របាយការណ៍របស់អ្នកជំនាញ ដែលតែងតាំងដោយតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហម បានបង្ហាញរបាយការណ៍ខុសគ្នា លើការវាយតម្លៃក្នុងរយៈពេល៦ខែកន្លងមក។
អ្នកជំនាញអន្តរជាតិក្នុងក្រុមរបស់សាស្ត្រាចារ្យ ចន ខេមប៊ែល (John Campbell) ដែលមានក្រុមវេជ្ជបណ្ឌិតជំនាញវិកលចរិត និងជំងឺមនុស្សចាស់ បានរាយការណ៍ថា អាការៈជំងឺវង្វេងស្មារតីរបស់ជនជាប់ចោទ អៀង ធីរិទ្ធ វ័យ៨០ឆ្នាំ មិនបានធូរស្រាលទេ ទោះជាមានការព្យាបាលដោយប្រើកម្មវិធី និងថ្នាំបង្កើនបញ្ញាស្មារតីរយៈពេល៦ខែមកហើយក្ដី។
ក៏ប៉ុន្តែ វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា និងជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ អ្នកស្រី ចក់ ធីតា បានលើកឡើងថា ជនជាប់ចោទ អៀង ធីរិទ្ធ គាត់មិនមានសញ្ញាណាមួយទាក់ទងនឹងវិកលចរិតទេ។
តាមការធ្វើតេស្ដរបស់អ្នកស្រីវេជ្ជបណ្ឌិត គឺជនជាប់ចោទ អៀង ធីរិទ្ធ នៅស្គាល់ចៅ ដឹងទីកន្លែងកំពុងរស់នៅ និងអំពីការថែរក្សាខ្លួនផង។
សវនាការស្ដាប់ការវាយតម្លៃរបស់អ្នកជំនាញនៅមិនទាន់បញ្ចប់ទេ ហើយត្រូវនឹងបន្តទៅថ្ងៃទី៣១ សីហា ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។