សមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) បើកសិក្ខាសាលាហ្វឹកហ្វឺនតំណាងដើមបណ្ដឹងរដ្ឋប្បវេណីក្នុងរឿងក្ដីខ្មែរក្រហម មកពីខេត្តក្រុងចំនួន២៤ ដើម្បីផ្សព្វផ្សាយអំពីកេរដំណែល និងបទពិសោធន៍នៅសាលាក្ដីខ្មែរក្រហម។
តំណាងដើមបណ្ដឹងរដ្ឋប្បវេណីក្នុងរឿងក្ដីខ្មែរក្រហមចំនួន ៤៦នាក់ ក្នុងចំណោមតំណាងដើមបណ្ដឹងរដ្ឋប្បវេណីសរុប ១២០នាក់ នៅតាមខេត្តក្រុង ទទួលការហ្វឹកហ្វឺនពីសមាគមការពារសិទ្ធិមនុស្សអាដហុក រយៈពេល ២ថ្ងៃ អំពីវិធីសាស្ត្រសម្របសម្រួលកិច្ចពិភាក្សានៅតាមសហគមន៍ លើកេរដំណែលសាលាក្ដីខ្មែរក្រហម។
បញ្ជាក់បន្ថែមនៅឯសិក្ខាសាលាថ្ងៃទី២៦ មិថុនា ប្រធានគម្រោងសាលាក្ដីខ្មែរក្រហម នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឡាត់ គី មានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាការជួបជុំរបស់តំណាងដើមបណ្ដឹងរដ្ឋប្បវេណីក្នុងរឿងក្ដីខ្មែរក្រហម ដើម្បីសិក្សាអំពីការបន្សល់ទុក ឬកេរដំណែលវិជ្ជមានរបស់សាលាក្ដីខ្មែរក្រហមក្នុងរយៈពេល ៥ឆ្នាំ ដែលសមាគមអាដហុក បង្កើតយន្តការសម្រាប់ដើមបណ្ដឹងរដ្ឋប្បវេណី ចូលរួមប្រកបដោយអត្ថន័យក្នុងការស្វែងរកយុត្តិធម៌៖ «សំឡេង»។
លោកថ្លែងទៀតថា ការចែករំលែក និងផ្ទេរបទពិសោធន៍មេរៀនរបស់តំណាងដើមបណ្ដឹងរដ្ឋប្បវេណីដល់សហគមន៍ គឺជួយឱ្យមានសាមគ្គីភាព និងធូរស្បើយពីភាពអយុត្តិធម៌ក្នុងសហគមន៍។ លោកបន្តថា ការចែករំលែក និងផ្ទេរបទពិសោធន៍របស់តំណាងដើមបណ្ដឹងរដ្ឋប្បវេណី ក៏ជួយក្នុងការស្ដារប្រព័ន្ធយុត្តិធម៌នៅតាមមូលដ្ឋានដែរ។
តំណាងដើមបណ្ដឹងរដ្ឋប្បវេណីមួយរូប គឺលោក ស៊ុំ រិទ្ធី មានប្រសាសន៍ថា ការបង្កើតឱ្យមានកិច្ចពិភាក្សាអំពីការជំនុំជម្រះនៅសាលាក្ដីខ្មែរក្រហមនៅតាមសហគមន៍កន្លងមក លោកទទួលបានការគាំទ្រច្រើន ព្រោះអ្នកចូលរួមបានទទួលព័ត៌មាន និងយល់អំពីផលប្រយោជន៍នៃការចូលរួមជាដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម៖ «សំឡេង»។
សមាគមអាដហុក បានបញ្ចប់គម្រោងសម្របសម្រួលឱ្យមានកិច្ចពិភាក្សាអំពីសាលាក្ដីខ្មែរក្រហម នៅតាមសហគមន៍ចំនួន៤៥លើករួចមកហើយ ហើយសិក្ខាសាលាលើកនេះ ក៏នឹងហ្វឹកហ្វឺនអំពីវិធីសាស្ត្រសម្របសម្រួលឱ្យមានកិច្ចពិភាក្សាតាមសហគមន៍ចំនួន៤៥បន្ថែមទៀត នៅក្នុង ២៤ខេត្តក្រុងទូទាំងប្រទេស។
សាលាក្ដីខ្មែរក្រហម បានបញ្ចប់ការជំនុំជម្រះសំណុំរឿងលេខ០០២ វគ្គ១ កាលពីខែកក្កដា ឆ្នាំ២០១៣ ហើយគ្រោងប្រកាសសាលក្រមអំពីករណីនេះ នៅថ្ងៃទី៧ ខែសីហា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
