អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី៩ ខែធ្នូ បានបញ្ចប់ការស្ដាប់សាក្សី ព្រំ សារុន អំពីការសម្លាប់ជនជាតិវៀតណាម នៅខេត្តបាត់ដំបង។ អង្គជំនុំជម្រះបន្តស្ដាប់សាក្សីថ្មីមួយរូបទៀត ទាក់ទងនឹងការសម្លាប់ជនជាតិវៀតណាម នៅឯខេត្តសៀមរាប។
សាក្សីថ្មីវ័យ ៦៤ឆ្នាំ គឺលោក អ៊ុំ ស៊ន់ អះអាងនៅក្នុងសវនាការអង្គជំនុំជម្រះសាលាដំបូងថា កាលពីក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោកបានលួចមើលឃើញពួកខ្មែរក្រហមយកគ្រួសារជនជាតិវៀតណាម ទៅសម្លាប់នៅវត្តខ្សាច់ ក្នុងភូមិយាង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប៖ «សុទ្ធតែជនជាតិវៀតណាម ដែលគេសម្លាប់នោះ។ ឃើញបណ្ដើរនោះ អ្នកដែលគេបណ្ដើរនោះចងក្រពាត់ស្លាបសេក។ គេដើរបណ្ដើរឆ្វេងស្ដាំ តែអ្នកវាយគេចាំវាយត្រង់មាត់ទ្វារ ដែលនៅបៀតអន្លង់នោះ។ គេចាំវាយតែម្នាក់នោះ។ អ្នកបណ្ដើរគេយកទៅក៏ដាក់ភូស ហើយគេក៏ទៅវិញទៅ ទៅយកមួយទៀត។ ពួកនោះមិនមែនពួកយោធាទេ។ ពួកនោះ គឺពួកឈ្លបកាន់ក្ដាប់កន្លែងនោះឯង។ ខ្ញុំស្គាល់ទាំងមនុស្សអ្នកវាយទៀត។ មនុស្សមួយឈ្មោះ ឃត មនុស្សមួយទៀតឈ្មោះ មុយ។ ប៉ុន្តែបច្ចុប្បន្ននេះស្លាប់អស់ហើយ។ កូនង៉ាក្មេងតូច គេចាប់ជើងទាំងបាន គេបោកនឹងដើមដូង។ គេវាយផាំង! គេបោះព្រូសទៅលើខ្មោចដែលគេសម្លាប់រួចហើយ»។
ចម្លើយសាក្សី អ៊ុម ស៊ន់ គឺជាសក្ខីកម្មបន្ថែមលើសក្ខីកម្មរបស់សាក្សីឈ្មោះ សៀន ស៊ង់ កាលពីចុងខែតុលា ដែលបញ្ជាក់ថា បានឃើញករណីសម្លាប់ជនជាតិវៀតណាម ជាមួយលោកដែរ។ ទាំងសាក្សី អ៊ុម ស៊ន់ ដូចគ្នានឹងសាក្សី សៀន ស៊ង់ ដែរ អះអាងថា បានឃើញពួកខ្មែរក្រហមវះយកប្រមាត់ជនជាតិវៀតណាម ឈ្មោះ ចន្ថា ដែលលោកធ្លាប់ស្គាល់ច្បាស់៖ «ចៅយាយម៉ានោះ គេពុំយកប្រមាត់ គឺ ចន្ថា។ ស្រីក្រមុំ គេពុំយកប្រមាត់មែននុះឯង។ ឃើញប្រមាត់គេដាក់ព្យួរនឹងធាងដូងមួយចង្កោម។ យកតែស្រីក្រមុំៗ ទេប្រមាត់នោះ។ វះនោះមិនមែនវះតែម្នាក់ទេ។ វះច្រើន ប្រមាត់ឡើងមួយត្រណោត។ មួយចង្កោមដោតដែកលួសទៀត។ ពាក់នឹងជញ្ជាំង។ ចំពោះដែលខ្ញុំឃើញ គឺខ្ញុំឃើញ តែត្រង់គេយកប្រើការអ្វី ខ្ញុំអត់ដឹងទេ»។
សាក្សីរូបនេះថ្លែងថា លោកមិនអាចដឹងច្បាស់ថា ចំនួនជនជាតិវៀតណាម ដែលពួកកងឈ្លបខ្មែរក្រហមសម្លាប់នៅពេលនោះ មានប៉ុន្មាននាក់ពិតប្រាកដទេ។ លោកប៉ាន់ប្រមាណថា អាចមានចំនួន ២៥នាក់។
ទោះជាមានសាក្សីពីររូបផ្ដល់សក្ខីកម្មដូចគ្នាយ៉ាងនេះក្ដី ក៏មិនអាចធ្វើឱ្យមេធាវីជនជាប់ចោទ នួន ជា គឺលោក វិកទ័រ កូប៉េ (Victor Koppe) ទទួលយកបានទេ៖ «ខ្ញុំមិនជឿថា លោកឃើញការសម្លាប់នោះទេ»។
ទាក់ទងនឹងការជំទាស់របស់លោក វិកទ័រ កូប៉េ ត្រូវបានប្រធានអង្គជំនុំជម្រះ លោកចៅក្រម និល ណុន បង្អាក់មិនឱ្យជំទាស់បន្តទេ ដោយលោកចាត់ទុកថា លោក វិកទ័រ កូប៉េ ធ្វើសេចក្ដីសន្និដ្ឋានលើសក្ខីកម្មពាក់កណ្ដាលទី។
សក្ខីកម្មរបស់សាក្សី អ៊ុម ស៊ន់ នៅមិនទាន់បានបញ្ចប់ទេ ហើយអង្គជំនុំជម្រះនឹងស្ដាប់សក្ខីកម្មនេះបន្តទៀត នៅថ្ងៃសុក្រ ទី១១ ខែធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
