដាយ​ជា​ជនជាតិ​វៀតណាម។ បើ​ឪពុក​ជា​ជនជាតិ​វៀតណាម គឺ​គេ​ទុក​កូន​ឱ្យ​នៅ​រស់​ជា​មួយ​ម្ដាយ​ជា​ខ្មែរ ដូច​ជា​ករណី​លោកស្រី ដូង អឿន។

លោកស្រី ដូង អឿន ថ្លែង​ថា លោកស្រី​ធ្លាប់​ប្រាប់​ប្ដី​លោកស្រី​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ ប៉ុន្តែ​ប្ដី​របស់​លោកស្រី​បដិសេធ ព្រោះ​មិន​ដាច់​ចិត្ត​ពី​កូន៖ «គាត់​ថា គាត់​មិន​ទៅ​ទេ... ដាច់ខាត​គាត់​មិន​ទៅ​ទេ! ព្រោះ​នៅ​ក៏​ងាប់​នៅ​ស្រុក​ខ្មែរ​ទៅ ជុំ​កូន​ជុំ​ចៅ។ គាត់​មិន​ទៅ​ទេ ម្នាក់​ឯង​នោះ។ គាត់​ថា​អ៊ីចេះ។ ខ្ញុំ​ថា ឱ្យ​ទៅៗ គេ​ទៅ​លាន់​ហើយ​ម្ដេច​មិន​ទៅ? គាត់​ថា គាត់​មិន​ទៅ​ទេ ទៅ​ចោល​កូន​ចោល​ចៅ គាត់​មិន​ទៅ​ទេ សុខ​ចិត្ត​នៅ​ងាប់​ស្រុក​ខ្មែរ​ចុះ!»

អង្គហេតុ​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​វៀតណាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម​ចាត់​ចូល​ជា​បទ​ប្រល័យ​ពូជសាសន៍ ហើយ​ចោទ​ប្រកាន់​លើ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​រូប គឺ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន។ ជន​ជាប់​ចោទ នួន ជា ជា​អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជន​ជាប់​ចោទ ខៀវ សំផន ជា​អតីត​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដែល​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា ជិត ២​លាន​នាក់​បាត់បង់​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល